ប្រទេសស្រីលង្កា បានស្នើសុំជំនួយហិរញ្ញវត្ថុពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាបន្ទាន់ ហើយអ្នកផ្តល់ប្រាក់កម្ចីសកល ក៏កំពុងពិចារណាថាតើគួរផ្ដល់ជំនួយឬយ៉ាងណា?

ការតវ៉ា បានផ្ទុះឡើងនៅក្នុងប្រទេសកោះនេះ ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងវិបត្តិហិរញ្ញវត្ថុ កើតឡើងដោយសារកូវីដ ១៩ ការគ្រប់គ្រងហិរញ្ញវត្ថុមិនបានល្អរបស់រដ្ឋា ភិបាល និងការកើនឡើងតម្លៃប្រេងឥន្ធនៈ ដែលបានបំផ្លាញទុនបម្រុងបរទេស។

គណៈប្រតិភូ ដែលដឹកនាំ ដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុស្រីលង្កា Ali Sabry បានចាប់ផ្តើមកិច្ចពិភាក្សាជាផ្លូវការជាមួយ IMF ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃ ចន្ទ សម្រាប់កម្មវិធី ដែលរដ្ឋាភិបាលសង្ឃឹមថា នឹងជួយបង្រ្គប់ប្រាក់បម្រុងរបស់ខ្លួន និងហិរញ្ញវត្ថុទូទាត់សម្រាប់ការ នាំចូលសំខាន់ៗនៃប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យ។

ជំនួយការរបស់ Sabry លោក Shamir Zavahir បាននិយាយនៅលើ Twitter ថា៖ «រដ្ឋមន្ត្រីការបរទេស បានធ្វើសំណើសម្រាប់ឧបករណ៍ហិរញ្ញប្បទានរហ័ស (RFI) ដើម្បីកាត់បន្ថយបញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់បច្ចុប្បន្ន ប៉ុន្តែដំបូងឡើយ IMF និយាយថា ប្រទេសនេះមិនបំពេញតាមលក្ខខណ្ឌរបស់ពួកគេ»។

លោក Sabry បានប្រាប់សារព័ត៌មាន Reuters កាលពីដើមខែនេះថា ប្រទេសស្រីលង្កាកំពុងស្វែងរកប្រាក់ចំនួន ៣ ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះពីប្រភពជាច្រើន រួមទាំង IMF ធនាគារពិភពលោក និងប្រទេសឥណ្ឌា ដើម្បីទប់ទល់នឹងវិបត្តិនេះ។

កាលពីសប្តាហ៍មុន ធនាគារកណ្តាលរបស់ប្រទេសនេះ បាននិយាយថា ខ្លួនកំពុងផ្អាកការសងបំណុលបរទេសមួយចំនួនរបស់ខ្លួនដោយរង់ចាំការរៀបចំរចនាសម្ព័ន្ធឡើងវិញផងដែរ៕