​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ​កងកម្លាំង​សន្តិសុខ​បាន​ចាប់ខ្លួន​វេជ្ជ​បណ្ឌិត​នៅតាម​ផ្ទះ និង​មន្ទីរពេទ្យ ដោយបាន​ដកហូត​អាជ្ញាប័ណ្ណ​របស់​គ្រូពេទ្យ​លេចធ្លោ​មួយចំនួន និង​គំរាម​បិទ​មន្ទីរពេទ្យ​ដែល​ប្រ​ឆាំង​នឹង​របប​នេះ​។

​មី​យ៉ាន់​ម៉ាមានឈ្មោះ​ល្បី​ខាង​លួច​លុយ​ពី​ពលរដ្ឋ​ពិសេស​គ្រូពេទ្យ ព្រោះ​គ្រូពេទ្យ​គឺជា​អ្នក​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​របស់​ប្រទេស​នេះ​។ ក្នុងពេល​ចាប់ខ្លួន​ទាហាន​ទាំងនេះ បាន​រឹបអូស​លុយ មាស គ្រឿងអលង្ការ និង​រថយន្ត ដែលមាន​តម្លៃ​រាប់ម៉ឺន​ដុល្លារ​។ មន្ត្រី​មន្ទីរពេទ្យ​បាន​និយាយថា ក្នុង​ករណីខ្លះ​មន្ត្រី​កងទ័ព បានទាមទារ​ប្រាក់​ចំនួន ៥ ០០០​ ដុល្លារ ដើម្បី​កុំឱ្យ​បិទ​មន្ទីរពេទ្យ​ឯកជន​។​

​ចាប់តាំងពី​រដ្ឋប្រហារ​នៅ ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ​២០២១ ទាហាន និង​ប៉ូលិស បាន​ចាប់ខ្លួន​គ្រូពេទ្យ​ចំនួន​ ១៤០​ នាក់ សម្រាប់​ការចូលរួម​ក្នុង​ចលនា​តវ៉ា​ទូទាំងប្រទេស​។ នេះ​បើ​យោងតាម​សមាគម​ជំនួយ​ដើម្បី អ្នកទោសនយោបាយ ដែល​ត្រូវបាន​គេ​ដេញចាប់​ខ្លួន ដោយ​ក្នុងនោះ​៨៩​នាក់​នៅជាប់​គុក​។​

​បើ​យោងតាម​សមាគម​គ្រូពេទ្យ ដើម្បី​សិទ្ធិមនុស្ស ដែលមាន​មូល​ដ្ឋា​ន​នៅ​ទីក្រុង​ញូវយ៉ក​វេជ្ជបណ្ឌិត​យ៉ាងហោចណាស់​ ៣០​ នាក់​ ត្រូវគេ​បានសម្លាប់​ហើយ​ប្រទេស​មី​យ៉ាន់ ម៉ា​ជា​កន្លែង​គ្រោះថ្នាក់​បំផុត​មួយ​នៅក្នុង​ពិភពលោក​សម្រាប់បុគ្គលិក​សុខាភិបាល​។​

​ការយាយី និង​ការចាប់ខ្លួន​គ្រូ​​ពេទ្យ ដែល​ប្រឆាំងនឹង​របប​នេះ​កើតឡើង​នៅពេល ដែល​ប្រទេស​នេះ​ប្រឈមមុខ​នឹង​ភាពអាសន្ន​ផ្នែក​សុខ​ភាពជា​បន្តបន្ទាប់ ដោយសារតែ​កង្វះ​វេជ្ជបណ្ឌិត កង្វះ​ធន​​ធាន និង​ការបិទ​មន្ទីរពេទ្យ និង​គ្លីនិក​ជាច្រើន​ជា​បន្តបន្ទាប់​។​

​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ដើមខែ​ចេញ​ពេល​ទិវា​សុខភាព​ពិភពលោក​ក្រុម​សិទ្ធិមនុស្ស​បណ្តាញ​ឯកសារ​សិទ្ធិមនុស្ស​បាន​និយាយថា យោធា​មី​យ៉ាន់​ម៉ា​បានធ្វើឱ្យ​ប្រទេស​មាន​អស្ថិរភាព​ហួស​ពី​ការស្ដារ​ឡើងវិញ​បាន​។ វិស័យ​ថែទាំ​សុខភាព គឺជា​ផ្នែក​មួយ​ក្នុងចំណោម​ផ្នែក​ជាច្រើន​ដែល​ត្រូវបាន​បំផ្លាញ​ដោយសារ​របប​នេះ​។​

​កុមារ​ជិត ​១ ​លាន​នាក់​ មិន​បានទទួល​ការចាក់​ថ្នាំ​បង្ការ​ជាប្រចាំ​ឡើយ ​ដែលជា​ហេតុ​បណ្ដាលឱ្យ​ពួក​គេ​ងាយ​នឹង​កើត​ជំងឺ​កញ្ជ្រឹល​ និង​ជំងឺ​ផ្សេងៗ​ទៀតហើយ​កុមារ​ជិត ៥ ​លាន​នាក់ កំពុង​ខកខាន​ទទួលទាន​អាហារ​បំប៉ន​វីតាមីន A ដែល​ធ្វើឱ្យ​ពួកគេ​ប្រឈម​នឹង​ការឆ្លង​មេរោគ និង​ពិការភ្នែក​។ នេះ​បើ​យោងតាម​អង្គការ​យូ​នី​សេ​ហ្វ​។​

​ស្ទើរតែ​ ៤០ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​នៅ​ទូទាំងប្រទេស​ទើបតែ​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​ពេញ​​លេញ ខណៈ​អ្នកជំងឺ​ជាច្រើន​ត្រូវបាន​គេ​ទុកចោល​ដោយ​គ្មាន​ការ​​ថែទាំ​ជាប្រចាំ​។

​វេជ្ជបណ្ឌិត​ជាច្រើនបាន​និយាយថា ទោះយ៉ាងណាវិស័យ​សុខា​ភិ​​បាលបាន​ប្រសើរ ឡើង​បន្តិច​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​នៅ​ទីក្រុង​យ៉ាំង​ហ្គោ​ន ដែលជា​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​មី​យ៉ាន់​ម៉ា ដោយសារ​គ្រូ​​ពេទ្យ​ជាច្រើន​នាក់​បាន​ត្រឡប់​ទៅធ្វើ​ការ​វិញ​។ ប៉ុន្តែ​ក្រុមគ្រូពេទ្យ​ប្រ​ឆាំង​របប​នេះ​ប៉ាន់​ស្មានថា មនុស្ស​រាប់រយ​នាក់​នៅតែ​ស្លាប់​ក្នុង​ ១ សប្តាហ៍ ​ដោយសារតែ​ការដួលរលំ​នៃ​ប្រព័ន្ធ​ថែទាំ​សុខភាព​នៅ​ប្រទេស​នេះ​។​

​វេជ្ជបណ្ឌិត​បាន​និយាយថា​ យុទ្ធ​​សាស្ត្រ​រដ្ឋាភិបាល គឺ​ធ្វើការ​ដោះ​​លែង​គ្រូពេទ្យ​ចេញពី​ពន្ធនាគារ​ក្នុង​លក្ខខណ្ឌ ដែល​ពួកគេ​យល់​​ព្រមធ្វើ​ការ​នៅ​មន្ទីរពេទ្យ​រដ្ឋាភិបាល ដែល​គ្រប់គ្រង​ដោយ​យោធា​។​

​វេជ្ជបណ្ឌិត Wai Myo ដែល​ត្រូវបាន​បណ្តេញ​ចេញពី​មន្ទីរ​​ពេទ្យ Mandalay General General កាលពី​ឆ្នាំមុនបាន​និ​យាយ​ថា​៖ «​នៅក្នុង​តំបន់​ដែលមាន​ជម្លោះ​កាន់តែ​អាក្រក់​ជាង​នៅតាម​ទីក្រុង​ទៀត ដោយសារ​មន្ទីរ​​ពេទ្យ​រដ្ឋាភិបាល មិន​ដំណើរការ​ទាល់តែសោះ​ហើយ​ប្រជាជន​ភាគច្រើន​ស្ថិតនៅក្នុង​ជំរំ​ជន​​ភៀសខ្លួន​នៅក្នុង​ព្រៃ​។ ដូច្នេះ​ប្រ​​សិន​បើ​មាន​អ្វី​កើតឡើង ចំពោះ​ពួកគេ​ភាគរយ​នៃ​ការស្លាប់​គឺ​ខ្ពស់​ណាស់​»​។​

​យ៉ាងណាមិញ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​របស់​របប​យោធា ក៏បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​។​

​បន្ទាប់ពី​រដ្ឋប្រហារ គ្រូពេទ្យ​រាប់ពាន់នាក់ បាន​បដិសេធ​មិន​ធ្វើការ​ឱ្យ​របប​នេះ ហើយ​បាន​ឈប់​ពី​ការងារ​នៅនឹងកន្លែង​។ គ្រូពេទ្យ​ជាច្រើន​បានចាប់ផ្តើម​ផ្តល់​សេវា ដោយ​ឥតគិតថ្លៃ​នៅ​មន្ទីរពេទ្យ​ឯកជន និង​គ្លីនិក​ផ្ទាល់ខ្លួន​វិញ​។​

​ជាការ​បង្ខំ​វេជ្ជបណ្ឌិត​ឱ្យ​ធ្វើការ​នៅក្នុង​កន្លែង ដែល​ខ្លួន​គ្រប់គ្រង​យោធា​បាន​បិទ គ្លីនិក​រាប់សិប ដែល​ផ្តល់​ការព្យាបាល​ដោយ​ឥតគិតថ្លៃ ហើយ​ទាមទារ​ឱ្យ​មន្ទីរពេទ្យ និង​គ្លីនិក​ឯកជន​ប្រគល់​ឈ្មោះ​អ្នកជំងឺ និង​ប្រវត្តិ​វេជ្ជសាស្ត្រ​ឱ្យ​ខ្លួន​ថែម​ទៀតផង​៕