​ពី ​១ ​យប់​ ទៅ​ ១​ យប់​ នៅលើ​កញ្ចក់​ទូរទស្សន៍ Fox News លោក​ តុ​ក​ឃឺ ខាល​សុន (Tucker Carlson) បាន​ប្រើប្រាស់ការភ័យខ្លាច និង​ទុក្ខព្រួយ​របស់​ទស្សនិកជន​លោក​ជា​អាវុធ ​ដើម្បី​បង្កើត​កម្មវិធី​ទូរទស្សន៍​មាន​និន្នាការ​ជ្រុលនិយម​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សារព័ត៌មាន​ទូរទស្សន៍​អាមេរិក​។ ប៉ុន្តែ បើតាម​រង្វាស់​មួយចំនួន​កម្មវិធី​រប​ស់លោក​ក៏​ជា​កម្មវិធី​ជោគជ័យ​បំផុត​ផងដែរ​។​

​ជាមួយនឹង​ឥទ្ធិពល​ឯកវចនៈ ដែល​រីក​ដាល​ហួស​ពី​ទស្សនិកជន Fox News លោក​ខាល​សុន​បាន​បំពេញ​ចន្លោះ​ទំនេរ​ដែល​បន្សល់​ដោយ​ ដូ​ណា​ល់ ត្រាំ ដោយ​បង្ហាញ​ការគាំទ្រ​យ៉ាងខ្លាំង​ចំពោះ​អ្នកដើរ​តាម​ខ្នះខ្នែង​បំផុត​របស់​អតីត​ប្រ​ធានា​ធិបតី​រូបនេះ និង​ទស្សនៈ​ជ្រុលនិយម​មួយចំនួន​របស់​ពួកគេ​។ លោក​បានធ្វើ​ការការពា​រយ៉ា​ង​ក្លៀវក្លា​ចំពោះ​ក្រុម​កុបកម្ម​ហិង្សា ដែល​បាន​វាយលុក​ចូល​វិមាន​កា​ពី​តូ​ល​របស់​សភា​អាមេរិក​កាលពី​ថ្ងៃទី​ ៦ មករា ​ឆ្នាំមុន ដោយ​ស្របពេល​ជាមួយគ្នានេះ លោក​បាន​សាបព្រោះ​គំនិត​ប្រឆាំងនឹង​ជន​​អន្តោប្រវេសន៍ វ៉ាក់សាំង​ជំងឺ​កូ​វីដ ​១៩ និង​ចលនា​បាតុកម្ម​របស់​ជន​ជាតិ​អាមេរិក​ស្បែក​ខ្មៅ (Black Lives Matter)​។​

​ការពិនិត្យ​ឡើងវិញ​នូវ​អាជីព​សារព័ត៌មាន​របស់លោក​ខាល​សុន​ដោយ​កាសែត The New York Times បាន​បង្ហាញថា និន្នាការ​នយោបាយ​រប​ស់លោក​បាន​ងាក​ទៅរក​ទស្សនៈ​ជ្រុលនិយម​ដូចជា​ចលនា​ម្ចាស់​ទឹកដី​និយម​ដែល​ប្រឆាំង និង​ស្អប់ខ្ពើម​ជន​អន្តោ​​ប្រវេសន៍​។ ការវិភាគ​នេះ​ក៏​រកឃើញថា​ ការកើនឡើង​ប្រជាប្រិយភាព​របស់លោក ​គឺ​ស្អិតល្មួត​ជាមួយ​ការប្រែប្រួល​ក្នុង​ប៉ុស្តិ៍​ទូរទស្សន៍​លោក និង​ក្នុង​លទ្ធិ​អភិរក្សនិយម​របស់​អា​មេ​រិ​ក​។​

​កាលពី​ឆ្នាំមុន​លោក​ខាល​សុន​បាន​រង​ការរិះគន់​យ៉ាងខ្លាំង​នៅពេល​លោក​បង្ហាញ​ការគាំទ្រ​នៅ​កញ្ចក់​ទូរទស្សន៍​ចំពោះ​គំនិត​ «​ការ​​ជំនួស​ដ៏​អស្ចារ្យ​» ដែលជា​ជំនឿ​របស់​ក្រុម​ជ្រុលនិយម​រើសអើង​ពូជសាសន៍​ថា រដ្ឋាភិបាល​លោកខាងលិច កំពុង​ជំនួស​ម្ចាស់​ទឹកដី​ជាមួយនឹង​នាំចូល​ជន​អន្តោ​ប្រ​​វេស​ន៍​ក្នុង​បំណង​បង្អាក់​សិទ្ធិ​ម្ចាស់​​ទឹកដី​។​

​អង្គការ​សិទ្ធិ​ស៊ីវិល​ដូចជា​ «​សម្ព័ន្ធ​​ប្រឆាំង​ការបរិហារកេរ្តិ៍​» (ADL) បានទាមទារ​ឱ្យមាន​ការបណ្ដេញ ​ខាល​សុន ដោយ​កត់សម្គាល់ថា​ ការចេញផ្សាយ​បែបនេះ​ នឹង​បង្កឱ្យមាន​ភាព​ស្អប់ខ្ពើម​រវាង​ជនជាតិ ហើយ​ឈានដល់​អំពើ​ភេរវកម្ម​ក្នុងស្រុក​។​

​ប៉ុន្តែ​នេះ​មិនមែនជា​រឿង​អ្វី​ថ្មី​សម្រាប់​លោក​ ខាល​សុន ​ទេ ព្រោះ​កាលពីមុនៗ​លោក​បាន​អះអាងថា ម្ចាស់​ក្រុមហ៊ុន​ប៉ុស្តិ៍​អាមេរិក​នានា កំពុង​ចង់ឱ្យមាន​ការប្រែប្រួល​ស​មាស​ធាតុ​ប្រជាជន​ដោយ​ការ​​នាំចូល​ជនអន្តោប្រវេសន៍​។​

​ផលិតករ និង​អ្នកសរសេរ​ព័​ត៌​មាន​របស់លោក​ ខាល​សុន ​តែង​​តែ​រុករក​ប្រភព​សំអាង ឬ​ឯកសារ​គាំទ្រ​នៅលើ​អ៊ី​ន​ធឺ​ណិ​ត​។ នៅ​ប៉ុន្មាន​ឆ្នាំ​ដំបូង ព័ត៌មាន​របស់លោក​ ខាល​សុន​ គឺ​តែងតែ​បញ្ជូន​ទៅកាន់​អ្នកពិនិត្យ​របស់​ទូរទស្សន៍ Fox News ដែលជា​រឿយៗ​រកឃើញថា ប្រភពព័ត៌មាន គឺ​មិនមែនជា​ប្រភព​ផ្លូវការ ឬ​ជា​ប្រភព​ក្រុម​ជ្រុលនិយម​។​

​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​លោក ​ចា​ស្ទី​ន វេ​លស៍ ផលិតករ​ជាន់ខ្ពស់បានការ​ពារ​លោក​ ខាល​​សុន​ ថា «​កម្មវិធី​តុ​ក​ឃឺ ខាល​សុន​ទទួលយក​ភាព​ចម្រុះ​នៃ​គំនិត និង​បង្ហាញ​ពី​ទស្សនៈ​ផ្សេងៗ​នៅក្នុង​ឧស្សាហកម្ម​មួយ​ដែល​ការ​​គិត​ផ្ទុយគ្នា និង​ការស្វែងរក​ការ​ពិត​ត្រូវបាន​គេ​មិន​អើពើ​»​។​

​យ៉ាងណាមិញ អតីត​ប្រ​ធានា​​ធិបតី​ ដូ​ណា​ល់ ត្រាំ គឺមាន​ទំនាក់​​ទំនង​ជួយ​គ្នា​ទៅវិញទៅមក​ជាមួយ ប៉ុស្ដិ៍ Fox News ដោយ​លោក​គឺជា​ទស្សនិកជន​ជាប្រចាំ លោក​ចែករំលែក​ព័ត៌មាន​ពួកគេ​ទៅលើ​បណ្ដាញ​សង្គម ហើយ​ចូលរួម​ការសម្ភាស​លើ​ប៉ុស្តិ៍​នេះ ​ច្រើនជាង​ប៉ុស្តិ៍​ដទៃ ខណៈពេលដែល​ប៉ុស្តិ៍​នេះ​បង្ហាញ​ការគាំទ្រ​លើសលប់​ចំពោះ​លោក​។ ប៉ុន្តែ​ទំនាក់ទំនង​នេះ បានបង្ហាញ​បញ្ហា​មួយ​សម្រាប់​លោក ​ខាល​សុន​។ នៅពេលដែល​កម្មវិធី​លោក ​ខាល​សុន ត្រូវបាន​គេ​ផ្លាស់ប្ដូរ​ទៅ​ម៉ោង ៨ យប់ ​ដែលជា​ម៉ោង​មាន​ទស្សនិកជន​ច្រើន​បំផុត​លោក​ចង់​ទាក់ទាញ​ទស្ស​និក​ជន​គាំទ្រ​លោក​ ត្រាំ ប៉ុន្តែ​មិន​ចង់​ជិតស្និទ្ធ​ពេក​ជាមួយ​ប្រធានាធិបតី ដែល​ពិបាក​ព្យាករ ហើយ​មាន​បុគ្គលិកលក្ខណៈ​មិន​ស្ថិតស្ថេរ​។ ដំណោះស្រាយ​របស់លោក គឺ​គាំទ្រ​លទ្ធិ​ត្រាំ​និយមដោយ​ដក​ឃ្លា​ឱ្យ​ឆ្ងាយ​ពី​លោក ​ត្រាំ​។​

​កម្មវិធី​លោក​ ខាល​សុន បាន​រក្សា​គម្លាត​ប្រុងប្រយ័ត្ន​ពី​លោក ​ត្រាំ ប៉ុន្តែ​បាន​ចាប់យក​ស្នូល​អារម្មណ៍​នៃ​អ្នកគាំទ្រ​របស់លោក​ ត្រាំ ពោលគឺ​ភាព​ស្លន់ស្លោ​របស់​ជនជាតិ​ស្បែក​ស​ចំពោះ​ការផ្លាស់ប្ដូរ​ក្នុងប្រទេស​ពួកគេ​។

​លោក​ព្យាយាម​ស្វែងរក​ព័ត៌មាន​ចម្លែកៗ ដោយពេល​ខ្លះ​គ្មាន​មូល​​ដ្ឋា​ន​ការពិត ប៉ុន្តែ​រឿង​ទាំងនេះ​ គឺមាន​ប្រសិទ្ធភាព​ខ្លាំងណាស់​ក្នុងការ​រំញោច​អារម្មណ៍​របស់​ទស្ស​​និក​ជន​ដែលជា​អ្នកគាំទ្រ​របស់លោក ​ត្រាំ​៕

វីដេអូ៖