កាល​ពី​ថ្ងៃ​ពុធ ទី​ ២០ មេសា​ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ប្រទេស​មួយ​ចំនួន​ បាន​ដើរ​ចេញ​ពី​សម័យ​ប្រជុំ​បិទ​ទ្វារ​នៅ​ក្រុង​វ៉ាស៊ីនតោន​នៃ​ក្រុម​ប្រទេស​ G20 នៅ​ពេល​ដែល​គណៈប្រតិភូ​រុស្ស៊ី​ ចាប់​ផ្ដើម​ការ​ថ្លែង​សុន្ទរកថា​របស់​ពួកគេ​។

រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​អាមេរិក​លោក​ស្រី​ ចាណេត យេលេន​ បាន​ចូល​រួម​ក្នុង​ការ​ដើរ​ចេញ​ ហើយ​ក៏​រួមមាន​មន្ត្រី​ហិរញ្ញវត្ថុ​ជាន់​ខ្ពស់​ដទៃ​ទៀត​ពី​បណ្ដា​ប្រទេស​អឺរ៉ុប​ និង​លោក​ខាង​លិច​ផង​ដែរ​ ដែល​បាន​ចូល​រួម​ក្នុង​កិច្ចប្រជុំ​នេះ​។

ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​កាណាដា​លោក​ស្រី​គ្រីស្ត្យា ហ្វ្រីលេន​ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ថា​៖ «លទ្ធិប្រជាធិបតេយ្យ​របស់​ពិភពលោក​នឹង​មិន​ឈរ​នៅ​ស្ងៀម​ឡើយ នៅ​ចំពោះ​មុខ​ការ​បន្ត​ការលុកលុយ​ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​រុស្ស៊ី»​។ លោក​ស្រី​បាន​បង្ហោះ​រូបថត​នៃ​មន្ត្រី​ដែល​បាន​ចាក​ចេញ​កិច្ច​ប្រជុំ​ ដែល​រួមមាន​លោក​ស្រី​យេលេន​ ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​កណ្ដាល​អាមេរិក​លោក​ជេរ៉ូម ប៉ូវែល និង​ប្រធាន​ធនាគារ​កណ្ដាល​អឺរ៉ុប​លោក​ស្រី​គ្រីស្ទីន​ ឡាហ្កាដ​។ មន្ត្រី​អ៊ុយក្រែន​ក៏​បាន​ចូល​រួម​កិច្ចប្រជុំ​នេះ​ដែរ​ក្នុង​នាម​ជា​ភ្ញៀវ​ត្រូវ​បាន​អញ្ជើញ​ ហើយ​ក៏​បាន​ដើរ​ចេញ​នៅ​ពេល​ដែល​រុស្ស៊ី​បាន​ចាប់​ផ្ដើម​ការ​ថ្លែង​។

កាល​ពី​ដើម​ខែ​នេះ​ លោក​ស្រី​យេលេន​បាន​និយាយ​ថា ​លោក​ស្រី​បាន​ប្រាប់​ឥណ្ឌូនេស៊ី ដែល​ជា​ប្រធាន​ G20 ថា​លោកស្រី​នឹង​មិន​ចូល​រួម​សម័យ​ប្រជុំ​ណា​មួយ​ដែល​មាន​ការ​ចូល​រួម​ដោយ​រុស្ស៊ី​។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​បណ្ដា​ប្រទេស​ G20 បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​សប្ដាហ៍​នេះ​ ដើម្បី​រៀប​ចំ​កិច្ចប្រជុំ​ឱ្យ​ស្រប​ពេល​ជា​មួយ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ធនាគារ​ពិភពលោក និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​។

ខណៈ​ពេល​ដែល​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​និយាយ​ថា​ រុស្ស៊ី​មិន​គូរ​បន្ត​ជា​សមាជិក​ G20 ទៀត​ទេ​ ការ​បណ្ដេញ​ក្រុង​ម៉ូស្គូ​នឹង​ត្រូវ​ការ​ការ​គាំទ្រ​ពី​សមាជិក​ទាំង​អស់​។ រឿង​នេះ​មិន​ទំនង​នឹង​កើត​ឡើង​ខណៈ​ពេល​ដែល​ប្រទេស​ចិន​និយាយ​ថា ​ខ្លួន​នឹង​មិន​គាំទ្រ​ការ​បណ្ដេញ​រុស្ស៊ី​ចេញ​នោះ​ទេ​៕

វីដេអូ៖