រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក ​លោក ​ឡូយ​ដ៍ អូ​ស្ទី​ន បាន​ជួបពិភាក្សា​ជា​លើកដំបូង​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន ​បន្ទាប់ពី​ក្រុង​ប៉េកាំង​បាន​បដិសេធ​ម្ដង​ហើយ​ម្ដងទៀត​នូវ​សំណើ​ឱ្យ​រៀបចំ​ជំនួប​ជាមួយ​សម​ភាគី​ឋានៈ​ស្មើគ្នា​ ដែល​ពិតប្រាកដ​មិនមែនជា​រដ្ឋមន្ត្រី​ការពារ​ជាតិចិន​ទេ ប៉ុន្តែ​គឺ​ឧត្ដមសេនីយ៍​ជាន់ខ្ពស់ ​១ ​រូប ​របស់​គណបក្ស​កុម្មុយនីស្ត​ចិន​។​

​កាលពី​ថ្ងៃ​អង្គារ លោក​ អូ​ស្ទី​ន បាន​និ​​យាយ​ទូរស័ព្ទ​ជាមួយ​លោក​ឧត្ដមសេនីយ៍​ វ័យ ហ្វឹ​ង ដែលជា​ជំនួប​យោធា​ជាន់ខ្ពស់​លើកដំបូង​រវាង​ប្រទេស​ទាំង ​២ ​ចាប់តាំងពី​លោក ​ចូ បៃ​ដិ​ន ​ចូលកាន់​តំណែង​កាលពី​ ១៥ ​ខែ​មុន​។​

​លោក ​អូ​ស្ទី​ន ​ដើមឡើយ បាន​ធ្វើសំណើ​ជាច្រើនលើក​ដើម្បី​ជួប​ជាមួយ​លោក​ឧត្ដមសេនីយ៍​ ស៊ូ ឃី​លាង អនុប្រធាន​គណៈកម្មកា​រ​កណ្ដាល​យោធា​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន ដោយ​លោក​គឺជា​មន្ត្រី​យោធា​ជាន់ខ្ពស់​បំផុត​ទី​២ បន្ទាប់ពី​អគ្គ​​លេខា​បក្ស និង​ប្រធាន​គណៈកម្មការ​កណ្ដាល​យោធា​លោក​ ស៊ី ជីន​ភីង​។​

ក្រសួងការពារជាតិ​អាមេរិក បាន​ចាត់​​ទុក​លោក​ ស៊ូ​ ថា​ ជា​សម​ភាគី​សមស្រប​សម្រាប់​ជួប​ជាមួយ​លោក​ អូ​ស្ទី​ន​។​

​ប្រភព​ក្នុង​រដ្ឋាភិបាល​អាមេរិក​បាន​និយាយថា ចិន​បាន​ច្រានចោល​សំណើ​ជួប​ជាមួយ​លោក​ ស៊ូ​។ ប្រភព​នេះ​បាន​បញ្ជាក់ថា ភាគី​អាមេរិក គឺជា​អ្នក​ស្នើឱ្យ​ជួប​ជាមួយ​លោក ​វ័យ វិញ ដែល​ប្រទេស​ចិន​ចាត់ទុកថា មាន​ឋាន​:​ស្មើនឹង​លោក​ អូ​ស្ទី​ន​។​

​ការហៅ​ទូរស័ព្ទ​នេះ ធ្វើឡើង​នៅពេលដែល​ភាព​តានតឹង​កើនឡើង​រវាង​យោធា​ទាំង ​២ ​លើ​អ្វីៗ​គ្រប់យ៉ាង​ចាប់តាំងពី​សកម្មភាព​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ការ​អភិ​​វ​ឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ការអភិវឌ្ឍ​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង និង​ជំហរ​ជុំវិញ​ការ​លុកលុយ​របស់​រុស្ស៊ី​ចូលក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​៕