កាលពីថ្ងៃសៅរ៍ ទី ២៣ មេសា គ្រាប់មីស៊ីលបានធ្លាក់ទៅលើហេដ្ឋារចនាសម្ព័ន្ធ និងអគារគេហដ្ឋានចំនួន២នៅក្រុងអូដេសាភាគខាងត្បូងអ៊ុយក្រែន ខណៈពេលដែលការលុកលុយ របស់រុស្ស៊ីឈានដល់ថ្ងៃទី ៥៩ បន្ទាប់ពីការចាប់ផ្ដើម។
លោកអេនឌ្រី យឺម៉ាក មេការរបស់ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថាមនុស្ស៥នាក់ ដែលរួមមានទារកអាយុ៣ខែម្នាក់ ត្រូវស្លាប់ ក្នុងការវាយប្រហារនេះ។ ប្រភពក្នុងរដ្ឋាភិបាលអ៊ុយក្រែននិយាយថា ពួកគេសង្ស័យមីស៊ីលចម្ងាយឆ្ងាយយ៉ាងហោចណាស់ ៦ គ្រាប់គឺត្រូវបានបាញ់ដោយយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ TU-95 ពីសមុទ្រកាស្ពៀន ប្រមាណជិត ១៥០០ គីឡូម៉ែត្រពីទីក្រុងនេះ។
មន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែននិយាយថា កងកម្លាំងអ៊ុយក្រែន បានបាញ់ទម្លាក់មីស៊ីលបានមួយចំនួន ប៉ុន្តែយ៉ាងហោចណាស់មីស៊ីលចំនួន១គ្រាប់ បានធ្លាក់ហើយផ្ទុះនៅអគារគេហដ្ឋានមួយ។
ការវាយប្រហារនេះ បានកើតឡើង១ថ្ងៃ បន្ទាប់ពីឧត្ដមសេនីយ៍រុស្ស៊ី១ រូបនិយាយថាគោលដៅថ្មីរបស់ក្រុងម៉ូស្គូគឺការចូលគ្រប់គ្រងឆ្នេរសមុទ្រខ្មៅនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ខណៈពេលដែលរុស្ស៊ីចាប់ផ្ដើមការវាយលុកសាជាថ្មី។
លោកឧត្ដមសេនីយ៍ត្រីរុស្តាម មីនីកាវនិយាយថា៖ «ចាប់តាំងពីការចាប់ផ្តើមនៃដំណាក់កាលទី២ នៃប្រតិបត្តិការពិសេស ភារកិច្ចមួយក្នុងចំណោមភារកិច្ចរបស់កងទ័ពរុស្ស៊ីគឺបង្កើតការគ្រប់គ្រងពេញលេញលើតំបន់ដុនបាស និងភាគខាងត្បូងអ៊ុយក្រែន។
ការវាយលុកនេះ គឺមិនត្រឹមតែបង្កើតផ្លូវគោករវាងឧបទ្វីបគ្រីមៀរ ទៅកាន់តំបន់ផ្ដាច់ខ្លួនដុនបាសនោះទេ ប៉ុន្តែក៏នឹងកាត់ផ្ដាច់អ៊ុយក្រែនចេញពីផ្លូវសមុទ្រអន្តរជាតិទៀតផង៕