កាល​ពី​យប់​ថ្ងៃ​ចន្ទ​ ទី​ ១៨ មេសា​ កង​យោធា​អ៊ីស្រាអែល​បាន​ធ្វើ​ការ​បាញ់​ទម្លាក់​គ្រាប់​រ៉ុក្កែ​ត​ ​បាញ់​ដោយ​ក្រុម​ឧទ្ទាម​នៅ​ក្នុង​តំបន់​ហ្គាហ្សា​ ​ខណៈ​ពេល​ដែល​ភាព​តាន​បន្ត​កើន​ឡើង​បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​រវាង​ជនជាតិ​ប៉ាឡេស្ទីន និង​ប៉ូលិស​អ៊ីស្រាអែល​ នៅ​ទី​សក្ការ​សំខាន់​បំផុត​ក្នុង​ក្រុងហ្ស៊េរុយ​សាឡិម​​។

គ្មាន​ក្រុម​ណា​មួយ​ប្រកាស​ចេញ​មុខ​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុកកែត​នេះ​ទេ ប៉ុន្តែ​មាន​តម្រុយ​នៅ​ពេល​ថ្មីៗ​នេះ​ជា​ច្រើន​ពី​ក្រុម​ជីហាដអ៊ិស្លាម​ នៅ​តំបន់​ក្នុង​ហ្គាហ្សា​ ថា​ពួកគេ​នឹង​ឆ្លើយ​តប​នឹង​ការ​ប៉ះទង្គិច​នៅ​វិហារ​អ៊ិស្លាម​អាល់អាក់សា​ ដែល​ជនជាតិ​ជ្វីហ្វ​ហៅ​ថា​ប្រាសាទ​ភ្នំ​។ នេះ​គឺ​ជា​ការ​បាញ់​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​​ដំបូង​គេ​ចាប់​តាំង​ពី​ខែ​មករា​មក ខណៈ​ពេល​ដែល​ភាព​តានតឹង​បាន​ធ្លាក់​ចុះ​ចាប់​តាំង​ពី​សង្គ្រាម​ ១១ ថ្ងៃ​កាល​ពី​ខែ ឧសភា​ឆ្នាំ​ មុន​។

ក្រុម​ឧទ្ទាម​ហាម៉ាស ដែល​ជា​អ្នក​កាន់​កាប់​អំណាច​នៅ​តំបន់​ហ្គាហ្សា​ បាន​ថ្កោល​ទោស​សកម្មភាព​របស់​ប៉ូលិស​អ៊ីស្រាអែល​នៅ​វិហារ​អាល់អាក់សា ប៉ុន្តែ​ក៏​បាន​បង្ហាញ​ថា​ខ្លួន​មិន​ចង់​បង្កើន​ភាព​តានតឹង​ដល់​កម្រិត​ដូច​កាល​ពី​សង្គ្រាម​ឆ្នាំ​មុន​នោះ​ទេ​។

កាល​ពី​សប្ដាហ៍​មុន លោក​ខាលេដ មេសាអាល់​ មន្ត្រី​ហាម៉ាស​ជាន់​ខ្ពស់១​រូប​ បាន​និយាយ​ថា​ទាំង​ហាម៉ាស និង​ទាំង​អ៊ីស្រាអែល​បាន​ប្រាប់​ក្រុម​ប្រទេស​ឃ្លាំមើល​ស្ថានភាព​បទ​ឈប់​បាញ់​ថា​ពួកគេ​ទាំង​២​មិន​ចង់​បាន​ការ​ប្រយុទ្ធ​គ្នា​១​ជុំ​ទៀត​ទេ​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​បង្ហាញ​ថា​ស្ថានភាព​អាច​ផ្លាស់​ប្ដូរ​យ៉ាង​រហ័ស​។ ស្ថាន​ភាព​ស្រដៀង​គ្នា​នេះ​ដែរ​បាន​បង្ក​ឱ្យ​មាន​សង្គ្រាម​ ១១ ថ្ងៃ​កាល​ពី​ឆ្នាំ​មុន​ ហើយ​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ព្រួយ​បារម្ភ​ថា​សង្គ្រាម​នេះ​អាច​កើត​ឡើង​ម្ដង​ទៀត​៕