កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ការ​ប៉ះទង្គិច​គ្នា​ដ៏​ធំ​មួយ​បាន​កើត​ឡើង​នៅ​វិហារ​អ៊ិស្លាម​អាល់អាក់សា​ក្នុងក្រុង​ហ្ស៊េរុយសាឡិម​ ខណៈ​ពេល​ដែល​សាសនិក​មូស្លីម​នៅ​ក្នុង​ និង​ក្រៅ​វិហារ​នេះ​ចាប់​ផ្ដើម​ការ​តម​អាហារ​សម្រាប់​ថ្ងៃ​ទី​ ១៤ នៃ​ខែ​រ៉ាម៉ាដន​។

នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​វិហារ​នេះ​ ជនជាតិ​ជី្វហ្វ​ បាន​ធ្វើ​ពិធី​ដុត​បំផ្លាញ​នំប៉័ង​ធ្វើ​ដោយ​ប្រើ​មេត្រប៉ែ ​ ដើម្បី​កំណត់​ការ​ចាប់​ផ្ដើម​នៃ​បុណ្យ​រំលង​របស់​សាសនា​ពួកគេ​ នៅ​ល្ងាច​ថ្ងៃ​សុក្រ​ដដែល​។

រីឯ​នៅ​ភាគខាង​ជើង​ទី​ក្រុង​នេះ​វិញ​ គ្រិស្ត​សាសនិក​បាន​ចាប់​ផ្ដើម​ក្បួន​ដង្ហែ​ឈើ​ឆ្កាង​ឆ្លង​កាត់​កណ្ដាល​ក្រុង​ នៅ​តាម​ដង​ផ្លូវ​ដែល​ពួកគេ​ជឿ​ថា ​​យេស៊ូ​គ្រិស្ត​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីលាន​ប្រហារ​ជីវិត​របស់​លោក​ដើម្បី​ប្រារព្ធ​ពិធី​អ៊ីស្ទើរ​ ដែល​ជា​ថ្ងៃ​ប្រារព្ធ​ការ​រស់​ឡើង​វិញ​នៃ​យេស៊ូ គ្រិស្ត​។

ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩១ បុណ្យ​រំលង ​បុណ្យ​អ៊ីស្ទើរ​ និង​ ខែ​រ៉ាម៉ាដន​ បាន​កើត​ឡើង​ក្នុង​ពេល​តែ​១ ​ពង្រឹង​ភាព​រួម​បញ្ចូល​នៃ​សាសនា​ទាំង​នេះ​ ប៉ុន្តែ​ក៏​បង្កើន​ភាព​តានតឹង​ដែល​កំណត់​ប្រវត្តិសាស្ត្រ​រាប់​ពាន់​ឆ្នាំ​នៃ​ក្រុង​ហ្ស៊េរុយសាឡិម​

ផង​ដែរ​។

សម្រាប់​អ្នក​ខ្លះ​ ការ​ត្រួត​ស៊ី​គ្នា​នេះ បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​ក្រុង​​ហ្ស៊េរុយសាឡិម​ និង​រូបរាង​នៃ​ការ​រួមរស់​ជាមួយ​គ្នា​ក្នុង​ចំណោម​ប្រជាជន​ខុសៗ​គ្នា​នៃ​ក្រុង​នេះ​។

រីឯ​សម្រាប់​​អ្នក​ដទៃ​ទៀត​ ការ​ត្រួត​គ្នា​នេះ​បង្ហាញ​ពី​ ភាព​មិន​ចុះម្រុង​គ្នា និង​វិសមភាព​នៃ ក្រុង​ហ្ស៊េរុយសាឡិម​ ដោយ​ប្រជាជន​ប៉ាឡេស្ទីន​នៅ​ទី​នោះ​ជា​ច្រើន​ចាត់​ថា​ ខ្លួន​កំពុង​ស្ថិត​ក្រោម​ការ​ត្រួត​ត្រា​របស់​អ្នក​ឈ្លាន​ពាន​ដី​ខ្លួន​។ ការ​ប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស​អ៊ីស្រាអែល​និង​ជនជាតិ​ប៉ាឡេស្ទីន​នៅ​វិហារ​អាល់អាក់សា​ បាន​កើត​ឡើង​ម្ដង​ទៀត​នៅ​ថ្ងៃ​អាទិត្យ​ ដោយ​ប៉ូលិស​បាន​រារាំង​មិន​ឱ្យ​ជនជាតិ​ប៉ាឡេស្ទីន​ចូល​វិហារ​អាល់អាក់សារ​ ដើម្បី​អនុញ្ញាត​ឱ្យ​ជនជាតិ​ជ្វីហ្វ​ចូល​ទៅ​ទី​នោះ​។

សម្រាប់​សាសនិក​គ្រិស្ត​មួយ​ចំនួន​ ដែល​បាន​រៀប​ចំ​ក្បួន​ដង្ហែ​របស់​ខ្លួន​ដើម្បី​ចៀស​វាង​បង្ក​ផល​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​សាសនិក​មូ​ស្លីម​ ការ​ត្រួត​ស៊ី​គ្នា​នេះ​គឺ​បាន​ពង្រឹង​អារម្មណ៍​របស់​ពួកគេ​ជា​ជនភាគតិច​ក្នុង​ចំណោម​ជនភាគតិច​។

នៅ​ឆ្ងាយ​ពី​សមុទ្រ​ ឬ​ទន្លេ​ ហើយ​មាន​ទីតាំង​នៅ​លើ​ភ្នំ​ ក្រុង​ហ្ស៊េរុយសាឡិម​​គឺ​គ្មាន​សារៈសំខាន់​ពាណិជ្ជកម្ម ឬ​យោធា​នោះ​ទេ​។ ប៉ុន្តែ​អំណាច របស់​ក្រុង​នេះ​គឺ​មាន​ឫសគល់​ក្នុង​ការ​កាន់កាប់​ជំនឿ​សាសនា​របស់​មនុស្ស​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ ដែល​ភាគ​ច្រើន​លើសលប់​ស្ទើរ​មិន​ដែល​ឃើញ​ក្រុង​នេះ​ក្នុង​ជីវិត​របស់​ពួកគេ​។

សម្រាប់​ជនជាតិ​ជ្វីហ្វ​ ក្រុង​ហ្ស៊េរុយសាឡិម​គឺ​ជា​រាជធានី​បុរាណ​របស់​ពួកគេ​ ជា​អាសនៈ​របស់​ព្រះមហាក្សត្រ​ដេវីដ​ និង​ជា​ទីតាំង​របស់​ប្រាសាទ​បុរាណ​ទាំង​ ២ របស់​ជនជាតិ​យូដា​ចំនួន​២ ដែល​ពួកគេ​ជឿជាក់​ថា ​មាន​វត្តមាន​របស់​ព្រះ ស្នាក់​នៅ​ទី​នោះ​។

សម្រាប់​សាសនិក​មូស្លីម​ ទីក្រុង​នេះ​គឺ​ជា​កន្លែង​ដែល​ព្យាការី​មហាម៉ាត់​ បាន​ហោះ​ឡើង​ដល់​ឋានសួគ៌​ ។ នៅ​កន្លែង​ដែល​មហាម៉ាត់​ឡើង​ឋានសួគ៌​នោះ​ ពួកគេ​បាន​សាងសង់​វិហារ​អាល់អាក់សា ដែល​ជា​ទី​សក្ការៈ​សំខាន់​បំផុត​ទី​៣​ក្នុង​សាសនា​របស់​ពួកគេ​។

រីឯ​សម្រាប់​សាសនិក​គ្រិស្ត​វិញ​ ទីក្រុង​នេះ​គឺ​ជា​ទីកន្លែង​ដែល​ព្រះ​យេស៊ូ គ្រិស្ត​ត្រូវ​បាន​ប្រហារ​ជីវិត​នៅ​លើ​ឈើ​ឆ្កាង​ ហើយ​ឡើង​ឋានសួគ៌​ ជា​ទីកន្លែង​កំណើត​នៃ​សាសនា​របស់​ពួកគេ​។

ភាគ​ច្រើន​នៃ​ប្រវត្តិសាស្ត្រ​បច្ចុប្បន្ន​នៃ​ ក្រុង​ហ្ស៊េរុយសាឡិម​ គឺ​គ្រប់គ្រង​ដោយ​អំណាច​បរទេស។ ចក្រភព​អូតូម៉ង់​ (បច្ចុប្បន្ន​តួកគី) បាន​គ្រប់គ្រង​ទីក្រុង​នេះ​រហូត​ដល់​ឆ្នាំ​ ១៩១៧ ចក្រភព​អង់គ្លេស​គ្រប់គ្រង​ដល់​ឆ្នាំ​ ១៩៦៨​ ហើយ​ហ្សកដានី​ដល់​ឆ្នាំ​ ១៩៦៧ បន្ទាប់​ពី​អ៊ីស្រាអែល​ដណ្ដើម​ការ​កាន់​កាប់​ក្នុង​សង្គ្រាម​ឆ្នាំ​នោះ​។ ប្រទេស​ភាគ​ច្រើន​នៅ​ជុំវិញ​ពិភពលោក​ចាត់​ទុក​ការ​កាន់កាប់​របស់​អ៊ីស្រាអែល​ថា​ ជា​អំពើ​ខុស​ច្បាប់​ ហើយ​ជនជាតិ​ប៉ាឡេស្ទីន​នៅ​រំពឹង​ថា ​ទីក្រុង​នឹង​ក្លាយ​ជា​រដ្ឋធានី​របស់​ពួកគេ​នៅ​ពេល​អនាគត​៕