កាល​ពី​ថ្ងៃ​អាទិត្យ ទី ​២៤ មេសា ​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ធ្វើ​ការ​ការពារ​ការ​ឆ្លើយ​តប​របស់​ខ្លួន​ចំពោះ​ទំនាក់ទំនង​រវាង​ចិន​និង​កោះសូឡូម៉ុង​ដែល​ថ្មីៗ​នេះ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​សន្តិសុខ​ខណៈ​ពេល​ដែល​រដ្ឋាភិបាល​នេះ​ប្រឈម​នឹង​ការ​បោះឆ្នោត​នៅ​ខែ​ក្រោយ​ដែល​ពួកគេ​ចង់​បង្ហាញ​អំពី​ភាព​ជោគជ័យ​សន្តិសុខ​របស់​ពួកគេ​។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អូស្ត្រាលី​លោក​ពីធឺដាត់តុន​បាន​និយាយ​នៅ​លើ​បទ​សម្ភាស ​មួយ​ថា​ភាព​ជោគជ័យ​របស់​ប្រទេស​ចិន​គឺ​ដោយ​សារ​ទីលាន​ប្រកួត​មិន​ស្មើ​គ្នា​ដែល​ពាក់ព័ន្ធ​និង​ប្រើប្រាស់​យុទ្ធសាស្ត្រ​គ្មាន​រដ្ឋាភិបាល​ណា​ហ៊ាន​ធ្វើឬ​ប្រកួត​ជា​មួយ​បាន​។

លោក​បាន​និយាយ​ថា​៖ «ប្រសិន​បើ​ក្រឡេក​មើល​អ្វី​ដែល​កើត​ឡើង​នៅ​ទ្វីប​អាហ្វ្រិក​មាន​ការ​សូក​សំណូក​កំពុង​កើត​ឡើង​យើង​មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​វិធី​បែប​នោះ​បាន​ទេ»​។

ប៉ុន្តែ​លោក​បដិសេធ​មិន​បញ្ជាក់​ថា​មាន​ការ​សូក​សំណូក​ដែរ​ឬ​ទេ​ក្នុង​ករណី​កោះសូឡូម៉ុង​។

រីឯ​លោក​នាយករដ្ឋមន្ត្រី​ស្កុត​ម៉ូរីសុន​បាន​និយាយ​ថា​លោក​មាន​ជំហរ​ដូច​សហរដ្ឋអាមេរិក​និង​នូវែលសេឡង់​ ក្នុង​ការ​កំណត់​ «ខ្សែ​បន្ទាត់​ក្រហម» ជុំវិញ​ការ​បង្កើត​មូលដ្ឋាន​យោធា​នៅ​លើ​កោះសូឡូម៉ុង​។

កិច្ចព្រមព្រៀង​ប្រកាស​កាល​ពី​ដើម​ខែ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ផ្លូវ​ដ៏​សំខាន់​មួយ​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ប្រទេស​ចិន​នៅ​តំបន់​ប៉ាស៊ីហ្វិក​ ដែល​ភាគ​ច្រើន​ប្រវត្តិសាស្ត្រ​បច្ចុប្បន្ន​គឺ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​សហរដ្ឋអាមេរិក អូស្ត្រាលី​ និង​នូវែលសេឡង់​។

ប្រទេស​ចិន​បាន​និយាយ​ថា​កិច្ចព្រមព្រៀង​នេះ​ នឹង​ជួយ​កោះសូឡូម៉ុង​ក្នុង​ការ​រក្សា​សណ្ដាប់​ធ្នាប់​សង្គម​ និង​ទប់ទល់​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ​។ ចិន​ក៏​បាន​និយាយ​ថា​វា​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​សហរដ្ឋអាមេរិក​ទេ​ ខណៈ​ពេល​ដែល​កោះសូឡូម៉ុង​និយាយ​ថា​វា​មិន​ធ្វើ​ឱ្យ​ខូច​ដល់​សន្តិភាព​ក្នុង​តំបន់​៕