​កាលពី​ដើមខែ​នេះ លោក​ ហ្វឺ​ឌី​ណាន ម៉ា​កូ​ស​ជូន​ញ័រ ដែលជា​បេក្ខជន​នាំមុខគេ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ហ្វី​លី​ពី​ន​នៅ​ខែក្រោយ ​បាន​ស្វាគមន៍​អ្នកគាំទ្រ​របស់លោក​រាប់​ពាន់​នាក់​នៅក្នុង​ការ​ប្រមូលផ្ដុំ​យុទ្ធនាការ​បោះឆ្នោត ខណៈពេល​មេឃ​កំពុង​ភ្លៀង​។ ក្នុងការ​ប្រមូលផ្ដុំ​នេះ​លោក​បានបង្ហាញ​ការគោរព​ចំពោះ​ម្ដាយ​អាយុ​ ៩២​ ឆ្នាំ​របស់លោក ហើយ​និយាយថា លោកស្រី​បានគ្រោង​ចូលរួម​ ប្រសិនបើ​មិនមាន​វិបត្តិ​កូ​វីដ ​១៩​។​

​ប៉ុន្តែ​ពាក្យសម្តី​របស់លោក គឺ​ធំ​ជាង​ការ​ថ្លែង​សុន្ទរកថា ស្តង់ដា​របស់​អ្នក​​នយោបាយ ដើម្បី​បង្ហាញ​ការគោរព​ចំ​​ពោះ​មាតាបិតា​វ័យ​ចំណាស់​។ ម្ដាយ​របស់លោក​ គឺ​លោកស្រី អ៊ឺ​មែ​ល​ដា ម៉ា​កូ​ស ដែលជា​លោកស្រី​ទី​១ របស់​អតីត​ប្រធានាធិបតី​ហ្វីលីពីន​ហ្វឺ​ ឌី​ណាន ម៉ា​កូ​ស​ស៊ីន​ញ័រ​។ លោកស្រីបានទទួល​ភាពល្បីល្បាញ​នៅ​ជុំវិញ​ពិភពលោក​កាលពី​ឆ្នាំ​ ១៩៨៦ បន្ទាប់ពី​ការទម្លាក់​របប​ផ្ដាច់ការ​របស់​ស្វាមី​លោកស្រី​បានបង្ហាញ​ថា លោកស្រី​បាន​ប្រមូលផ្ដុំ​ស្បែកជើង​ម៉ាក​ប្រណីត​ជាង ៣ ០០០ គូ​។​

​ឥឡូវនេះ​ឈ្មោះ​របស់​លោកស្រី ​អឺ​មែ​ល​ដា គឺជា​ផ្នែក​ដ៏​សំខាន់ ​១ ​នៃ​ការប្រមូលផ្ដុំ​ការគាំទ្រ​នៅ​ហ្វីលីពីន​ក្នុង​អ្វីដែល​គ្រួសារ​ម៉ា​កូ​ស​រំពឹងថា ជាការ​ងើបឡើង​វិញ​ដ៏​ជោគជ័យ​នៃ​ត្រកូល​ពួកគេ​ពី​ជន​និទេស​ទៅជា​អ្នកកាន់អំណាច​កំពូល​។​

​មិន​ថា​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​នឹង​ជា​យ៉ាង​នោះទេ ការ​បង្វែរ​ជោគវាសនា​របស់​គ្រួសារ​ម៉ា​កូ​ស ​គឺជា​រឿង​គួរ​កត់​​សម្គាល់​រួចទៅហើយ​ដែលមាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នយោបាយ​ពិភពលោក​។ វា​គឺជា​ផ្នែក​មួយ​នៃ​ការកើនឡើង​ការ​ព្រួយ​​បារម្ភ ដែលមាន​ចាប់ពី​ក្រុង​វ៉ាស៊ីនតោន ដល់​ក្រុង​វ៉ា​សូវី អំពី​របៀប​ដែល​ប្រទេស​ប្រជាធិបតេយ្យ​នៅ​ជុំវិញ​ពិភពលោក​កំពុង​ងាក​ទៅរក​របប​ផ្ដាច់ការនិយម​។ វា​ក៏​ជា​រឿង​លុយ​ងងឹត​ក្នុង​នយោបាយ អំណាច​វង្ស​ត្រកូល និង​សមត្ថភាព​របស់​បណ្ដាញ​សង្គម​ក្នុង​ការលាង​សម្អាត​កេរ្តិ៍ឈ្មោះ​។​

​ក្រុម​អ្នកគាំទ្រ​ដ៏​ស្មោះ និង​អ្នកបោះឆ្នោត​វ័យក្មេង​ដែល​កើត​ក្រោយ​សម័យ​ផ្ដាច់​​ការ​របស់លោក ​ម៉ា​កូ​ស កំពុង​ជំរុញ​ការ​ងើបឡើង​វិញ​នៃ​គ្រួសារ​នេះ​។ ប្រជាជន​ហ្វីលីពីន​មួយចំនួន​មិន​ពេញ​ចិត្តនឹង​ប្រព័ន្ធ​នយោបាយ ដែល​បង្កើត​ក្រោយ​ការស្ដារ​លទ្ធិប្រជាធិបតេយ្យ​ហើយ​កំពុងមាន​អារម្មណ៍​អាឡោះអាល័យ​ចំពោះ​របប​លោក ​ម៉ា​កូ​ស​។ ស្របពេល​ជាមួយគ្នានេះ​មាន​សកម្មភាព​ផ្សព្វផ្សាយ​នៅលើ​បណ្ដាញ​សង្គម ដើម្បី​បង្វែរ​ពណ៌​នៃ​របប​ផ្ដាច់ការ​ឱ្យទៅជា​សម័យ​ល្អ​បំផុត​របស់​ប្រទេស​ហ្វីលីពីន​។​

​លោក​ ហ្វឺ​ឌី​ណាន ម៉ា​កូ​ស​ស៊ីន​ញ័រ ​គឺជា​មេធាវី​ដ៏​មាន​សមត្ថភាព​មួយ ហើយ​ជា​ទំ​​ពាំង​ដ៏​សំខាន់​មួយ​ក្នុង​វង្ស​ត្រកូល​ប្រកាន់​អាជីព​នយោបាយ​របស់លោក​។​ លោក​បានឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​ហ្វី​​លី​ពី​ន​ជា​លើកដំបូង​កាលពី​ឆ្នាំ ​១៩៦៥​។​

​ក្នុងចំណោម​ព្រឹត្តិការណ៍​ច្រើន​អាណត្តិ​របស់​ប្រធានាធិបតី ​ម៉ា​កូ​ស​ស៊ីន​ញ័រ ត្រូវបាន​សម្គាល់​ដោយ​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ដូចជា​ផ្លូវថ្នល់ ស្ពាន និង​រោងចក្រ​ថាមពល ដោយ​ពឹងផ្អែក​យ៉ាង​​ខ្លាំង​លើ​ការខ្ចី​បំណុល​។ អាណត្តិ​កាន់អំណាច​របស់លោក​ក៏​ត្រូវបាន​សម្គាល់​ដោយ​ការអភិវឌ្ឍ​គម្រោង​របស់លោក​ស្រី​ អ៊ឺ​មែ​ល​ដា ដូចជា​គម្រោង ២៥ លាន​ដុល្លារ ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ភាព​​យន្ត​ក្រុង​ម៉ានីល ក្នុង​បំណង​ធ្វើឱ្យ​ប្រទេស​ហ្វីលីពីន​ ក្លាយជា​រដ្ឋធានី​ភាពយន្ត​នៃ​អាស៊ី​។​

​កាលពី​ឆ្នាំ​ ១៩៧២ បានប្រកាស​ដាក់​ប្រទេស​ហ្វីលីពីន ​ក្រោយ​ច្បាប់អាជ្ញាសឹក តិចជាង​ ១ ​ឆ្នាំ​មុនពេល​លោក​ផុត​អាណត្តិ​ហើយ​មិនអាច​ឈរឈ្មោះ​កាន់អំណាច​ម្ដងទៀត​។

​លោក​បាន​ប្រើប្រាស់​ការគំរាមកំហែង​ពី​ក្រុម​ឧទ្ទាម​កុម្មុយនីស្ត ជា​លេស​សម្រាប់​ការប្រកាស​បែបនេះ​។​

​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​បន្ទាប់ពី​ការ​​ប្រកាស​នេះ​សមាជិក​ចលនា​ប្រឆាំង​ជាច្រើន​ត្រូវបាន​ចាប់ខ្លួន ហើយ​សិទ្ធិ​សេរី​ភាព​ការនិយាយ​ត្រូវបាន​គាបសង្កត់​យ៉ាងខ្លាំង​។

​ក្រុមប្រឹក្សា​សំណង​ជនរងគ្រោះ​សិ​ទិ្ធ​មនុស្ស​របស់​ហ្វីលីពីនបាន​រាយការណ៍​ថា ក្នុង​ ១៩៧២ ដល់​ ១៩៨៦ មាន​ជនរងគ្រោះ​ការរំលោភ​សិ​ទិ្ធ​មនុស្ស​ជាង ១១ ០០០ ​នាក់ ​ដោយ​ក្នុងនោះ​មានការ​​ស្លាប់​ចំនួន ២ ៣០០ ​នាក់ និង​ករណី​ធ្វើ​ទារុណកម្ម​ចំនួន ១ ៩០០​។ កាលពី​ឆ្នាំ ១៩៧៥ លោក​ ម៉ា​កូ​ស បាន​សារភាពក្នុង​បទ​សម្ភាស​ជាមួយ​អង្គការ Amnesty Intentional ថា មនុស្ស​ជាង ៥០ ០០០ នាក់​ ត្រូវបាន​ចាប់ខ្លួនចាប់​​តាំងពី​ការអនុវត្ត​ច្បាប់អាជ្ញាសឹក​មក​។ តួលេខ​ពិតប្រាកដ​ត្រូវបាន​គេ​ប៉ាន់​ស្មានថា ខ្ពស់ជាង​នេះ​ខ្លាំងណាស់​។​

​បន្ទាប់ពី​កាន់អំណាច​ផ្ដាច់ការ​ជាង ១០ ឆ្នាំ ការធ្វើឃាត​មេដឹកនាំ​បក្សប្រឆាំង ដែល​ទើបតែ​ត្រឡប់​មកពី​ការ​និរទេស​ខ្លួន​នៅ​សហរដ្ឋអាមេរិក​នៅ​អាកាស​​យានដ្ឋាន​ក្រុង​ម៉ានីល​កាលពី​ឆ្នាំ​១៩៨៣ បានចាប់ផ្ដើម​ខ្សែចង្វាក់​ព្រឹត្តិការណ៍ ដែល​ឈានដល់​ការទម្លាក់​លោក ​ម៉ា​កូ​ស ​ពី​តំណែង​។ កាល​ធ្វើឃាត​នេះ​បាន​បង្រួប​បង្រួម​ចលនា​ប្រឆាំង នៅ​ចំ​ពេលដែល​ប្រជាជន​កំពុងមាន​កំហឹង​ជុំវិញ​បញ្ហា​សេដ្ឋកិច្ច​។​

៣​ ឆ្នាំ​ក្រោយមក​ការបោះឆ្នោត​បានធ្វើ​ឡើង​ដោយមាន​ការចោទប្រកាន់​ថា​មានការ​ក្លែងបន្លំ​។ ប្រជាជន​ហ្វីលីពីន​រាប់លាន​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅតាម​ដងផ្លូវ​ ដើម្បី​ធ្វើការ​បាតុកម្ម​ប្រឆាំង​របប​លោក​ ម៉ា​កូ​ស​។ ស្របពេល​ជាមួយគ្នានេះ​ សហរដ្ឋអាមេរិក និង​កង​យោធា​ហ្វីលីពីន​បាន​ដកហូត​ការគាំទ្រ​របស់​ពួកគេ​ចំពោះ​លោក​ ម៉ា​កូ​ស​។​

​ដោយ​គ្មាន​ជម្រើស​លោក​ ម៉ា​កូ​ស​ស៊ីន​​ញ័រ និង​ក្រុមគ្រួសារ​របស់លោក​បាន​និ​រ​ទេស​ខ្លួន​ទៅ​កោះ​ហា​វ៉ៃ​សហរដ្ឋអាមេរិក​។​

​ការស៊ើបអង្កេត​ក្រោយ​ការ​ផ្ដួល​រលំ​របប​លោក ​ម៉ា​កូ​ស បាន​បង្ហាញថា លោក​បាន​ប្រមូលផ្ដុំ​ទ្រព្យសម្បត្តិ​ពុករលួយ​រវាង ៥ ពាន់​លាន​ដុល្លារ ទៅ​ ១០ ​ពាន់​លាន​ដុល្លារ ដែល​បានមកពី​មធ្យោបាយ​ជាច្រើន​ដែល​រួមមាន​ការស៊ីសំណូក ការ​កិបកេង​ថវិកាជាតិ ការ​កិបកេង​ប្រាក់កម្ចី​ពី​បរទេស ការ​រឹបអូស​ក្រុមហ៊ុន​ឯក​​ជន ការបង្កើត​ការរកស៊ី​ផ្ដាច់មុខ​ក្នុង​វិស័យ​ធំៗ​ដូចជា​វិស័យ​ផលិត​ស្ករ វិស័យ​នាវា​ដឹកទំនិញវិស័យ​សំណង់​។​

​បើទោះជា​យ៉ាងនេះ​ក៏ដោយ អ្នកគាំទ្រ​សម័យថ្មី​របស់លោក​ ម៉ា​កូ​ស​ជូន​ញ័រ ​បាន​អះអាងថា​ គ្រួសារ​ម៉ា​កូ​ស​ គឺជា​ភាគី​រងគ្រោះ​ក្នុង​បដិវត្តន៍​គាំទ្រ​ដោយ​យោធា​។ ពួកគេ​ជឿថា លោក​ ម៉ា​កូ​សស៊ី​ន​ញ័រ សម្រេច​សមិទ្ធផល​ជាច្រើន​សម្រាប់​ជាតិ​។​

​ក្រុមគាំទ្រ​គ្រួសារ​ម៉ា​កូ​ស បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​ដើម្បី​បន្ទាប​ពន្លិច ឬ​ច្រានចោល​ករណី​នៃ​ការរំលោភ​សិទ្ធិមនុស្ស​ក្រោម​ការគ្រប់គ្រង​របស់លោក ​ម៉ា​កូ​ស​។​

​នៅលើ Facebook, TikTok និង YouTube ពួកគេ​បានចេញ​ផ្សាយ​ខ្លឹម​​សារ​ដែល​លើកតម្កើង​របប​លោក​ ម៉ា​កូ​ស ដូចជា​វីដេអូ​កម្រង​នៃ​ការសាងសង់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ សុន្ទរកថា​របស់លោក​ក្នុង​កិច្ចប្រជុំ​ជាមួយ​ឥស្សរជន​បរទេស​។

​មធ្យោបាយ​នេះ គឺ​ប្រសិទ្ធ​ភាពខ្លាំង​ដោយ​ប្រទេស​ហ្វីលីពីន ​គឺ​ក្នុងចំណោម ប្រទេស​ប្រើ​បណ្ដាញ​សង្គម​ច្រើនជាងគេ​ក្នុង​ពិភពលោក​។​

​អ្នកគាំទ្រ​លោក ​ម៉ា​កូ​ស ​ក៏បាន​ចេញផ្សាយ​រឿង​មិនអាច​បញ្ជាក់បាន​ថា លោក​​ ម៉ា​កូ​ស មិនត្រូវ​ការ​ប្លន់​ថវិកាជាតិ​នោះទេ ដោយសារ​កាលពី​លោក​ធ្វើជា​មេធាវី លោក​បានទទួល​មាស​ជាច្រើន​តោន​ពី​គ្រួសារ​រាជវង្ស​ហ្វីលីពីន សម្រាប់​ការងារ​របស់លោក​ជូន​ពួកគេ​។​

​ខណៈពេលដែល​កេរដំណែល​របស់​ឪពុក​លោក​នៅ​បន្ត​ការបែកបាក់​នៅក្នុង​ប្រទេស​ហ្វីលីពីន លោក​ ម៉ា​កូ​ស​ជូន​ញ័រ ​បានធ្វើ​យុទ្ធនាការ​បោះឆ្នោត​ក្រោម​ប្រធានបទ «​រួបរួម​»​។ លោក​និយាយថា​វា​គឺ​ចាំបាច់​សម្រាប់​ធ្វើឱ្យ​ប្រទេសងើប​ពី​វិបត្តិ​កូ​វីដ ​១៩​។​

​លោក ​ម៉ា​កូ​ស​ជូន​ញ័រ បានធ្វើការ​​សន្យា​ធំ​ជាច្រើន​ដើម្បី​ទាក់ទាញ​ការ​​គាំទ្រ​ពី​ប្រជាជន​ដែល​រងគ្រោះ​បំផុត​ពី​វិបត្តិ​កូ​វីដ ​១៩​។ លោក​បាន​លើក ឡើង​អំពី​គោលនយោបាយ​មាន​ប្រជាប្រិយ​​ភាព​របស់​ឪពុក​របស់លោក​ដូចជា​កម្មវិធី​ផ្ដល់​បំណុល​ឱ្យ​កសិករ ​ដើម្បី​ជួយ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ធ្វើស្រែ​។ លោកក៏បាន​លើកឡើង​អំពី​ការ​សាង​​សង់​មន្ទីរពេទ្យ​ក្រោម​ការដឹកនាំ​របស់​ឪពុក​របស់លោក​។ ខណៈពេលដែល​តម្លៃ​ប្រេង​នៅ​ជុំវិញ​ពិភពលោក​កើន​​ឡើង​យ៉ាងខ្លាំង លោក​បាន​សន្យា​ស្ដារ​កម្មវិធី​ឧបត្ថម្ភ​ធន​តម្លៃ​ប្រេង​របស់ឪពុក​លោក​។​

​ប៉ុន្តែ​អ្នកវិភាគ​ជាច្រើន​និយាយថា ការចំណាយ​ធំៗ​បែបនេះ ដោយ​មិនមាន​ចំណូល​គ្រប់គ្រាន់ គឺ​នឹង​បង្ក​ផលប៉ះពាល់​ធំ​ជាង​បញ្ហា​ដែល​ពួកគេ​ចង់​ដោះស្រាយ​។ បើទោះជា​យ៉ាងនេះ​ក៏ដោយ​ប្រជាជន​ក្រីក្រ​ហ្វីលីពីន ដែល​បាន​ឆ្លងកាត់​ការ​​លំបាក​ជា​យូរ​មកហើយ មិន​មើល​ពី​ផល​ប៉ះពាល់​ទាំងនេះ​ទេ​៕