​មាន​ការដក​ដង្ហើមធំ​ធូរទ្រូង​នៅ​ទូទាំង​សហភាព​អឺរ៉ុប បន្ទាប់ប្រធានាធិបតី​បារាំង​លោក ​អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​យកឈ្នះ​មេដឹកនាំ​បក្ស​ស្ដាំ​និយម​ជ្រុល​ លោកស្រី ​ម៉ា​រី​ន ឡឺ​ប៉ែន នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​បារាំង​។​

​មេដឹកនាំ​ស្ដាំនិយម​ជ្រុល​មួយទៀត ក៏បាន​ដួលរលំ​ផង​​ដែរ​នៅ​ប្រទេស​ស្លូវេ​នី នៅពេលដែល​នាយករដ្ឋមន្ត្រី​៣​អាណត្តិ​លោក ​ចា​ណេ​ស ចាន​ហ្សា ​បាន​ចាញ់ឆ្នោត​សម្ព័ន្ធភាព​គណ​បក្ស​កណ្ដាល​និយម ក្នុងការ​​បោះឆ្នោត​សភា​កាលពី​ថ្ងៃអាទិត្យ​។​

​ការបរាជ័យ​ទាំង​ ២ ​នេះ​ ត្រូវបាន​គេ​មើលឃើញ​យ៉ាង​ទូលំ​ទូលាយ​ថា ​ជាការ​បន្ធូរ​សម្ពាធ​លើ​សហភាព​អឺរ៉ុប និង​គោល​ការណ៍​មូលដ្ឋាន​របស់ខ្លួន ដែល​រួមមាន​ឯករាជភាព​នៃ​ប្រព័ន្ធតុលាការ អធិបតេយ្យ​រួមគ្នា និង​ឧត្ដមភាព​ច្បាប់​អឺរ៉ុប​។ វា​ក៏​ប៉ះពាល់​ដល់​មហិច្ឆតា និង​ទស្សនៈ​ពិភពលោក​របស់លោក​ វិក​ទ័​រ អ័​របា​ន នាយក​​រដ្ឋមន្ត្រី​ហុង​គ្រី ដែល​គាំទ្រ​ពេញទំហឹង​ចំពោះ​លោកស្រី​ ឡឺ​ប៉ែន និង​លោក​ ចាន​ហ្សា​។​

​បន្ទាប់ពី​ជ័យជម្នះ​ផ្ទាល់ខ្លួន​របស់លោក​កាលពី​ដើមខែ​នេះ លោក​ អ័​របា​ន បានប្រកាសថា​៖ «​ពិភពលោក​ទាំងមូលបានឃើញ​យប់​នេះ​នៅ​ទីក្រុង​ប៊ុ​យដា​ប៉ែសថា ​នយោបាយ​ប្រជា​ធិបតេយ្យ​បែប​គ្រិស្តសាសនា នយោបាយ​ពលរដ្ឋ​អភិរក្ស​និយម និង​នយោបាយ​ស្នេហា​ជាតិ​បាន​យកឈ្នះ​។ យើង​កំពុង​ប្រាប់​អឺរ៉ុប​ថា នេះ​មិនមែនជា​អតីតកាល​ទេ នេះ​គឺជា​អនាគត នេះ​នឹង​ជា​អនាគត​អឺរ៉ុប​ទូទៅ​របស់​យើង​»​។​

​ប៉ុន្តែ​រឿងនេះ​នៅ​មិនទាន់​កើតឡើង​ទេ​។​

​ជាមួយនឹង​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន លោក​ អ័​របា​ន ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អតីត​ប្រ​ធានា​ធិបតី​អាមេរិក​ លោក​ ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​រុស្ស៊ី​ លោក​ វ្ល៉ា​ឌី​មៀរ ពូ​ទីន គឺ​កាន់តែ​នៅ​តែឯង​ក្នុង​សមាគម​អឺរ៉ុប​។ របៀប​ដឹកនាំ​របស់លោក​ អ័​របាន​ បាន​ធ្វើជា​គំរូ​ដល់​រដ្ឋា​ភិបាល​ស្ដាំនិយម​របស់​ប្រទេស​ប៉ូឡូញ ប៉ុន្តែ​ពួកគេ​បាន​ប្រឆាំង​លោក ពូ​ទីន និង​រុស្ស៊ី ជា​ពិ​សេសបន្ទាប់ពី​សង្គ្រាម​នេះ​ចាប់ផ្ដើម​។​

​លោក ​អ័​របា​ន បានទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ពី​លោក​ ត្រាំ អតីត​នាយករដ្ឋមន្ត្រីអ៊ី​ស្រាអែល​លោក ​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ អតីត​ឧបនាយក​រដ្ឋមន្ត្រីអ៊ី​តា​លី ​លោក ​ម៉ា​តេ​អូ សាល​វី​នី និង​មេដឹកនាំ​ស្ដាំ​និយម​ដទៃទៀត​។ ប៉ុន្តែ​បុគ្គល​ទាំងនេះ​បាន​ធ្លាក់​ពី​អំណាច​រួចទៅហើយ ធ្វើឱ្យ​លោក ​អ័​របា​ន ​បាត់បង់​សម្ព័ន្ធមិត្ត​សំខាន់ៗ​នៅ​ជុំវិញ​ពិភពលោក​។​

​កាលពី​ខែមីនា គណបក្ស​របស់លោក​ស្រី ​ឡឺ​ប៉ែន បានទទួល​ប្រាក់កម្ចី​ជាង ១០ លាន​អឺរ៉ូ​ពី​ធនាគារ​ហុង​គ្រី​មួយ​ ដែលមាន​ម្ចាស់​ជា​សម្ព័ន្ធមិត្ត​របស់លោក​ អ័​របា​ន ដើម្បី​ជួយ​ទ្រទ្រង់​យុទ្ធនាការ​បោះឆ្នោត​របស់​លោកស្រី​។ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្ដាញ​សង្គម​ហុង​គ្រី​បានបង្ហាញ​ការគាំទ្រ ជា​ចំហ​ចំពោះ​លោកស្រី ​ឡឺ​ប៉ែន និង​លោក​ ចាន​ហ្សា​។​

​ការកើនឡើង​គាំទ្រ​ចំពោះ​លោកស្រី​ ឡឺ​ប៉ែន បានបង្ហាញ​ថា​ចលនា​ប្រជា​និយម ទាំង​ស្ដាំ​និយម​ជ្រុល និង​ឆ្វេងនិយម​​ជ្រុល គឺ​នៅតែ​ជា​កម្លាំង​ដ៏​ខ្លាំងក្លា​មួយ​នៅ​ទ្វីបអឺរ៉ុប ខណៈពេលដែល​ប្រជាជន​ជាច្រើន​មាន​កំហឹង​ ជុំវិញ​ការកើនឡើង​អតិផរណា ការកើនឡើង​តម្លៃ​ថាមពល ការបន្ថយ​សម្ទុះ​កំណើនសេដ្ឋកិច្ច និង​ការ​ធុញ​​ថប់​នឹង​សហភាព​អឺរ៉ុប​។​

​ប៉ុន្តែ​ឥឡូវ​លោក ​ម៉ា​ក្រុង ក្នុងនាម​ជា​ប្រធានាធិបតី​បារាំង​ដំបូង​ក្នុង​រយៈពេល​ ២០​ ឆ្នាំ ​ដែល​បាន​ជាប់ឆ្នោត​ជា​លើកទី​២ មាន​សិទ្ធិអំណាច​ថ្មី​ ដើម្បី​ជំរុញ​គំនិត​របស់គាត់​សម្រាប់​ការទទួលខុសត្រូវ​អឺរ៉ុប​បន្ថែមទៀត និង​ការការពារ​សមូ​ហ​ភាព​។​

​បន្ទាប់ពី​ការចូល​និវត្ត​របស់​អធិការបតី​លោកស្រី​ អេ​នជេ​ឡា មឺ​រ​កែ​ល កាលពី​ឆ្នាំមុន លោក​ ម៉ា​ក្រុង ​ត្រូវបាន​គេ​មើលឃើញថា​ ជា​មេដឹកនាំ​ថ្មី​របស់​សហភាព​អឺរ៉ុប ជាមួយនឹង​សំឡេង និង​ជំហរ​ខ្លាំង​ជាង​មុន ដើម្បី​ជំរុញ​បញ្ហា​ចម្បង​របស់លោក​។​

​ប៉ុន្តែ​អ្នកវិភាគ​មួយចំនួន​និយាយថា ​លោក ​ម៉ា​ក្រុង ​ត្រូវតែ​រៀន​មេរៀន​ពី​អាណត្តិ​ទី​១ ​របស់លោក ហើយ​ធ្វើការ​ពិភាក្សា​ជាមួយ​អ្នកដទៃ​។ លោក​មាន​ទម្លាប់​ប្រកាស​គោ​លន​យោ​បាយ​ថ្មី​ដោយ​ខ្លួនឯង ហើយ​មិនបាន​ពិភាក្សា​ជាមួយ​អ្នក​​ដទៃ ធ្វើឱ្យ​សម​ភាគី​អឺរ៉ុប​របស់លោក​ខឹងសម្បា​។​

​បារាំង​កាន់កាប់​តំណែង​ប្រធាន​វិលជុំ​នៃ​សហភាព​អឺរ៉ុប​រហូតដល់​ចុងខែ​មិថុនា ហើយ​គោលដៅ​ចម្បង​មួយ​របស់លោក​ ម៉ា​ក្រុង ​ក្នុងអំឡុង​ពេលនេះ​ គឺ​ការជំរុញឱ្យ​ឈប់​នាំចូល​ប្រេង​រុស្ស៊ី​។ គេ​ព្យាករ​ថា លោក​ប្រឈម​នឹង​ការលំបាក​ក្នុងការ​ធ្វើបែបនេះ ដោយសារ​ប្រទេស​អឺរ៉ុប​ជាច្រើន​រំពឹង​លើ​ការនាំ​ចូល​ឥន្ធនៈ​ពី​រុស្ស៊ី​។​

​លោក​ក៏​ប្រឈមមុខ​នឹង​កង្វះ​មូលមតិ​គ្នា​លើ​របៀប​ឆ្លើយតប​នឹង​សកម្មភាព​អរិភាព​របស់​រុស្ស៊ី ដែល​រួមមាន​សំណួរ​ថា​តើ​រក្សា​ទំនាក់ទំនង​ជាមួយ​លោក ពូ​ទីន ​ដល់​កម្រិតណា និង​តើ​គួរផ្ដល់​ជំនួយ​យោធា​បែបណាខ្លះ​ទៅឱ្យ​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈពេល​អាល្លឺម៉ង់​មាន​ភាព​ស្ទាក់​ស្ទើរ ​ជុំវិញ​ការផ្គត់ផ្គង់​អាវុធធុន​ធ្ងន់​។​

​អាល្លឺម៉ង់​មាន​ភាពសប្បាយ​ចិត្ត​ជាង​ក្នុង​ក្របខ័ណ្ឌ​អង្គការ​ណា​តូ ក្រោម​ការដឹកនាំ​របស់​អាមេរិក ជាជាង​ចំណាយពេល​ច្រើន​លើ​គោល​គំនិត​របស់លោក ​ម៉ា​ក្រុង នៃ​ស្វ័យ​ភាពជា​យុទ្ធសាស្ត្រ​របស់​អឺរ៉ុប ហើយ​ប៉ូឡូញ និង​រដ្ឋ​ជួរមុខ​ផ្សេងទៀត​ដែលជា​ប់​ព្រំដែន​ជាមួយ​រុស្ស៊ី មិន​ដែលមាន​ទំនុក​ចិត្តច្រើន​លើ​គោលដៅ​របស់លោក​ ម៉ា​ក្រុង​ ទេ ឬ​ការសន្យា​របស់គាត់​ថា​ នឹងមិន​ធ្វើ​អ្វីដែល​ធ្វើឱ្យ​ណា​តូ​ខូចខាត​ទេ ដែលជា​អារម្មណ៍​ដែល​បាន​គូសបញ្ជាក់ដោយ​សង្គ្រាម​បច្ចុប្បន្ន​៕