​ខណៈពេលដែល​ទណ្ឌកម្ម​លោកខាងលិច ទំនង​នឹង​រំខាន​ដល់​ការផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​រុស្ស៊ី​មកកាន់​ប្រទេស​អាល្លឺម៉ង់ មានការ​ការ​ចោទ​សួរថា ហេតុ​​អ្វី​បានជា​ក្រុង​ប៊ែ​រ​ឡាំង មិន​រហ័សរហួន​បើក​ដំណើរការ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​រប​ស់​ខ្លួន​ឡើងវិញ​។​

​កាលពី​ខែ​មុន​សមាជិកសភា​អាល្លឺម៉ង់​មកពី​គណបក្ស​ស្តាំ​និយម​ជ្រុល AfD លោក​ ម៉ាក ប៊ឺ​ន​ហាដ បាន​ប្រា​ប់លោក​អធិការបតី​ អូ​ឡា​ហ្វ សូល ថា​៖ «​ប្រសិនបើ​យើង​បើក​ដំណើរ​​ការឡើង​វិញ​នូវ​រោងចក្រ​ទាំង ៣ ដែល​ទើប​បិទ​កាលពី​ខែធ្នូ រួម​ជាមួយនឹង​រោងចក្រ​ទាំង ​៣ ដែល​នៅ​បន្ត​តែ​ដំណើរការ​នោះ ពួកគេ​អាច​ជំនួស​ការ​នាំចូល​ធ្យូងថ្ម​ទាំង​អស់ពី​រុស្ស៊ី ឬ ​៣០ ភាគរយ​នៃ​ឧស្ម័ន​រុស្ស៊ី​។​

​លោក ​សូល ​បានផ្ដល់​ចម្លើយ​យ៉ាងខ្លី​ថា​៖ «​ប្រសិនបើ​ពិភព​លោក​នេះ ​សាមញ្ញ​ដូច​បែបនេះ នោះ​យើង​នឹងមាន​ជីវិត​ល្អ​​ណាស់​»​។​

​បើទោះជា​យ៉ាងនេះ​ក៏ដោយ លោក​ ប៊ឺ​ន​ហាដ គឺ​មិនមែន​តែម្នាក់ឯង​ទេ ដែល​បាន​លើក​​ឡើង​ពី​បញ្ហា​ញ​នេះ​។ ​ប្រទេស​អាល្លឺម៉ង់ បានសម្រេច​ចិត្ត​បញ្ឈប់​ការប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ​ជា​ដំណាក់កាល បន្ទាប់ពី​គ្រោះមហន្តរាយ​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ហ្វូ​គូ​ស៊ី​ម៉ា ប្រទេស​ជប៉ុន កាល​​ពី​ឆ្នាំ ២០១១​។ រោងចក្រ​នុយក្លេអ៊ែរ​ចុងក្រោយ​របស់​អាល្លឺម៉ង់​ គឺ​គ្រោង​នឹង​បិទ​នៅ​ចុងឆ្នាំ​នេះ ប៉ុន្តែ​ឥឡូវនេះ​សហ​ភាព​អឺរ៉ុប​បានដាក់​ទណ្ឌកម្ម​លើ​ការ​នាំចូល​ធ្យូងថ្ម​រុស្ស៊ី ហើយ​កាន់​តែមាន​សម្ពាធ​ឱ្យ​ដាក់ទណ្ឌកម្ម​បន្ថែមទៀត​លើ​ប្រេង និង​ឧស្ម័ន​ទៀត ធ្វើ​មនុស្ស​ជា​ច្រើន​និយាយថា​មាន​ចាំបាច់​ឱ្យ​ដំណើរការ​រោងចក្រ​នុយក្លេអ៊ែរ​ឡើងវិញ​។​

​រដ្ឋាភិបាល​អាល្លឺម៉ង់​និយាយថា ខ្លួន​មិន​ផ្លាស់ប្ដូរ​ជំហរ​របស់ខ្លួន​ទេ​។ ពួកគេ​បានលើកឡើង​អំពី​ហេតុផល​បច្ចេកទេស ប៉ុន្តែ​អ្នកវិភាគ​ច្រើន បាន​និយាយថា ​កត្តានយោបាយ គឺជា​កត្តា​ធំ​​បំផុត ដោយសារ​គណបក្ស​បៃតង ដែលជា​ដៃគូ​ដ៏​សំខាន់​ក្នុង​សម្ព័ន្ធភាព​កាន់អំណាច និង​ជា​អ្នកគ្រប់គ្រង​ក្រសួង​សេដ្ឋកិច្ច បាន​ប្រកាន់​ជំហរ​បរិស្ថាន​និយម​យ៉ាង​ម៉ឺងម៉ាត់​។​

​បើទោះបីជា​គំនិត​នេះ​មានការ​ទាក់ទាញ​បែបនេះ​ក៏ដោយ មន្ត្រី​រដ្ឋាភិបាល និង​អ្នកវិភាគ​និយាយថា ការវិលត្រឡប់​ទៅប្រើ​ថាមពលនុយក្លេអ៊ែរ​វិញ ​គឺអាច​ស្មុគស្មាញ​ជាង​ការគិត​។​

​ការពឹងផ្អែក​យ៉ាងខ្លាំង​របស់​អាល្លឺម៉ង់​ទៅលើ​ឧស្ម័ន​រុស្ស៊ី គឺ​ភាគច្រើន​ប្រើប្រាស់​ក្នុងការ​​ផលិត​កម្ដៅ​នៅតាម​គេហដ្ឋាន​នានា និង​ដើម្បី​បំពេញ​តម្រូវ​​ការ​របស់​ឧស្សាហកម្ម​ធ្ងន់​។ ប៉ុន្តែ ថាមពលនុយក្លេអ៊ែរ មិនបាន​ដើរតួ​អ្វីមួយ​ក្នុង​តម្រូវការ​ទាំង ២ នេះ​ទេ​។ រោងចក្រ​នុយក្លេអ៊ែរ​នៅសល់​ទាំង​ ៣ គឺ​មិនបាន​ផ្ដល់​អ្វី​ច្រើន​ទៅកាន់​ល្បាយ​ថាមពល​របស់​អា​ល្លឺម៉​ង់​នោះទេ​។ សរុប​រោងចក្រ​ទាំង ​៣ នេះ​មាន​ចំណុះ​ត្រឹមតែ ៤,៣ ហ្គី​ហ្គា​វ៉ា​ត់​ប៉ុណ្ណោះ ហើយផ្គត់ផ្គង់ ៣០ ​តេ​រ៉ា​វ៉ា​ត់​ក្នុង ​១ ​ឆ្នាំ ដែល​ត្រឹមតែ ៥ ភាគរយ​នៃ​ផលិតកម្ម​អគ្គិសនី​របស់​អា​ល្លឺ​ម៉​ង់​ប៉ុណ្ណោះ​។​

​រដ្ឋាភិបាល​អាល្លឺម៉ង់បាន​អះអាងថា ការសម្រេចចិត្ត​ពន្យារ​ការ​ដំណើរការ​របស់​រោងចក្រ​ទាំងនេះ គឺ​នឹង​តម្រូវឱ្យមាន​ការវាយតម្លៃ​ហានិភ័យ​ពេញលេញ ខណៈពេលដែល​ហានិភ័យ​ពាក់ព័ន្ធ​នឹង​ថា​ម​ពល​នុយក្លេអ៊ែរបាន​កើនឡើង ជាពិសេស​ហានិភ័យ​នៃ​ការ​វាយប្រហារ​ទាំង​តាម​អ៊ី​ន​ធឺណិ​ត និង​ការគំរាមកំហែង​ពី​ខាងក្រៅ​ដទៃទៀត​។ គេ​បាន​ចង្អុល​ទៅ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ដែល​រុស្ស៊ី បានធ្វើការ​បាញ់​មី​ស៊ី​ល​ទៅលើ​រោងចក្រ​នុយក្លេអ៊ែរ​ហ្សា​ប៉ូ​រី​ស៊ី និង​បង្ក​ការ​ដាច់​ភ្លើង​នៅ​តំបន់​គ្រោះ​​មហន្តរាយ​រោងចក្រ​នុយ​ក្លេ​អ៊ែរ​។​

​បន្ថែម​ពីលើ​នេះ រោងចក្រ​ទាំង ​៣ គឺ​មិនមាន​ឥន្ធនៈ​នុយ​ក្លេ​អ៊ែរ​គ្រប់គ្រាន់ ដើម្បី​បន្ត​ដំណើរការ​ផុត​ចុង​ឆ្នាំនេះ​ទេ ហើយ​បណ្ដុំ​ឥន្ធនៈ​ថ្មី គឺ​នឹង​ត្រូវការ​រយៈពេល​ពី ១២ ខែ​ទៅ ​១៥ ខែ ដើម្បី​ផលិត​ដោយ​យ៉ាង​ឆាប់​ គឺ​ពាក់កណ្ដាល​ឆ្នាំ ២០២៣​។ រុស្ស៊ី​ក៏​ជា​អ្នក​ផ្គត់​ផ្គង់​ធំជាងគេ​ទី​២ នៃ​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​សម្រាប់​អឺរ៉ុប​។​

​ពេលវេលា​ចុងក្រោយ​ដែល​រោងចក្រ​ទាំង ​៣ ត្រូវបាន​ត្រួត​ពិនិត្យ​ក្នុង​ឆ្នាំ​​ ២០០៩ ហើយ​រដ្ឋាភិបាល​បាន​អះអាងថា ការ​​ពិនិត្យ​ថ្មី នឹង​បង្កឱ្យមាន​តម្រូវ​ការ «​ការវិនិយោគ​ដ៏​ធំ​» ទៅលើ​បច្ចេកវិទ្យា​សុវត្ថិភាព​។ នេះ​មានន័យថា ពួកគេ​នឹងត្រូវ​ធ្វើការ​ចេញ​អាជ្ញាប័ណ្ណ​ថ្មី​ឱ្យ​រោង​ចក្រ​ទាំងនេះ ដែល​នឹង​តម្រូវ​មានការ​ធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា​។​

​ក្រុមហ៊ុន​ដែលជា​ម្ចាស់​រោង​ចក្រ​ថាមពល​ទាំងនេះ ក៏​មិនមាន​បំណងប្រាថ្នា​ចង់​បន្តដំណើរ​ការ​ទៀត​ទេ​។ លោក ហ្វ្រែង​ម៉ា​ស្ទី​អូ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន EnBW បាន​និ​យាយ​ថា ​ការបន្ត​ដំណើរការ​លើស​កាលកំណត់​ត្រឹមតែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ «​គឺ​មិនអាច​ទៅរួច​ជាមួយនឹង​ការ​រៀបចំ​បច្ចេកទេស​ដែល​យើង​មាននៅ​ថ្ងៃនេះ​»​។​

​ទឡ្ហីករណ៍​ប្រឆាំងអាចជា​ការបញ្ចុះ​បញ្ចូល ប៉ុន្តែ​មាន​អ្នកនយោបាយ​អាល្លឺម៉ង់​ជាច្រើន​ដែល​ចង់​ផ្តល់​ការដក​សម្ពាធ​ដល់​អ្នកបោះឆ្នោត​ពី​តម្លៃ​ថា​មពល​ខ្ពស់​ដែល​កំពុង​បន្ត​អង្វរ​ឱ្យមាន​ការបន្ធូរបន្ថយ​ដោយ​នុយក្លេអ៊ែរ​៕