អ្នក​ស្រុកនៅទី​ក្រុងប៉េកាំង ​មាន​ការភ័យ​ស្លន់ស្លោ​ក្នុង​ការទិញ​តេស្តកូវីដ​ស្ដុកទុក​ ក្រោយអាជ្ញាធរ​ បាន​ប្រកាសកាល​ពីថ្ងៃអាទិត្យ ​ថា​ អ្នក​ស្រុកនៅ​ក្នុងសង្កាត់​ដ៏ធំបំផុត​របស់​ទីក្រុងប៉េកាំង​គឺ​ Chaoyang ឥឡូវនេះ តម្រូវឱ្យធ្វើតេស្ត​ ៣ ​ដង​ក្នុង១សប្តាហ៍ ​ដើម្បី​ពន្យឺត​ការ​រីករាលដាល​នៃ​មេរោគនេះ​។

អ្នកស្រុក​នៅទី​ក្រុងប៉េកាំង ​បាន​ចាប់ផ្តើម​ទិញគ្រឿងទេស ​និង​ទំនិញសំខាន់ៗ​ស្ដុកទុក​ ដោយ​ភ័យខ្លាច​ថា ​ពួកគេ​ នឹងត្រូវ​ឆ្លងកាត់​ស្ថានភាព​បិទខ្ទប់​ស្រដៀង​ នឹង​ទីក្រុង​សៀងហៃ ​មានរយៈ​ពេលយូ​ររហូតដល់ទៅ ​៤ សប្ដាហ៍​ទៅហើយ។ ​យោងតាម​សារព័ត៌​មាន ​Reuters ​អ្នកស្រុក​ដើរទិញ​ឥវ៉ាន់​ស្តុកទុក​ដូចជា​ បន្លែ ​សាច់ស្រស់ ​មី ​និង​ក្រដាស​បង្គន់ជា​ដើម​។

តម្រូវការ​គ្រឿង​ទេសតាមផ្សារ ​និង​សេវាកម្ម​គ្រឿង​ទេស​តាម​អ៊ីនធឺណិត ​កើនឡើង​ខ្ពស់​ជាខ្លាំង។ ​ដោយ​ផ្សារ​ទំនើប​ Carrefour ​និង​ Wumart​ បាន​និយាយ​ថា ពួកគេ​បានបង្កើន​សារពើ​ភ័ណ្ឌទ្វេ​ដង​ខណៈពេល​ដែល​សេវា​កម្មដឹក​ជញ្ជូន ​Meituan ​ក៏បាន​បង្កើន​ចំនួន​បុគ្គលិក​របស់​ ពួកគេដែរ​។

ទោះជាយ៉ាងណា​ ក៏ដោយ ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់ទី​ក្រុងប៉េកាំង ​កំពុង​ជួបប្រទះ​នឹង​បញ្ហា​ផ្គត់ផ្គង់​ដ៏សំខាន់ ​ដោយសារ​តែខ្វះ​អ្នកនាំ​សំបុត្រ ​ដើម្បីធ្វើ​ការដឹក​ជញ្ជូន។

ទោះបីជាមាន ​ការជូន​ដំណឹងក៏ដោយ ​ក៏ការ​រឹតត្បិត​កូវីដ​របស់​ទីក្រុងប៉េកាំង​ មានភាពធូ​ ស្រាលជាង​បើប្រៀបធៀបទៅ​នឹងតំបន់ផ្សេង​ទៀតនៅក្នុង​ប្រទេសចិន​ ដោយ​សាលារៀន ​ហាង ​និង​ការិយាល័យ​ ភាគ​ច្រើននៅ Chaoyang ​នៅតែបើក ​ទោះបីជា ​មាន​ករណី ​កើនឡើង​ក៏ដោយ​៕​

វីដេអូ៖