មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកថយចុះមកនៅត្រឹម ៣,៦ ភាគរយ ដោយសារសង្រ្គាមអ៊ុយក្រែន បានវាយប្រហារប្រទេសជិតខាងយ៉ាងខ្លាំង។

ប្រភពដដែលបាននិយាយថា ការព្យាករនេះនឹងកាន់តែអាក្រក់ទៅៗ ដោយសារប្រទេស ដែលនៅជិត សង្រ្គាមបំផុតទំនងជារងការវាយប្រហារខ្លាំងបំផុត។ ប៉ុន្តែ ស្ថាប័នដដែល ក៏បានព្រមានទៀតដែរថា ហានិភ័យ ក៏នឹងកាន់តែខ្លាំងឡើងនៅគ្រប់ទីកន្លែង ដោយសារកំណើនសេដ្ឋកិច្ចយឺត ហើយតម្លៃទំនិញឡើងថ្លៃកាន់តែលឿន។

ការព្យាកររបស់ IMF បានបង្ហាញពីកំណើនផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនៅឆ្នាំនេះអត្រា ៣,៦ ភាគរយ ដោយធ្លាក់ចុះមកនៅត្រឹម ០,៨ ភាគរយ ដោយគិតចាប់តាំងពីការព្យាករកាលពីខែ មករា និង ១,៣ ភាគរយទាបជាង៦ខែមុន។ មូលនិធិនេះ បាន និយាយថា នៅឆ្នាំ ២០២១ កំណើនសកល ត្រូវបានគេប៉ាន់ប្រមាណថា នឹងកើនឡើង ៦,១ ភាគរយ។

IMF បានព្រមានថា វិបត្តិប្រេង និងឧស្ម័ន នឹងធ្វើឱ្យអតិផរណាកើនឡើងបន្ថែមទៀត ហើយធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអឺរ៉ុប និងកាន់តែធ្វើឱ្យ អត្រាការប្រាក់ខ្ពស់ជាងនេះ រួមទាំងនៅសហ រដ្ឋអាមេរិកផងដែរ។

លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូថ្មីរបស់ IMF បានប្រាប់កាសែត Financial Times ថា៖ «យើងកំពុងប្រឈមមុខ នឹងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច និងប្រឈមមុខនឹងកំណើនអតិផរណា»។

IMF បាននិយាយថា សេដ្ឋកិច្ច ដែលកំពុងអភិវឌ្ឍន៍ នឹងមានកំណើនសេដ្ឋកិច្ចកាន់តែទាបនៅឆ្នាំ ២០២២ និង ២០២៣ បើធៀបនឹងប្រទេសមានសេដ្ឋកិច្ចជឿនលឿន ដោយសារអ្នកនាំចូលទំនិញភាគច្រើនត្រូវទទួលរងផលប៉ះពាល់ ដោយតម្លៃខ្ពស់សម្រាប់ការនាំចូលថាមពល និងអាហារ៕