​លោក ​អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​ប្ដេជ្ញា​បង្រួបបង្រួម​ប្រទេស​បារាំង ​ដែល​បែកបាក់​គ្នា​ដោយសារ​នយោបាយ​ បន្ទាប់ពី​លោក​បានឈ្នះ​អា​ណ​ត្តិ​ទី​២ ជា​ប្រធានាធិបតី​បារាំង​ក្នុង​ជ័យជម្នះ​ដ៏​ច្បាស់​មួយ​លើ​លោកស្រី​ ម៉ា​រី​ន ឡឺ​ប៉ែន ដែល​បើទោះបីជា​ចាញ់ ក៏ដោយ​ក៏​ទទួលបាន​សន្លឹក​ឆ្នា​ត​គាំទ្រ​ចំនួន ​១៣ ​លាន​ផងដែរ​ ដែលជា​កម្រិត​គាំទ្រ​ខ្ពស់បំផុត​សម្រាប់​គណបក្ស​ស្ដាំ​និយម​ជ្រុល​របស់​លោកស្រី​។​

​លោក​ ម៉ា​ក្រុង បាន​ក្លាយជា​មេដឹកនាំ​បារាំង​ដំបូង​ដែល​ជាប់ឆ្នោត​ម្ដងទៀត ដើម្បី​កាន់​អាណត្តិ​ទី​២ ​ក្នុង​រយៈពេល​ ២០ ឆ្នាំ​ដោយ​ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ ​៥៨,៥៤ ភាគរយ ធៀប​នឹង ​៤១,៤៦​ភាគរយ​ដែល​លោកស្រី ​ឡឺ​ប៉ែន​ បានទទួល​។​

​ក្នុង​ពិធី​ប្រកាស​ជ័យជម្នះ​នៅ​ទួ​អេ​ហ្វែ​ល លោក ​ម៉ា​ក្រុង ​បាន​ប្ដេជ្ញា​ធ្វើការ​ឆ្លើយតប «​ប្រកប​​ដោយ​ប្រសិទ្ធភាព​» ចំពោះ «​កំហឹង និង​ការមិនយល់ស្រប​» របស់​អ្នកបោះឆ្នោត​គាំទ្រ​គណ​​បក្ស​ស្ដាំនិយម​ជ្រុល​។​

​លោក ​ម៉ា​ក្រុង បាន​យកជ័យ​ជម្នះ​ដោយមាន​គម្លាត​ទាប​ជាង​គម្លាត​ជ័យជម្នះ ​៦៦ ភាគរយ ​កាលពី​ឆ្នាំ​ ២០១៧​។ ការចូលរួម​ដោយ​ប្រជាជន​ក្នុងការ​បោះឆ្នោត​នេះ ក៏​ទាប​ជាង​កាលពី​ ៥ ​ឆ្នាំមុន​ដោយមាន​ការប៉ាន់ស្មាន​ថា មាន​អ​វត្ត​មាន ​២៨ ភាគរយ​ឯណោះ​។​

​លោកស្រី ​ឡឺ​ប៉ែន បាន​ជោគ​ជ័យ​ក្នុង​ការទទួល​សំឡេងគាំទ្រ​ច្រើនជាងគេ​ក្នុង​ប្រវត្តិ​ស្ដាំនិយម​ជ្រុល​ បន្ទាប់ពី​លោកស្រី​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ដោយ​ផ្អែកលើ​ការប្ដេជ្ញា​ជុំវិញ​បញ្ហា​ក្ដៅ​ជាច្រើន​ដូចជា​ការ​កើន​​ឡើង​នៃ​តម្លៃ​រស់នៅ ការហាមឃាត់​មិនឱ្យ​សាសនិក​មូស្លីម​ពាក់​ឧបករណ៍​រុំ​ក្បាល​នៅ​ទី​សាធារណ​: ក៏​ដូច​ការសន្យា​អនុវត្ត​វិធានការ​ ដើម្បី​ផ្ដល់​អាទិភាព​ដល់​ប្រជាជន​ដើម​​កំណើត​បារាំង​សម្រាប់​ការងារ លំនៅឋាន និង​ការថែទាំ​សុខ​ភាព​ជាង​ជន​អន្តោ​ប្រវេ​សន្ត​។ លោកស្រី​និយាយថា ចំនួន​ការគាំទ្រ​របស់លោក​ស្រី​គឺ «​ជ័យ​​ជម្នះ​ដ៏​ភ្លឺស្វាង​» ហើយ​បន្ថែមទៀតថា​៖ «​គំនិត​ដែល​យើង​តំណាង​កំពុង​ឈានដល់​កម្ពស់​ថ្មី​»៕

​​

វីដេអូ៖