ការ​ផ្ទុះ​ជា​ច្រើន​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ​ ទី​ ២៧ មេសា ​ក្នុង​ខេត្ត​រុស្ស៊ី​ចំនួន​៣ ជាប់​ព្រំដែន​ជាមួយ​អ៊ុយក្រែន​ ខណៈ​ដែល​អគ្គិភ័យ ​បាន​កើត​ឡើង​នៅ​ឃ្លាំង​គ្រាប់​រំសេវ​មួយ​ក្នុង​ខេត្ត​បែលហ្គោរ៉ូដ​នៅ​ក្នុង​អំឡុង​ពេល​តែ​មួយ​។

អភិបាល​ខេត្ត​បែលហ្គោរ៉ូដ​លោក​វីយ៉ាសស្លាវ ក្លាដកូវ​ និយាយ​ថា​ មិន​មាន​ជន​ស៊ីវិល​ណា​ម្នាក់​រង​របួស​ក្នុង​អគ្គិភ័យ​នេះ​ទេ​ ដែល​ក្រោយ​មក​ត្រូវ​បាន​ពន្លត់​។ ខេត្ត​បែលហ្គោរ៉ូដ​មាន​ព្រំដែន​ជាប់​ជាមួយ​ខេត្ត​លូហានស្ក៍ ស៊ូមី និង​ការកៀវ​ របស់​អ៊ុយក្រែន​ ដែល​ជា​សមរភូមិ​ក្ដៅ​បំផុត ​ចាប់​តាំង​ពី​រុស្ស៊ី​ចាប់​ផ្ដើម​ការលុកលុយ​​កាល​ពី២ខែ​មុន​។

កាល​ពី​ដើម​ខែ​នេះ​ រុស្ស៊ី​បាន​ចោទ​ប្រកាន់​អ៊ុយក្រែន​ថា​ បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ​ទៅ​វាយ​ប្រហារ​ឃ្លាំង​ប្រេង​ឥន្ធនៈ និង​ភូមិ​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ​។ អ៊ុយក្រែន​នៅ​មិន​ទាន់​ទទួល​ស្គាល់ ឬ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​នៅ​ឡើយ​ទេ​។

ផ្សេង​ពី​នេះ​នៅ​ខេត្ត​ឃឺស្ក៍​ ដែល​នៅ​ជាប់​ព្រំដែន​អ៊ុយក្រែន មាន​ការ​រាយការណ៍​អំពី​ការ​ផ្ទុះ​នៅ​ព្រឹកព្រលឹម​ពី​លើ​ក្រុង​ឃឺស្ក៍។ ក្រោយមក​អាជ្ញាធរ​បាន​រាយការណ៍​ថា​សំឡេង​ផ្ទុះ​ទាំង​នេះ​គឺ​ជា​សំឡេង​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ ដែល​កំពុង​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ុយក្រែន​។ រីឯ​នៅ​ខេត្ត​វ៉ូរ៉ូនហ្ស​ ដែល​ក៏​ជាប់​ព្រំដែន​ជា​មួយ​អ៊ុយក្រែន មន្ត្រី​រុស្ស៊ី​នៅ​ទីនោះ​បាន​រាយការណ៍​ថា​ពួកគេ​បាន​ឮ​ការ​ផ្ទុះ​ចំនួន ​២ ​ ហើយ​ពួកគេ​ ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​រក​ប្រភព​។

រដ្ឋាភិបាល​រុស្ស៊ី​និយាយ​ថា ​ពួកគេ​នឹង​បញ្ជូន​អ្នក​ស៊ើប​អង្កេត​ទៅ​ក្រុង​ឃឺស្ក៍ និង​ក្រុង​វ៉ូរ៉ូនហ្ស​ ដើម្បី​កត់ត្រា​អ្វី​ដែល​ពួកគេ​ហៅ​ថា «សកម្មភាព​ខុស​ច្បាប់​របស់​កងទ័ព​អ៊ុយក្រែន»​។

លោក​មីខាអ៊ីឡូ ផូដូលយ៉ាក​ ទីប្រឹក្សា​របស់​ប្រធានាធិបតី​អ៊ុយក្រែន​ បាន​និយាយ​ថា​ការ​វាយប្រហារ​នេះ​គឺ​ជា​ការ​សង​ «កម្ម» ចំពោះ​ការ​លុកលុយ​​របស់​រុស្ស៊ី​។ លោក​និយាយ​ថា ​ការ​ទប់ទល់​ការ​ឈ្លានពាន​រុស្ស៊ី​គឺ​មិន​គ្រប់គ្រាន់​ទេ​ «ដូច្នេះ​ហើយ​ការ​រំសាយ​អាវុធ​នៅ​ឃ្លាំង​របស់​ឃាតករ​នៅ​ បែលហ្គោរ៉ូដ និង​វ៉ូរ៉ូនហ្ស​ គឺ​ជា​ដំណើរ​ធម្មជាតិ​។ កម្មពៀរ​គឺ​ឃោរឃៅ​ណាស់»​៕

វីដេអូ៖