​កាលពី​ថ្ងៃ​អង្គារ ទី ​២៦ មេសា​ រដ្ឋាភិបាល​ប្រទេស​ម៉ុ​ល​ដាវី ​បានរៀបចំ​កិច្ចប្រជុំ​សន្តិសុខ​អាសន្ន បន្ទាប់ពី​មានការ​ផ្ទុះ​ជាច្រើន​នៅ​តំបន់​ផ្ដាច់ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ឧត្ដមសេនីយ៍​រុស្ស៊ី​ ១ ​រូប​ហាក់ដូចជា​ឱ្យតម្រុយ​ថា ប្រទេស​នេះ​គឺជា​គោលដៅ​លុក​​លុយ​ថ្មី​បន្ទាប់ពី​អ៊ុយ​ក្រែ​ន​។​

​ការផ្ទុះ​យ៉ាងតិចណាស់​ ២​ បានកើត​ឡើង​នៅ​អង់​តែ​ន​វិទ្យុ​ភាសា​រុស្ស៊ី​មួយ​នៅ​ក្រុង​ម៉ៃ​អាក​នៃ​តំបន់​ផ្ដាច់ខ្លួន​ត្រង់​នី​ស្ត្រៀ ដែល​នៅជាប់​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ការផ្ទុះ​នេះ​បាន​កើន​​ឡើង​១ ថ្ងៃ ​បន្ទាប់ពី​ទីស្ដីការក្រសួង​សន្តិសុខ​រដ្ឋ​របស់​ក្រុម​ផ្ដាច់ខ្លួន ត្រង់​នី​ស្ត្រៀ បាន​រង​ការ​វាយ​ប្រហារ​ដោយ​រ៉ុ​កែ្ក​តបាញ់​ពី​ស្មា​។​

​អាជ្ញាធរ​ក្រុម​ផ្ដាច់ខ្លួន​ក៏​និយាយ​ថា កងកម្លាំង​យោធា​របស់​ពួកគេ​ក៏បាន​រង​ការវាយប្រហារ​ផងដែរ​។ ពួកគេ​មិនបាន​បញ្ចេញ​ព័ត៌មាន​លម្អិត​អំពី​ឧប្បត្តិ​ហេតុនេះ​ទេ ប៉ុន្តែ​បានប្រកាស «​ការ​ គំរាមកំហែង​ភេរវកម្ម​កម្រិត​ក្រហម​» ហើយ​បាន​សន្យា​អនុវត្ត​វិធានការ​សន្តិសុខ​បន្ថែមទៀត​។ វិមាន​ក្រឹម​ឡាំង​ក៏បាន​ដឹង​អំពី​ការផ្ទុះ​នេះដែរ​ដោយ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក ​ឌី​មី​ទ្រី ប៉េ​ស្កូវ ​បាន​និយាយថា ស្ថាន​​ភាព​នេះ «​ធ្វើឱ្យ​មានការ​ព្រួយ​​បារម្ភ​» កម្រិត​ខ្ពស់បំផុត​។​

​ជាការ​ឆ្លើយតប​ប្រធានាធិបតី​ម៉ុ​ល​ដាវី​ លោកស្រី ​ម៉ា​យ៉ា សាន់​ឌូ បាន​កោះហៅ​ប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ប្រទេស​លោកស្រី​៕