នៅ​សប្ដាហ៍​នេះ​​ ​សមាជិក​សហភាព​អឺរ៉ុប​ទំនង​នឹង​អនុម័ត​ការ​ដាក់​ទណ្ឌកម្ម​ជា​ដំណាក់​កាល​លើ​ប្រេង​រុស្ស៊ី​ ជា​ការ​ឆ្លើយ​តប​នឹង​ការ​លុកលុយ​របស់​ក្រុង​ម៉ូ​ស្គូ​លើ​ប្រទេស​អ៊ុយក្រែន​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​កាសែត​ The New York Times ដែល​នឹង​បង្ក​ផល់​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​សេដ្ឋកិច្ច​របស់​រុស្ស៊ី​។

ដោយ​ផ្អែក​លើ​ប្រភព​ជា​មន្ត្រី និង​អ្នក​ការ​ទូត​អឺរ៉ុប​ កាសែត​នេះ​ រាយការណ៍​ថា​ ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​នីមួយៗ​នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ​ ដើម្បី​បង្ហើយ​ការ​ចរចា​លើ​សំណើ​នេះ​ ដោយ​មាន​ការ​រំពឹង​ថា​ នឹង​មាន​ការ​អនុម័ត​នៅ​ចុង​សប្ដាហ៍​។

ខណៈ​ពេល​ដែល​ការ​ដាក់​ទណ្ឌកម្ម​ ចាប់​ផ្ដើម​ចូល​ជា​ធរមាន​ជា​ដំណាក់​កាល​ ប្រទេស​នៅ​អឺរ៉ុប​នឹង​បង្កើន​ការ​នាំចូល​ប្រេង​ពី​ប្រភព​ដទៃ​ទៀត​ដូចជា​ប្រទេស​អារ៉ាប់​ នៅ​ឈូង​សមុទ្រ​ពែរ្ស នីហ្សេរីយ៉ា កាហ្សាក់ស្ថាន​ និង​អាស៊ែ​បៃហ្សង់​។

មុន​ការ​រាយការណ៍​ខាង​លើ កាសែត​ The Wall Street Journal បាន​រាយការណ៍​ការ​ហាម​ឃាត់​ទាំង​ស្រុង​លើ​ការ​នាំ​ចូល​ប្រេង​រុស្ស៊ី​ អាច​ធ្វើ​ទៅ​បាន​ បន្ទាប់​ពី​ប្រទេស​អាល្លឺម៉ង់​សម្រេច​ចិត្ត​ផ្លាស់​ប្ដូរ​ជំហរ​របស់​ខ្លួន​កាល​ពី​សប្ដាហ៍​មុន​។

ដើម​ឡើយ​ប្រទេស​អាល្លឺម៉ង់​ បាន​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​វិធានការ​ហាមឃាត់​ការ​នាំ​ចូល​ប្រេង​រុស្ស៊ី ប៉ុន្តែ​បាន​ផ្លាស់​ប្ដូរ​ជំហរ​របស់​ខ្លួន​វិញ​នៅ​ពេល​ដែល​មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រើប្រាស់​កំពង់ផែ​របស់​ប៉ូឡូញ​ដើម្បី​នាំចូល​ប្រេង​ពី​ប្រភព​ផ្សេង​។

យ៉ាង​ណា​មិញ​ បន្ថែម​ពី​លើ​ការ​ហាម​ឃាត់​ការ​នាំចូល​ប្រេង​ពី​រុស្ស៊ី កិច្ចប្រជុំ​នេះ​ក៏​ទំនង​នឹង​អនុម័ត​ការ​ដាក់​ទណ្ឌកម្ម​លើ​ធនាគារ​ធំ​ជាង​គេ​របស់​រុស្ស៊ី​ Sberbankនិង​បុគ្គល​ជនជាតិ​រុស្ស៊ី​មួយ​ចំនួន​ទៀត​៕

វីដេអូ៖