បើ​ប្រៀបធៀបនឹង​រយៈ​ពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ អត្រា​ទិញ​-​លក់​ផ្ទះ​ថ្មី​នៅ​ទីក្រុង Zhengzhou ធ្លាក់ចុះ​ជាង ៣០ ​ភាគរយ​ក្នុង​រយៈពេល ៦ ​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី​ ១ ខែមីនា ដល់​ពាក់​កណ្តាលខែ​​មេសា ជា​កម្រិត​ឆ្លុះបញ្ចាំង​ពី​និន្នាការ​អចលនទ្រព្យ​ទូទាំងប្រទេស​។​

​លោក Li Huixiang ដែលជា​ឈ្មួញកណ្តាល​អចលន​​ទ្រព្យ​នៅ​ទីក្រុង Zhengzhou ធ្លាប់​ទន្ទឹង​ការ​ហក់​ឡើងវិញ​នៃ​វិស័យ​អចលនទ្រព្យ​កាលពី​ខែ​​មីនា​។ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​វិស័យ​អចលនទ្រព្យ​របស់​ទីក្រុង និង​សេដ្ឋកិច្ច​ក្នុង​តំបន់​មន្ត្រី​សាលាក្រុង បានបង្ហាញ​ការលើកទឹកចិត្ត​ជា​​ច្រើន​ដល់​វិស័យនេះ រួមទាំង​ការផ្ដល់់​អត្រា​ការប្រាក់​ទាប និង​ការឧបត្ថម្ភ​ធន​សាច់ប្រាក់​សម្រាប់​អ្នកទិញ​ផ្ទះ​ថ្មី​។​

​ប៉ុន្តែតាំងតែ​ពី​ការប្រកាស​ពី​វិធាន​ថ្មី​មក លោក Li លក់​តែ​ផ្ទះល្វែង​បានតែ​ ៥ ប៉ុណ្ណោះ​ជា​ចំនួន​តិចជាង​បរិមាណ​លក់​ទូទៅ​របស់លោក​ឆ្ងាយ​ណាស់​។ លោក Li បាន​និយាយថា​៖ «​យើង​ឃើញ​មានការ​រំខាន​កើតឡើង​ ជុំវិញ​ការបង្កើន​ចំនួន​ទិញ​លក់​ផ្ទះ ដោយសារ​ការ​​អនុវត្ត​តាមច្បាប់​ការពារ​កូ​វីដ​»។

​ភាពរអាក់រអួល​ធំ​បំផុត​គឺ​ការបិទ​ទីក្រុង Zhengzhou ទាំង​​មូល ដែល​បាន​ផ្អាក​សកម្មភាព​ប្រជាជន ១២,៦ ​លាន​នាក់ ព្រមទាំង​បិទ​តំបន់​ដ៏​ធំ​មួយ រួមមាន​ព្រលានយន្តហោះ និង​រោងចក្រ​ធំៗ​ផងដែរ​។

​រដ្ឋបាល លោក Xi Jinping ​បានបញ្ជាក់​យ៉ាងច្បាស់​ថា ការ​​លំបាក​របស់​ប្រជាជន​នៅក្នុង​ទីក្រុង​សៀង​ហៃ និង​ទីក្រុង​ផ្សេងទៀត ដែល​រង​ផលប៉ះពាល់ ដោយ​ការបិទ​ខ្ទប់​នៅតែ​ជា​ក្ដី​បារម្ភ​របស់​រដ្ឋាភិបាល ប៉ុន្តែការទប់ស្កាត់​ការរីក​រាលដាល​កូ​វីដ​នឹង​នៅតែ​ជា​អាទិភាព​ចម្បង​របស់​ប្រទេស​។ ការ​​បិទ​ខ្ទប់ទីក្រុង​សៀង​ហៃ​ដំបូង​ គឺមាន​បំណងបិទ​ដោយ​ផ្នែក និង​មាន​រយៈពេល​មិនឱ្យ​លើស ពី ១០ ​ថ្ងៃ ប៉ុន្តែ​ក្រោយមក​ត្រូវបាន​ពន្យារពេល​ដល់​ស​ព្វ​ថ្ងៃ​។​

​កាលពី​ថ្ងៃ​ចន្ទ ការិយាល័យ​​ស្ថិតិ​ជាតិបាន​និយាយថា ការ​​ចាប់ផ្តើម​សាងសង់​លំនៅឋានបាន​ធ្លាក់ចុះ ២០ ​ភាគរយ ​នៅក្នុង​ត្រីមាស​ទី​១ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន បើទោះបីជា ទីក្រុង​យ៉ាងហោចណាស់ ៦០​ ផ្សេងទៀត បាន​អនុវត្ត​វិធានការ​គាំទ្រ​អចលន​​ទ្រព្យ​ស្រដៀង​គ្នា​ទៅនឹង​ទីក្រុង Zhengzhou ក៏ដោយ​។​

​ស្ថាប័ន​ដដែល បាន​ប៉ាន់​​ប្រមាណ​ថា ទិន្នផល​សេដ្ឋកិច្ច​នៅ​ត្រីមាស​ទី​១ បាន​កើនឡើង ៤,៨​ ភាគរយ ខ្លាំង​ជាង​ការ​​រំពឹងទុក​។ ទិន្នន័យ​ក្នុង​ខែមីនា បានចង្អុលបង្ហាញ​ពី​ការចាប់​​ផ្តើម​នៃ​ការធ្លាក់ចុះ​គួរឱ្យ​កត់​​សម្គាល់​នៅពេលដែល​ទីក្រុង​​សៀង​ហៃ និង​ទីក្រុង​ជាច្រើន​ទៀត​បានចាប់ផ្តើម​អនុវត្ត​ការ​​បិទ​ខ្ទប់ ដើម្បី​ទប់ស្កាត់​ការ​-​ផ្ទុះឡើង​នៃ​មេរោគ និង​គាំទ្រ​ដល់​គោលនយោបាយ​ហ្សេ​រ៉ូ​កូ​វីដ​របស់​ប្រធានាធិបតី Xi Jinping។

​ការបិទ​ខ្ទប់​ដ៏​តឹងរ៉ឹង​បំផុត ធ្វើឡើង​នៅ​តំបន់​ដីសណ្ដ​ទន្លេ Yangtze ជុំវិញ​ទីក្រុង​សៀង​ហៃ​ ធ្វើឱ្យមាន​ការរាំងស្ទះ​ការ​​ដឹកជញ្ជូន​នៅក្នុង​តំបន់​ផលិត ​និង​នាំចេញ​ដ៏​សំខាន់បំផុត​មួយ​របស់​ប្រទេស ហើយ​ទីក្រុង​ Zhengzhou នេះ​ទៀតសោត​ក៏​រង​ផលប៉ះពាល់​ផងដែរ​។​

​ទីប្រឹក្សា​គោលនយោបាយ​រដ្ឋាភិបាល ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា សូម្បីតែ​មុនពេល​ការបិទ​ខ្ទប់ ចាប់ផ្តើម​ក្នុង​ខែមីនា​ក៏ដោយ ភាពជា​អ្នកដឹកនាំ​កំពូល បាន​ប៉ាន់ស្មាន​ពី​ផលប៉ះពាល់​នៃ​វិស័យ​អចលនទ្រព្យ​លើ​សេដ្ឋកិច្ច​ទូលំទូលាយ​រួចទៅហើយ​។​

​ប្រភព​ដដែលបាន​បន្ថែមថា​៖ «​ស្ថានការណ៍​អាច​នឹង​កាន់តែ​អាក្រក់​ពេលនេះ​សិន ហើយ​វា​នឹង​ប្រសើរឡើង​នៅពេល​ក្រោយ​»​។​

​កញ្ចប់​ជំរុញ​អចលនទ្រព្យ​របស់​ទីក្រុង Zhengzhou ត្រូវបាន​គេ​ចាត់ទុកថា ជាការ​​ចាំបាច់​ក្នុងការ​ជួយសង្គ្រោះ​វិស័យនេះ​ពី​មហន្តរាយ​នៅ​ឆ្នាំ ២០២១​។ យោងតាម​ទិន្នន័យ​ផ្លូវការ ការលក់​ផ្ទះ​ថ្មី​នៅក្នុង​ទីក្រុង បាន​ធ្លាក់ចុះ​ ១​ ភាគ​ ៣ កាលពី​ឆ្នាំមុន ខណៈដែល​ការ​​លក់​ដីធ្លី ដែលជា​ប្រភព​ប្រាក់​​ចំណូល​សារពើពន្ធ​ដ៏​ធំ​មួយ ធ្លាក់ចុះ ១ ​ភាគ ​៤​។​

បន្ថែម​ពីលើ​ការបង្ក្រាប​របស់លោក Xi លើ​អ្នក​អភិវឌ្ឍន៍ដែលមាន​សក្ដានុពល​ខ្ពស់ សេដ្ឋកិច្ច​របស់​ទីក្រុង Zhengzhou កាលពី​ឆ្នាំមុន ក៏​រង​ផលប៉ះពាល់ ដោយ​ការបិទ​ខ្ទប់ ២ ​ដង និង​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​ដែល​បានធ្វើឱ្យ​អាជីវកម្ម​ខ្នាតតូច​ក្ស័យធន និង​រួមចំណែក​ដល់​ការកើនឡើង​នៃ​ភាព​អត់​ការងារ​ធ្វើ​។​

​លោក Bert Hofman ប្រធាន​វិទ្យាស្ថាន​អាស៊ី​បូព៌ា​របស់​សាកលវិទ្យាល័យ​ជាតិ​​សិង្ហ​បុរី បាន​មានប្រសាសន៍ថា​៖ «​រដ្ឋាភិបាល​ក្នុង​តំបន់​បាននិងកំពុង​ទប់ទល់​ជាមួយនឹង​ការកើនឡើង​តម្រូវ​ការចំណាយ ជាពិសេស​នៅក្នុង​វិស័យ​សង្គម ប៉ុន្តែ​ប្រាក់ចំណូល​មូលដ្ឋាន​ស្ថិតក្នុង​កម្រិត​ដដែល ដូចនេះពួកគេ​ពិតជា​ត្រូវ​ត្បិតត្បៀត​ខ្លាំងណាស់​»​។

​មន្ត្រី​លំនៅឋាន​ទីក្រុង Zhengzhou បាន​និយាយថា​៖ «​យើង កំពុង​ធ្វើ​អ្វី​គ្រប់យ៉ាង រួមទាំង​ការ​​អនុញ្ញាត​ឱ្យមាន​ការរំពឹង​ទុក​កម្រិត​មធ្យម ដើម្បី​ធ្វើឱ្យ​ទីផ្សារ​មាន​រស់រានមានជីវិត​ឡើងវិញ​»​។​

​ទោះយ៉ាងណា បើទោះជាវិធានការ​នេះ បាន​ជំរុញ​ការ​​លក់​អចលនទ្រព្យ​ឱ្យ​រីកចម្រើន​ឡើងវិញ​ក៏ពិតមែន ប៉ុន្តែវា​មិនបាន​ផ្ដល់​ផល​ដល់​អ្នកទិញ​វណ្ណៈ​កណ្តាល​នោះទេ ផ្ទុយទៅនឹង​គោលបំណង​របស់លោក Xi ក្នុងការ​លើកកម្ពស់ «​វិបុល​ភាព​រួម​» និង​កាត់បន្ថយ​ការ​​បែងចែក​សេដ្ឋកិច្ចសង្គម​យ៉ាងធ្ងន់ធ្ង​រ​ក្នុងប្រទេស​ចិន​៕