ប្រទេស​ស៊ុយអែត និង​ហ្វាំ​ងឡង់ គឺជា​ប្រទេស​អឺរ៉ុប ​២ ​ដែល​ប្រកាន់ខ្ជាប់​នូវ​ជំហរ​អព្យាក្រឹត​មិន​ចូល​ជា​សម្ព័ន្ធភាព​យោធា​ជា​យូរលង់​ណាស់​មកហើយ ប៉ុន្តែ​ឥឡូវនេះ​បាន​កាន់តែ​ខិត​ទៅរក​ការចូល​ជា​សមាជិក​នៃ​អង្គការ​ណា​តូ បន្ទាប់ពី​រុស្ស៊ី​ចូលលុកលុយ​អ៊ុយ​ក្រែ​ន​។​

​កាលពី​សប្ដាហ៍​មុន នាយករដ្ឋមន្ត្រី​ស៊ុយអែត លោកស្រី ​ម៉ា​ដា​លេ​ណា អេ​ន​ឌឺ​សុន ក្នុង​កិច្ចប្រជុំ​ជាមួយ​នាយករដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់ ​លោកស្រី ​សាន់​ណា ម៉ា​រិ​ន បាន​និយាយថា​៖ «​ទិ​ដ្ឋ​ភាព​សន្តិសុខ​បាន​ផ្លាស់ប្ដូរ​ទាំងស្រុង​»​។ ការលើកឡើង​ដោយ​លោកស្រី​ អេ​ន​ឌឺ​សុន នៅពេល​ថ្មីៗ​នេះ បាន​តំណាងឱ្យ​ការផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​ក្នុង​ទស្សនៈ​របស់លោក​ស្រី ​ជុំវិញ​សមាជិកភាព​អង្គការ​ណា​តូ​។ ត្រឹមតែ​ដើមខែ​នេះ​ប៉ុណ្ណោះ លោកស្រី​និយាយថា ប្រសិនបើ​ស៊ុយអែត​ចូល​ជា​សមាជិក​ណា​តូ នោះ​វា​នឹង «​បន្ថែម​អស្ថិរភាព​តំបន់​នេះ​នៃ​អឺរ៉ុប និង​បង្កើន​ភាព​តានតឹង​»​។​

​ការផ្លាស់ប្ដូរ​ជំហររបស់លោក​ស្រីឆ្លុះបញ្ចាំង​អំពី​ការ​​ផ្លាស់ប្ដូរ​ជំហរ​របស់​ប្រជា​ពល​រដ្ឋ​ប្រទេស​ទាំង​ ២ ខណៈពេលដែល​ពួកគេ​ប្រតិកម្ម​នឹង​ព័​ត៌មាន​ដ៏​គួរឱ្យ​រន្ធត់​ពី​ប្រទេស​អ៊ុយ​ក្រែ​ន​។ ក្នុង​ការស្ទង់មតិ​នាពេល​ថ្មីៗ​នេះ ៦៨ ​ភាគរយ​នៃ​ប្រជាជន​ហ្វាំ​ង​ឡង់​គាំទ្រ​ការ​​ចូល​ជា​សមាជិក​ណា​តូ​។ នេះ​បើ​ធៀប​នឹង ២៤ ភាគរយ​កាលពី​ឆ្នាំមុន ហើយ​ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​ភាគច្រើន​នៃ​ប្រជាជន​ស៊ុយអែត​គាំទ្រ​ការ​​ចូល​ជា​សមាជិក​នៃ​សម្ព័ន្ធភាព​យោធា​នេះ​។​

​ខណៈពេលដែល​ប្រទេស​ទាំង​ ២ មាន​ទំនាក់ទំនង​វប្បធម៌ និង​សេដ្ឋកិច្ច​ជិតស្និទ្ធ​ជាមួយ​អឺរ៉ុប ពួកគេ​ជា​ប្រវត្តិសាស្ត្រ​បាន​បដិសេធ​មិន​ចូល​ជាស​មា​ជិ​ក​អង្គការ​ណា​តូ បើទោះបីជា​ប្រទេស​ប្លុក​កុម្មុយនីស្ត​ជាច្រើន​បានធ្វើ​បែបនេះ​ បន្ទាប់ពី​ការដួលរលំ​នៃ​សហភាពសូវៀត​។ ប្រទេស​ស៊ុយអែ​ត ​បាន​បដិសេធ​មិន​ចូល​ជា​សមាជិក​ដោយសារ​គោល​នយោបាយ​អព្យាក្រឹត ដែល​ខ្លួន​មាន​ចាប់ពី​សតវត្សរ៍ ១៨០០ មក​។ រីឯ​ប្រទេស​ហ្វាំ​ង​ឡង់ បាន​ប្រកាន់​ជំហរ​អព្យាក្រឹត​ដោយសារ​ខ្លួន​ធ្លាប់ធ្វើ​សង្គ្រាម​ជាមួយ​សហភាពសូវៀត​ កាលពី​សម័យ​សង្គ្រាមលោក​លើក​ទី​២ ហើយ​មិន​ចង់​ចូល​ជា​សមាជិក​សម្ព័ន្ធភាព​យោធា ដោយ​ព្រួយបារម្ភ​ថា ការធ្វើ​បែបនេះ​នឹងធ្វើ​ឱ្យ​ភាព​​តានតឹង​កើនឡើង​។​

​អង្គការ​ណា​តូ​ត្រូវបាន​បង្កើត​ក្រោយ​សង្គ្រាមលោកលើកទី​២ ដើម្បី​ផ្ដល់​ការការពារ​សមូហភាព​ដល់​សមាជិក ពោលគឺ​ប្រសិនបើ​សមាជិក​មួយ​រង​ការវាយប្រហារ​សមា​ជិ​ក​ទាំងអស់​ត្រូវ​មក​ការពារ​។ ប្រទេស​រុស្ស៊ី​ ចាត់ទុក​អង្គការ​នេះ​ជាការ​គំរាមកំហែង​ផ្ទាល់ ហើយ​ប្រធានាធិបតី​រុស្ស៊ី​លោក ​វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​និយាយថា​ ការទាមទារ​សមាជិកភាព​របស់​អ៊ុយ​ក្រែ​ន ​គឺជា​ហេតុផល​ចម្បង​មួយ​នៃ​ការសម្រេចចិត្ត​របស់លោក​ក្នុងការ​ចាប់ផ្ដើម​សង្គ្រាម​ពេលបច្ចុប្បន្ន​។

ក្រសួង​ការ​បរទេស​រុស្ស៊ី​បាន​ព្រមាន​រួចទៅហើយ​ថា ប្រសិនបើ​ស៊ុយអែត និង​ហ្វាំ​ង​ឡង់​ចូល​ជា​សមាជិក​ណា​តូ នោះ​នឹងមាន «​ផល​វិបាក​ខាង​នយោបាយ និង​យោធា​ធ្ងន់ធ្ងរ​»​។

​អ្នកគាំទ្រ​ការចូល​ជាស​មា​ជិ​ក​អង្គការ​ណា​តូ បាន​ចង្អុល​ទៅកាន់​ការ​លុកលុយ​ប្រទេស​អ៊ុយ​ក្រែ​ន​ថា ​ជា​ឧទាហរណ៍​នៃ​គ្រោះថ្នាក់​ប្រទេសជិតខាង​រុស្ស៊ី​កំពុង​ប្រឈមមុខ ហើយ​ការចូល​ជា​សមាជិក​នឹង​ជួយ​ឱ្យ​ប្រទេស​ទាំងនេះ​ចៀសវាង​កុំឱ្យ​រឿងនេះ​កើតឡើង​ទៅលើ​ពួកគេ​។

​អ្នកវិភាគ​មួយចំនួនក៏​និយាយ​ថា អង្គការ​ណា​តូ និង​សមាជិក​ពួកគេ​ក៏​នឹង​ទទួលផល​ប្រយោជន៍​ពី​ការចូល​ជា​សមាជិក​នៃ​ប្រទេស​ស៊ុយអែត និង​ហ្វាំ​ង​ឡង់​ផងដែរ​។ បើទោះបីជា​ប្រទេស​ទាំង ​២​មាន​ចំនួន​ប្រជាជន​តិច ពួកគេ​មាន​យោ​ធា​ដ៏​មាន​សមត្ថភាព​ធៀប​នឹង​ទំហំ​ចំនួន​ប្រជាជន​។

​បន្ថែម​ពីលើ​នេះ​ទីតាំង​ប្រទេស​ទាំង ​២ ក៏​ផ្ដល់​សមត្ថភាព​ឱ្យ​អង្គការ​ណា​តូ ​ដើម្បី​ដាក់​ទ័ព​នៅ​ភាគ​ខាងជើង​ប្រទេស​រុស្ស៊ី​។​

​ប៉ុន្តែ​អ្នក​រិះគន់​មួយចំនួនព្រួយបារម្ភ​ថា ការធ្វើ​បែបនេះ​គឺ​នឹងធ្វើ​ឱ្យ​លោក ពូ​ទីន ធ្វើការ​សងសឹកនៅ​ចំ​ពេលដែល​លោក​អាចមាន​ចិត្ត​ឆេវឆាវ​ដោយសារ​សង្គ្រាម​អ៊ុយ​ក្រែ​ន​។ អ្នក​ខ្លះទៀត​និយាយថា ការ​​ពង្រីក​របស់​អង្គការ​ណា​តូ នឹង​បង្កើន​ឱកាស​ផ្ទុះ​ជម្លោះ​ដែល​អាច​ឈានដល់​សង្គ្រាម​លោក​។​

​អ្នកខ្លះ​ផ្សេងទៀត​និយាយថា មិនគួរ​មាន​សម្ព័ន្ធភាព​យោធា​ដូច​ណា​តូ​ទេ​។ អ្នក​ស្ដាំនិយម​​ជ្រុល​និយាយថា ការចូល​ជា​សមាជិក​នៃ​ប្រទេស​តូចៗ នឹងធ្វើ​ឱ្យ​ពួកគេ​ឈប់​បំពេញ​កា​ត​ព្វ​កិច្ច​របស់​ពួកគេ ដោយ​សំ​អាង​ថា ប្រទេស​ធំៗ​នឹង​មកជួយ​ការពារ​ខ្លួន​។ រីឯ​អ្នក​នៅ​ខាងឆ្វេង​និយម​ជ្រុល​និយាយថា ការបង្កើន​កងកម្លាំង​យោធាជាជាង​ការបង្កើន​ចលនា​អហិង្សា គឺ​ចុងក្រោយ​នឹង​បង្ក​ផលប៉ះពាល់ ដល់​សន្តិភាព​ពិភពលោក​៕

វីដេអូ៖