​មុន​សង្គ្រាម​ផ្ទុះឡើង​នៅ​ជិតខាង ប្រជាជន​ម៉ុ​ល​ដាវី មាន​ផែនការ​ធំ​សម្រាប់​ប្រទេស​របស់​ពួកគេ​។​

​ប៉ុន្តែ​ការ​លុកលុយ​អ៊ុយ​ក្រែ​ន​ដោយ​រុស្ស៊ី​បានធ្វើឱ្យ​ម៉ុ​ល​ដាវី ដែលជា​អតីត​រដ្ឋ​សូ​វៀត និង​ជា​ប្រទេស​ក្រីក្រ​បំផុត​នៅ​អឺរ៉ុប ស្ថិតក្នុង​ស្ថានភាព​ងាយ​រង​គ្រោះ​ខ្លាំង គំរាមកំហែង​ដល់​សេដ្ឋកិច្ច​របស់ខ្លួន ធ្វើឱ្យមាន​សម្ពាធ​ខ្លាំង​លើ​សង្គម​ដោយសារ​រលក​នៃ​ជនភៀសខ្លួន និង​បង្ក​ការភ័យខ្លាច​ដល់​ការពង្រីក​កាន់កាប់​បន្ថែមទៀត​រប​ស់​រុស្ស៊ី​។​

​សង្គ្រាម​នេះ ក៏​កំពុង​បន្ថែម​ជំពូក​មួយទៀត​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​យូរ​របស់​ម៉ុ​ល​ដាវី​ ដើម្បី​ដោះខ្លួន​ចេញពី​កណ្ដាប់ដៃ​របស់​ក្រុង​ម៉ូស្គូ​។ ក្នុងការ​​ស្វែងរក​គោលដៅ​នេះ ពួកគេ​ថ្មីៗ​នេះ​បានដាក់​ពាក្យ​ចូល​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប ប៉ុន្តែ​ការរំពឹង​ទទួល​ការចុះឈ្មោះ គឺ​នៅ​ឆ្ងាយ​នៅឡើយ​។​

​ភាពភ័យខ្លាច​ម៉ុ​ល​ដាវី បាន​កើន​​ឡើង​បន្ថែមទៀត​នៅ​ថ្ងៃ​សុក្រ នៅពេល​ឧត្ដមសេនីយ៍​រុស្ស៊ី​ ១ ​រូបបាន​និយាយថា យោធា​រុស្ស៊ី ឥឡូវនេះ​គ្រោង​នឹង​ដណ្ដើមយក​ឆ្នេរសមុទ្រ​ភាគខាងត្បូង​ទាំងមូល​នៃ​អ៊ុយ​ក្រែ​ន​។ ការធ្វើ​បែបនេះ​បង្កើត​ផ្លូវគោក​ទៅកាន់​តំបន់​ត្រង់​នី​ស្ត្រា​ដែលជា​តំបន់​ផ្ដាច់ខ្លួន នៅ​ភាគ​ខាងកើត​ប្រទេស​ម៉ុ​ល​ដាវី ជាប់​ព្រំដែន​អ៊ុយ​ក្រែ​ន ដែល​ចាប់ពី​ឆ្នាំ​ ១៩៩២ មក​គឺ​គ្រប់គ្រង​ដោយ​រុស្ស៊ី​។​

​គេ​នៅ​មិនទាន់​សន្និដ្ឋានថា រុស្ស៊ីអាច​ចូល​កាន់កាប់​ឆ្នេរសមុទ្រ​អ៊ុយ​​ក្រែ​ន ​ឬ​យ៉ាងណា ដោយសារ​ការ​​បរាជ័យ​របស់​ពួកគេ​ក្នុងការ​ប្រយុទ្ធ​ជុំវិញ​ក្រុង​កៀវ​។ ប៉ុន្តែ​ថា តើ​វា​គោល​ដៅ​ពិត ឬ​គ្រាន់តែ​បង្ក​ជាការ​ភ័យខ្លាច​នៅ​តំបន់ ប្រជាជន​ម៉ុ​ល​ដាវី ចាត់ទុក​សម្តី​របស់​ឧត្ដមសេនីយ៍​រុស្ស៊ី​ជាការ​​គំរាម​ពិត​។​

​រដ្ឋាភិបាល​ម៉ុ​ល​ដាវី មានការ​ភ័យ​​ខ្លាច​ជា​យូរណាស់​មកហើយ​អំពី​តំបន់​ត្រង់​នី​ស្ត្រា ដែល​គ្រប់គ្រង​ដោយ​ទាហាន​រុស្ស៊ី​មួយចំនួនធំ និង​ក្រុម​ផ្ដាច់​​ខ្លួន​យ៉ាងហោចណាស់ ១២ ០០០​ នាក់​។ ចាប់តាំងពី​សង្គ្រាម​ចាប់ផ្ដើម យោធា​ម៉ុ​ល​ដាវី និង​អ៊ុយ​ក្រែ​ន​ប្រឈម​នឹង​ការព្រួយបារម្ភ​ថា ទាហាន​នៅត្រង់​នី​ស្ត្រា​នឹងចូលរួម​ក្នុងការ​លុកលុយ​ប្រទេស​អ៊ុយ​ក្រែ​ន ​ដែរឬទេ​? រហូតមកដល់​ពេលនេះ រឿងនេះ​នៅ​មិនទាន់​កើតឡើង​ទេ​។​

​នៅ​រវាង​រូ​ម៉ា​នី និង​អ៊ុយ​ក្រែ​ន ម៉ុ​ល​ដាវី​ គឺជា​ប្រទេស​តូច​មួយ ដែលមាន​ប្រជាជន​តិចជាង ៣ លាន​នាក់ ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​រាប់​សតវត្សរ៍​ត្រូវបាន​ស្ថិតក្រោម​ឥទ្ធិពល​អាណា​ចក្រ​ជាច្រើន ដោយ​ដំបូង​គ្រប់គ្រង​ដោយ​ចក្រភព​អូ​តូ​ម៉​ង់ ក្រោយមក​រុស្ស៊ី ហើយ​សព្វថ្ងៃ​គឺ​អឺរ៉ុប និង​រុស្ស៊ី​។​

​ក្រុង​ម៉ូស្គូ​គ្រប់គ្រង​ស្ទើរតែ ១០០ ភាគរយ​នៃ​ការផ្គត់ផ្គង់​ថាមពល​ទៅកាន់​ប្រទេស​ម៉ុ​ល​ដាវី ហើយក៏​បន្ត​ការ​ញុះញង់​ជនជាតិ​ម៉ុ​ល​ដាវី ដែល​និ​យាយ​ភាសា​រុស្ស៊ី ដើម្បី​បង្ក​អស្ថិរភាព ជាពិសេស​នៅក្នុង​តំបន់​ត្រង់​នី​ស្ត្រា​។​

​ការ​ញុះញង់​បែបនេះ បានកើត​​ឡើង​ម្ដងទៀត​កាលពី​ថ្ងៃ​សុក្រ​នៅពេលដែល​លោក​ឧត្ដមសេនីយ៍ត្រី​រាស់​ស្តា​ម មីន​នី​កា​យ៉េ​វបាន​និយាយថា​៖ «​ការគ្រប់គ្រង​របស់​រុស្ស៊ី​លើភាគខាងត្បូង​នៃ​អ៊ុយ​ក្រែ​ន គឺជា​ផ្លូវ​មួយ​ផ្សេងទៀត​ទៅកាន់​ត្រង់​នី​ស្ត្រាដែលជា​កន្លែង​ដែលមាន​ករណី​មនុស្ស​និយាយ​ភាសា​រុស្ស៊ី ត្រូវបាន​គេ​ជិះ​ជាន់​»​។​

​រដ្ឋាភិបាល​ម៉ុ​ល​ដាវី បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ភ្លាម ​ដើម្បី​ធ្វើការ​​តវ៉ា​អំពី​ការលើកឡើង​របស់​ឧត្ដម​សេនីយ៍​រុស្ស៊ី​រូបនេះ ដោយ​និយាយថា «​វា​មិន​ត្រឹមតែ​ទទួលយក​បានទេ ប៉ុន្តែ​ក៏​គ្មាន​មូលដ្ឋាន​» ហើយនឹង​នាំឱ្យមាន «​ការបង្កើន​ភាព​តានតឹង​»​។​

​ម៉ុ​ល​ដាវី បាន​ថ្កោលទោស​ការ​​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន និង​បាន​រារាំង​ជនជាតិ​ម៉ុ​ល​ដាវី​ពី​ការបិទ​និមិត្តសញ្ញា​គាំទ្រ​រុស្ស៊ី​នៅលើ​រថយន្ត​របស់​ពួកគេ​។ ក្នុងពេល​ជាមួយគ្នានេះ ប្រទេស​នេះ​មិនបាន​ចូលរួម​ទាំងស្រុង​លើ​ការដាក់ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​លើ​រុស្ស៊ី​ទេ ដោយសារ​ខ្លាច​គេ​កាត់ផ្តាច់​ឧស្ម័ន​ពី​រុស្ស៊ី​។​

​នៅពេលដែល​សង្គ្រាម​ចាប់ផ្ដើម​នៅ​អ៊ុយ​ក្រែ​ន ប្រជាពលរដ្ឋ​ម៉ុ​ល​ដាវី​នៅ​រដ្ឋធានី​ឈី​ស៊ី​ណូ បាន​ត្រូវ​ដាស់​ងើប​ពី​ដំណេក​ដោយ​សំឡេង​ផ្ទុះ​ពី​អ៊ុយ​ក្រែ​ន​។ ក្រោយមក​ជនភៀសខ្លួន បានចាប់ផ្ដើម​ឆ្លង​ព្រំដែន​ចូល​ប្រទេស​ម៉ុ​ល​ដាវី ដែល​មកដល់ពេលនេះ​បានទទួល​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​យ៉ាង​​ហោចណាស់ ៤០០ ០០០ នាក់ បង្កឱ្យមាន​សម្ពាធ​យ៉ាងខ្លាំង​ដល់​ប្រព័ន្ធ​សេវាសាធារណៈ​នៃ​ប្រទេស​ក្រីក្រ ជាងគេ​នៅ​អឺរ៉ុប​។​

​តម្លៃ​ទំនិញ​ទូទៅ បាន​កើនឡើង​យ៉ាងខ្លាំង ខណៈពេលដែល​ខ្សែចង្វាក់​ផ្គត់ផ្គង់​ត្រូវបាន​រំខាន​។

​និយោជក​មួយចំនួនធំ ត្រូវ​បញ្ចុះ​បញ្ចូល និយោជិត​របស់​ពួកគេ​កុំឱ្យ​រត់​ភៀសខ្លួន​ចេញពី​ម៉ុ​ល​ដាវី ដោយសារ​ការភ័យខ្លាច​អំពី​ការរីក​រាលដាល​នៃ​សង្គ្រាម​។​

​ម៉ុ​ល​ដាវី​ទទួល​ឧស្ម័ន​ទាំង​អស់ពី​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី ហើយ​បើទោះបីជា​មេដឹកនាំ​ប្រទេស​ម៉ុ​ល​ដាវី បាន​ពិភាក្សា​អំពី​ការអះអាង​ដ៏​ធំ​មួយ​អំពី​ការផ្ដាច់​ប្រទេស​ចេញពី​ការប្រើប្រាស់​ឧស្ម័ន​របស់​រុស្ស៊ី និង​ការ​ទទួលបាន​ថាមពល​ពី​ប្រទេស​ផ្សេងទៀត​ដូចជា​អា​ស៊ែ​បៃ​ហ្ស​ង់ តួ​ក​គី និង​រូ​ម៉ា​នី​ក៏ដោយ ក៏​គ្មាន​នរណាម្នាក់​ក្នុងចំណោម​ប្រទេស​ទាំងនោះ​អាច​ចូលមក​ជិត​អ្វីដែល​រុស្ស៊ី​ផ្ដល់​នោះទេ​។​

​ដូច្នេះហើយ រុស្ស៊ី​បន្ត​ប្រើ​ឥទ្ធិពល​របស់ខ្លួន​ជុំវិញ​តម្លៃ​ឧស្ម័ន ដើម្បី​រុញច្រាន​ប្រទេស​ម៉ុ​ល​ដាវី​។ ជា​ឧ​ទា​ហរ​ណ៍ រុស្ស៊ី​បាន​ធ្លាប់​និយាយថា ខ្លួន​អាច​បញ្ចុះតម្លៃ​ឧស្ម័ន ប្រសិនបើ​ម៉ុ​ល​ដាវី​យល់ព្រម​ធ្វើការ​លះបង់​លើ​បញ្ហា​ត្រង់​នី​ស្ត្រា ប៉ុន្តែ​ម៉ុ​ល​ដាវី​បាន​បដិសេធ​។​

​បញ្ហា​ភ្លោះ​របស់​ម៉ុ​ល​ដាវី គឺ​ថាមពល និង​ត្រង់​នី​ស្ត្រា មាន​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​។ នៅ​សម័យ​សូ​វៀត រោងចក្រ​ថាមពល​ដ៏​ធំ​បំផុត​របស់​ម៉ុ​ល​ដាវី និង​ស្ថានីយ​បូម​ហ្គាស​ដ៏​ធំ​បំផុត​ចំនួន ​២ ត្រូវបាន​សាងសង់​នៅត្រង់​នី​ស្ត្រា​។ អ្នកវិភាគ​មួយចំនួន​និយាយថា មេដឹកនាំ​សូ​វៀត​ហាក់​បានរៀបចំ​ធ្វើបែបនេះ​ ដើម្បី​ត្រៀម​សម្រាប់​ករណី​ដែល​ម៉ុ​ល​ដាវី​ផ្ដាច់ខ្លួន​ចេញពី​សហភាពសូវៀត​។​

​បញ្ហា​ត្រង់​នី​ស្ត្រា គឺមាន​លក្ខណៈ​ស្រដៀង​នឹង​សង្គ្រាម​ផ្ដាច់ខ្លួន​នៅ​តំបន់​ដុន​បាស ប្រទេស​អ៊ុយ​ក្រែ​ន ដែល​ចាប់ពី​ឆ្នាំ ​២០១៤ ត្រូវបាន​កាន់កាប់​ដោយ​ក្រុម​ផ្ដាច់ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី​។ បញ្ហា​ត្រង់​នី​ស្ត្រា ក៏បង្ក​ការលំបាក​ឱ្យ​ក្ដីសង្ឃឹម​របស់​ម៉ុ​ល​ដាវី​ក្នុង​ការចូល​ជា​សមាជិក​សហភាព​អឺរ៉ុប ខណៈពេលដែល​សមាជិក​សហភាព​អឺរ៉ុប​មាន​ភាពស្ទាក់ស្ទើរ​ទទួល​យក​ប្រទេស​មាន​ទឹកដី​មាន​ជម្លោះ​បែបនេះ​៕

វីដេអូ៖