រដ្ឋាភិបាល​អាមេរិក​បាន​ព្រមាន​កោះសូឡូម៉ុង​ថា ​ខ្លួន​នឹង «ឆ្លើយ​តប​ស្មើ​គ្នា»​ ប្រសិន​បើ​កិច្ចព្រមព្រៀង​សន្តិសុខ​រវាង​កោះ​នេះ​ និង​ក្រុង​ប៉េកាំង​ ឈាន​ដល់​ការ​បង្កើត​មូលដ្ឋាន​យោធា​ចិន​នៅ​កោះ​ប៉ាស៊ីហ្វិក​នេះ​។

សេតវិមាន​បាន​និយាយ​ថា ​គណៈប្រតិភូ​អាមេរិក​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​កោះសូឡូម៉ុង​បាន​បញ្ជូន​សារ​ដោយ​ផ្ទាល់​ទៅ​កាន់​លោក​នាយករដ្ឋមន្ត្រី​ ម៉ាណាសេ សូហ្គារ៉ា​ ខណៈ​ពេល​ដែល​ព័ត៌មាន​អំពី​កិច្ចព្រមព្រៀង​នេះ​បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​សំខាន់​មួយ​ក្នុង​ការ​បោះឆ្នោត​ប្រទេស​អូស្ត្រាលី​។

ព័ត៌មាន​លម្អិត​នៃ​កិច្ចព្រមព្រៀង​គឺ​មិន​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​សាធារណ​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​បើ​តាម​ច្បាប់​ព្រាង​នៃ​កិច្ចព្រមព្រៀង វា​នឹង​អនុញ្ញាត​ឱ្យ​ប៉ូលិស​ចិន​ប្រដាប់​អាវុធ​ដាក់​ពង្រាយ​តាម​សំណើ​របស់​រដ្ឋាភិបាល​កោះ​សូឡូម៉ុង​ដើម្បី​រក្សា «សណ្ដាប់​ធ្នាប់​សង្គម»​។ ហើយ​ក៏​នឹង​អនុញ្ញាត​ឱ្យ​ «នាវា​ចិន​ធ្វើ​ការចូល​ចត​ បំពេញ​បន្ថែម​ផ្នែក​ភ័ស្តុភារ​ ឈប់​សម្រាក​ និង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​នាវិក​នៅ​កោះសូឡូម៉ុង»​ ហើយ​កង​កម្លាំង​ចិន​ក៏​អាច​ដាក់​ពង្រាយ​ «ដើម្បី​ការពារ​សុវត្ថិភាព​របស់​បុគ្គលិក​ចិន​ និង​គម្រោង​ធំៗ​នៅ​កោះសូឡូម៉ុង»​។

ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​រដ្ឋបាល​លោក​ បៃដិន​ បាន​និយាយ​ថា​ លោក​សួហ្គារ៉ា​បាន​ធានា​ប្រាប់​អាមេរិក​ថា ​នឹង​មិន​មាន​វត្តមាន​របស់​ចិន​រយៈ​ពេល​វែង​នៅ​លើ​កោះ​នោះ​ទេ​។ ប៉ុន្តែ​បើ​ទោះ​ជា​យ៉ាង​ក្ដី​ សហរដ្ឋអាមេរិក​នឹង «តាម​ដាន​ការ​អភិវឌ្ឍ​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ការ​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ​ក្នុង​តំបន់»​៕

វីដេអូ៖