​ក្នុងការ​គំរាម​ទៅកាន់​លោក​ខាង​​លិចកាលពី​ថ្ងៃ​ពុធ ទី ​២៧ មេសា​ ប្រធានាធិបតី​រុស្ស៊ី​ លោក​ វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ប្ដេជ្ញា​ធ្វើការ​សងសឹក​លឿន​ដូច «​ផ្លេកបន្ទោរ​» លើ​ប្រទេស​ណា​ដែល ​«​ជ្រៀតជ្រែក​» ចូលក្នុង​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​។​

​លោក​និយាយថា​៖ «​ប្រសិនបើ​នរណាម្នាក់​ផ្សងព្រេង ​ដើម្បី​ធ្វើ​អន្តរាគម​ន៍​ពី​ខាងក្រៅ ហើយ​បង្ក​ការ​គំរាម​​កំហែង​មិន​ទទួលយកបាន ដែលមាន​ធម្មជាតិ​យុទ្ធសាស្ត្រ ទៅលើ​រុស្ស៊ី ពួកគេ​គួរតែ​ដឹងថា ការវាយប្រហារ​សងសឹក​នឹង​ប្រព្រឹត្ត​ទៅដោយ​ល្បឿន​រន្ទះ​»​។​

«​យើង​មាន​ឧបករណ៍​ទាំងអស់​ដើម្បី​ធ្វើ​រឿងនេះ​។ ប្រភេទ​ឧបករណ៍​ដែល​គ្មាន​នរណាម្នាក់​អាច​អួត​ឥឡូវនេះ​» លោក ពូ​ទីន បាន​និយាយ​បែបនេះ ដោយ​ហាក់ដូចជា សម្តី​ទៅ​មី​ស៊ី​ល​លឿន​ជាង​សំឡេង ដែល​រុស្ស៊ី​ប្រើប្រាស់​នៅ​អ៊ុយ​ក្រែ​ន ​កាលពី​ខែ​មុន​។

លោក​បន្ថែមទៀតថា​៖«​យើង​នឹងមិន​អួត យើង​នឹង​ប្រើ​ពួកវា​ប្រសិន​ចាំបាច់​។ ខ្ញុំ​ចង់ឱ្យ​អ្នក​ទាំងអស់គ្នា​ដឹង​»​។​

​ប្រទេស​ជា​សមាជិក​ណា​តូ និង​សម្ព័ន្ធមិត្ត​ផ្សេងទៀត​បាន​សន្យា​បន្ត​ការគាំទ្រ​អ៊ុយ​ក្រែ​ន នៅពេលដែល​រុស្ស៊ី​បង្កើន​ការវាយលុក​របស់ខ្លួន​នៅ​ភាគ​ខាងកើត និង​ខាងត្បូង​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​នៅ​សប្ដាហ៍​នេះ រុស្ស៊ីបាន​បង្ក​ឱ្យ​កំហឹង​អន្តរជាតិ បន្ទាប់ពី​ពួកគេ​និយាយថា ការគាំទ្រ​របស់លោក​ខាង​លិច​ចំពោះ​ក្រុង​កៀវ ក្នុងអំឡុងពេល​ការ​លុកលុយ​របស់ខ្លួន អាច​នឹង​ឈានដល់​ការផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​។​

​ក្រុង​ម៉ូស្គូ បានការ​ពារ «​ប្រតិបត្តិការ​យោធា​ពិសេស​» របស់ខ្លួន​ម្ដង​ហើយ​ម្ដងទៀត​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​ថា ជាការ «​បំបាត់​លទ្ធិ​ណា​ហ្សី​និយម​» នៅ​ប្រទេស​នេះ ជាការ​អះអាង​អ៊ុយ​ក្រែ​ន និង​លោកខាងលិច​ច្រាន​ចោល​៕

វីដេអូ៖