ក្នុង​ការ​ថ្លែង​សុន្ទរកថា​នៅ​វេទិកា​ក្រុង​បូអាវ​កាល​ពី​ថ្ងៃ​ទី ​២១ ខែ​មេសា​ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនភីង​ បាន​ដាក់​ចេញ​នូវ​គំនិត​ផ្ដួច​ផ្ដើម​សន្តិសុខ​ពិភពលោក​ថ្មី​មួយ​ ដែល​ច្រានចោល​ជិត​គំនិត​សង្គ្រាម​ត្រជាក់​ ដែល​ជំនួស​មក​វិញ​ទាមទារ​ឱ្យ​មាន​សន្តិសុខ​ «រួម​ទូលំទូលាយ សហការ និង​ប្រកប​ដោយ​ចីរភាព»​។

គំនិត​នៃ​យន្តការ​សន្តិសុខ​ ដែល​គ្រប​ដណ្ដប់​លើ​ពិភពលោក​ទាំង​មូល​ គឺ​ស្ដាប់​ទៅ​ហាក់​ដូចជា​អ្វី​ដែល​អធិរាជ​សម័យ​បុរាណ​ចិន​បាន​ស្នើ​ឡើង​។ មន្ត្រី​ការទូត​បរទេស​ប្រចាំ​ប្រទេស​ចិន គឺ​កំពុង​សម្ពាធ​ពី​រដ្ឋាភិបាល​ពួកគេ​ឱ្យ​បក​ស្រាយ​អត្ថន័យ​សម្ដីរបស់​លោក​ ស៊ី ប៉ុន្តែ​ពួកគេ​កំពុង​មាន​ការ​លំបាក​ដោយ​សារ​ការ​ថ្លែង​របស់​លោក​ ស៊ី​ គឺ​ពោរពេញ​ទៅ​ដោយ​ពាក្យ​មាន​តែ​ក្នុង​ភាសា​ចិន​ និង​ឃ្លា​ន័យ​ធៀប​។

បើ​តាម​ប្រភព​មួយ​ចំនួន​ គំនិត​របស់​លោក​ ស៊ី​ គឺ​កំពុង​ត្រូវ​បាន​ពិចារណា​ដោយ​ប្រទេស​អ៊ុយក្រែន​។ ទំនាក់ទំនង​រវាង​លោក ​ស៊ី និង​ប្រធានាធិបតី​រុស្ស៊ី​លោក ​វ្ល៉ាឌីមៀរ ពូទីន​ គឺ​មិន​ត្រូវ​បាន​ស្វាគមន៍​ដោយ​ក្រុង​កៀវ​ទេ​ ប៉ុន្តែ​ពួកគេ​ដឹង​ថា ​ក្រុង​ប៉េកាំង​មាន​ឥទ្ធិពល​មួយ​លើ​ក្រុង​ម៉ូស្គូ​ ហើយ​សង្ឃឹម​ថា ​អាច​ជួយ​ដល់​បទ​ឈប់​បាញ់​។

បន្ទាប់​ពី​ការ​ថ្លែង​របស់​លោក​ស៊ី អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក ​វ៉ាង វិប៊ីន​ បាន​និយាយ​បន្ថែម​ទៀត​ អំពី​គំនិត​ផ្ដួច​ផ្ដើម​សន្តិសុខ​សកល​នេះ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ប្រចាំ​ថ្ងៃ ប៉ុន្តែ​ពាក្យ​របស់​លោក​មិន​បាន​បន្ថែម​ព័ត៌មាន​លម្អិត​អំពី​អ្វី​ដែល​ចិន​ចង់​ធ្វើ​នោះ​ទេ​។

«ជាមួយ​នឹង​ការ​កើន​ឡើង​នៃ​ការ​គំរាមកំហែង​ បង្ក​ការ​ឡើង​ដោយ​ឯកតោភាគី​និយម អនុត្តរភាព​ និង​នយោបាយ​អំណាច​ ហើយ​ក៏​រួមមាន​ការ​កើន​ឡើង​នូវ​ឱនភាព​នៃ​សន្តិភាព សន្តិសុខ ទំនុក​ចិត្ត និង​អភិបាល​កិច្ច​។ មនុស្សជាតិ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ពិបាក​គ្រប់គ្រង និង​ការ​គំរាមកំហែង​សន្តិសុខ​កាន់​តែ​​ច្រើន​ឡើង​»​ លោក ​វ៉ាង​ និយាយ​បែប​នេះ​ ហើយ​បន្ត​ទៀត​ថា​៖ «លោក​ប្រធានាធិបតី​ ស៊ី ជីនភី​ង​ បាន​ស្នើ​គំនិត​ផ្ដួចផ្ដើម​សន្តិសុខ​ពិភពលោក​ ដោយ​មាន​អនាគត​របស់​មនុស្សជាតិ​ទាំង​អស់​ក្នុង​ចិត្ត។ គំនិត​ផ្ដួចផ្ដើម​នេះ​គឺ​ជា​គុណសម្បត្តិ​សាធារណៈ​សកល​មួយ​ទៀត​ដែល​ផ្តល់​ដោយ​ប្រទេស​ចិន និង​ជា​ការ​បង្ហាញ​ដ៏​រស់​រវើក​នៃ​ចក្ខុវិស័យ​នៃ​សហគមន៍​ដែល​មាន​អនាគត​រួមគ្នា​សម្រាប់​មនុស្ស​ជាតិ​ក្នុង​វិស័យ​សន្តិសុខ​»។​

អ្នក​វិភាគ​មួយ​ចំនួន​និយាយ​ថា​នេះ​វាក្យស័ព្ទ​ចិន​ធម្មតា​របស់​ចិន​ ដោយ​ក្រុង​ប៉េកាំង​តែង​តែ​ធ្វើ​សំណើ​ដែល​មាន​ក្របខ័ណ្ឌ​ធំ​ខ្លាំង​ ដែល​គ្មាន​នរណា​ម្នាក់​ជំទាស់​ ពោល​គឺ​បើ​ទោះ​បី​ជា​ប្រទេស​ណា​មួយ​មិន​យល់​ព្រម​ដោយ​អស់​ពី​ចិត្ត​ក៏​ដោយ​ យ៉ាង​ហោច​ណាស់​ពួកគេ​ក៏​មិន​ប្រឆាំង​ទាំង​ស្រុង​នោះ​ទេ​។ បន្ទាប់​មក​ពួកគេ​នឹង​ប្រើ​ក្របខ័ណ្ឌ​នេះ​បន្តិចម្ដងៗ​ដើម្បី​ប្រឆាំង​សហរដ្ឋ អាមេរិក​។

ការ​រិះគន់​របស់​ចិន​អំពី​ឯកតោភាគី​និយម និង​អនុត្តរភាព​ ជា​ធម្មតា​គឺ​សំដៅ​ទៅ​លើ​សហរដ្ឋ អាមេរិក​។លោក​ស៊ី ស្រមៃ​ថា​អាមេរិក​នឹង​ចុះ​ខ្សោយ​បន្តិច​ម្ដង​ៗ ដែល​ចុង​ក្រោយ​នឹង​ត្រូវ​ជំនួស​ដោយ​ពិភព​ពហុប៉ូល​និយម​ ដោយ​មាន​ចិន​ជា​តួអង្គ​សំខាន់​។

ការ​ប្រកាស​គំនិត​ចុង​ក្រោយ​របស់​ប្រធានាធិបតី​រូប​នេះ​ក៏​ហាក់​ដូចជា​សម្រាប់​ប្រជាជន​ប្រទេស​ចិន​ផង​ដែរ​ ខណៈ​ពេល​ដែល​លោក​ ស៊ី​ ចង់​ពង្រឹង​ការ​គាំទ្រ​នៅ​ក្នុង​ស្រុក​ មុន​សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​សមាជ​គណបក្ស​កុម្មុយនីស្ត​ចិន​នៅ​ចុង​ឆ្នាំ​នេះ​ ដោយ​មាន​ការ​រំពឹង​យ៉ាង​ទូលំទូលាយ​ថា​លោក​នឹង​ព្យាយាម​ប្រជែង​ដើម្បី​បន្ត​កាន់​អំណាច​ក្នុង​អាណត្តិ​ទី៣​។

យ៉ាង​ណា​មិញ​តម្រុយ​ដ៏​ធំ​មួយ​នៅ​ក្នុង​ការ​គិត​របស់​លោក​ស៊ី​ ជុំវិញ​ការ​ប្រកាស​គំនិត​នេះ​ គឺ​ការ​ចុះ​កិច្ចព្រមព្រៀង​សន្តិសុខ​រវាង​ប្រទេស​ចិន​ និង​កោះសូឡូម៉ុង​នៅ​ភាគ​ខាង​ត្បូង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះ​មិន​យូរ​ប៉ុន្មាន​មុន​ការ​ថ្លែង​សុន្ទរកថា​របស់​លោក​ស៊ី​កាល​ពី​ថ្ងៃ​ទី ២១ មេសា​។

ខ្លឹមសារ​លម្អិត​នៃ​កិច្ចព្រមព្រៀង​នេះ​មិន​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​សាធារណ​នោះ​ទេ​ ប៉ុន្តែ​គេ​ជឿជាក់​ថា​យ៉ាង​ហោច​ណាស់​លក្ខខណ្ឌ​​អនុញ្ញាត​ឱ្យ​មាន​ការ​ដាក់​ពង្រាយ​ទាហាន​ ឬ​នាវា​ចម្បាំង​ចិន​ទៅ​កាន់​កោះ​នេះ​។ កិច្ចព្រមព្រៀង​នេះ​បាន​បង្ក​ឱ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​សហរដ្ឋអាមេរិក ដែល​និយាយ​ថា​វា​នឹង​អនុញ្ញាត​ឱ្យ​យោធា​ចិន​ពង្រីក​ខ្លួន​ដល់​ភាគ​ខាង​ត្បូង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។

គំនិត​ផ្ដួចផ្ដើម​មក​កាន់​សមុទ្រ​ប៉ាស៊ីហ្វិក​នេះ​ក៏​អាច​ទាក់ទង​នឹង​ការ​ជាប់​គាំង​នៃ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ ដោយសារ​សង្គ្រាម​អ៊ុយក្រែន​។ កិច្ច​ខិតខំ​ប្រឹង​ប្រែង​បង្កើត​បណ្ដាញ​សេដ្ឋកិច្ច​ទៅ​ពី​ទ្វីប​អាស៊ី​ទៅ​កាន់​ទិស​ខាង​លិច​បាន​ជាប់​គាំង​ដោយ​សារ​ការលុកលុយ​​របស់​រុស្ស៊ី​ ដូច្នេះ​ឥឡូវ​នេះ ​ចិន​កំពុង​ងាក​មើល​សមុទ្រ​ប៉ាស៊ីហ្វិក​នៅ​ទិស​ខាង​កើត​ខ្លួន​វិញ​៕