កាល​ពី​ថ្ងៃ​សៅរ៍​ ទី៣០ មេសា​រុស្ស៊ី​បាន​ធ្វើ​ការ​វាយ​ប្រហារ​មីស៊ីល​ទៅ​លើ​តំបន់​ភាគ​ខាង​ត្បូង និង​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ ខណៈ​ពេល​ដែល​ស្ត្រី និង​កុមារ​មួយ​ចំនួន​ជម្លៀស​ចេញ​ពី​រោងចក្រ​មួយ​នៅ​ក្នុង​ក្រុង​ម៉ារីអ៊ូប៉ូល​ ដែល​ស្ថិត​ក្រោម​ការ​ឡោមព័ទ្ធ​របស់​រុស្ស៊ី​ជា​ច្រើន​សប្ដាហ៍​មក​ហើយ​។

ក្រុង​ម៉ូស្គូ​បាន​បង្វែរ​គោលដៅ​របស់​ខ្លួន​មក​ផ្ដោត​លើ​ការ​ចូល​កាន់​កាប់​តំបន់​ភាគ​ខាង​ត្បូង និង​ខាង​កើត​របស់​ប្រទេស​អ៊ុយក្រែន​ បន្ទាប់​ពី​ការ​បរាជ័យ​ក្នុង​ការ​វាយ​ប្រហារ​រយៈ​ពេល​៩​សប្ដាហ៍​ដើម្បី​ចូល​កាន់កាប់​ក្រុង​កៀវ។

កង​កម្លាំង​រុស្ស៊ី ​បាន​ចូល​កាន់កាប់​ទីក្រុង​ឃឺសុន​ ប្រមាណ​ ១០០ គីឡូម៉ែត្រ​ខាង​ជើង​ឧបទ្វីប​គ្រីមា​ ហើយ​កាន់កាប់​ភាគច្រើន​នូវ​ទីក្រុង​ម៉ារីអ៊ូប៉ូល​ ដែល​ជា​ទីក្រុង​កំពង់ផែ​យុទ្ធសាស្ត្រ​នៅ​សមុទ្រ​អាហ្សូវ​។

រុស្ស៊ី​បាន​ប្រកាស​ជ័យ​ជម្នះ​នៅ​ក្រុង​ម៉ារីអ៊ូប៉ូល​កាល​ពី​ថ្ងៃ​ទី​ ២១ មេសា ប៉ុន្តែ​ទាហាន និង​ជន​ស៊ីវិល​អ៊ុយក្រែន​គឺ​នៅ​ជ្រក​ក្នុង​រោងចក្រ​ដែក​ Azovstal​។ អង្គការ​សហប្រជាជាតិ​ បាន​ជំរុញ​ឱ្យ​មាន​ការ​ចរចា​ជម្លៀស​ជន​ស៊ីវិល​ចេញ​ពី​រោងចក្រ​នេះ​។ ប្រភព​ក្នុង​យោធា​អ៊ុយក្រែន​បាន​និយាយ​ថា​ កាល​ពី​ថ្ងៃ​សៅរ៍​ ស្ត្រី និង​កុមារ​ប្រមាណ​ ២០ នាក់ ​បាន​ភៀស​ខ្លួន​ចេញ​ពី​រោងចក្រ​នេះ​ដោយ​បាន​សម្រេច​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​មីស៊ីល​រុស្ស៊ី​បាញ់​ចេញ​ពី​ឧបទ្វីប​គ្រីមា​ បាន​កម្ទេច​ផ្លូវ​រត់​របស់​អាកាសយានដ្ឋាន​ក្រុង​អូដេសា​។ យោធា​អ៊ុយក្រែន​និយាយ​ថា​ផ្លូវ​រត់​នេះ​មិន​ប្រើប្រាស់​ទៀត​ទេ។ ប្រធានាធិបតី​អ៊ុយក្រែន​លោក​វ៉ុលឌីមៀរ ហ្សេលេនស្គី​ បាន​ប្ដេជ្ញា​ធ្វើ​ការ​សាងសង់​ឡើង​វិញ​។

ការ​វាយលុក​របស់​រុស្ស៊ី ទៅ​កាន់​ភាគ​ខាង​ត្បូង​ និង​ខាង​កើត​របស់​អ៊ុយក្រែន​ គឺ​មាន​គោល បំណង​ត​ភ្ជាប់​ឧបទ្វីប​គ្រីមា​ ​ ទៅ​កាន់​តំបន់​ដុនបាស ដែល​បច្ចុប្បន្ន​មួយ​ផ្នែក​ធំ​កាន់​កាប់​ដោយ​ក្រុម​ផ្ដាច់​ខ្លួន​គាំទ្រ​រុស្ស៊ី​។ អ្នក​វិភាគ​មួយ​ចំនួន​ក៏​បាន​និយាយ​ថា ​គោលបំណង​រុស្ស៊ី ​អាច​រួមមាន​ការ​កាត់​ផ្ដាច់​អ៊ុយក្រែន​ចេញ​ពី​សមុទ្រ​៕

វីដេអូ៖