​រដ្ឋាភិបាល​ក្រុង​កៀវ​ បាន​អះ​​អាង​ថា ក្រុម​ផ្ដាច់ខ្លួន​គាំទ្រ​ដោយ​ក្រុង​ម៉ូស្គូ នៅ​តំបន់​ត្រង​នី​ស្ត្រៀ របស់​ប្រទេស​ម៉ុ​ល​ដាវី កំពុង​ត្រៀមខ្លួន​ឆ្លង​ព្រំដែន​ដើម្បី​ចូល​​រួមការ​លុកលុយ​របស់​រុស្ស៊ី​ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​តំបន់​ត្រង់​នី​ស្ដ្រៀ​ គឺជា​ដែនដី​ប្រវែង ៤០០ ​គីឡូម៉ែត្រ​នៅជាប់​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ដែនដី​នេះ​មាន​ប្រជាជន​ជាង ៤៧០,០០០ ​នាក់ ហើយ​ត្រូវបាន​ទទួលស្គាល់​ដោយ​សហ​គម​ន៍​អន្តរជាតិ​ថា ជា​ទឹកដី​របស់​ប្រទេស​ម៉ុ​ល​ដាវី ប៉ុន្តែ​ចាប់ពី​ឆ្នាំ ​១៩៩២ មក​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុម​ផ្ដាច់ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី​។​

​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន និង​ម៉ុ​ល​ដាវី​បាន​ព្រមាន​ថា ការផ្ទុះ​គ្រាប់បែក​ថ្មីៗ​នេះ​នៅក្នុង​តំបន់​ត្រង់​នី​ស្ត្រៀ គឺជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​រុស្ស៊ី​ ដើម្បី​បង្ក​អស្ថិរភាព​នៅក្នុង​ប្រទេស​ម៉ុ​ល​​ដាវី ហើយ​អាច​បង្កើតជា​លេស​ដើម្បីឱ្យ​ក្រុម​ផ្ដាច់ខ្លួន​ចូលរួម​ជាមួយ​កងកម្លាំង​រុស្ស៊ី​។​

​កាលពីដើម​សប្ដាហ៍​មុន​ឧប​នាយករដ្ឋមន្ត្រី​ម៉ុ​ល​ដាវី ​លោក​ នី​កូ ប៉ូ​ប៉េ​ស្គូ និយាយថា ភាគ​​ច្រើន​នៃ​ប្រជាជន​ម៉ុ​ល​ដាវី រួម​​ទាំង​ប្រជាជន​នៅ​តំបន់​ត្រង់​នី​​ស្ត្រៀ គឺ​ប្រឆាំង​ការចូលរួម​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ការផ្ទុះ​គ្រាប់បែក​ខាងលើ កំពុង​បង្កើន​ភាព​តានតឹង​។​

​កាលពី​ថ្ងៃអាទិត្យ ទី​ ១ ឧសភា​ នាយកដ្ឋាន​ចារកម្មរបស់​ក្រ​សួង​ការពារជាតិ​អ៊ុយ​ក្រែ​ន បាន​បង្ហោះ​រូបភាព​ទំព័រ​ដំបូង​នៃ​កាសែត​មួយ​របស់​ក្រុម​ផ្ដាច់​​ខ្លួន​នៅត្រង់​នី​ស្ត្រៀ ដែល​កាល​​បរិច្ឆេទ​ថ្ងៃ​ចន្ទ ទី​ ២ ឧសភា ​ហើយ​មាន​រាយការណ៍ អំពី​ការ​វាយ​ប្រហារ​ដែល​នៅ​មិនទាន់​កើតឡើង​នៅឡើយ​ទេ​។ នាយកដ្ឋាន​នេះ​បាន​អះអាងថា រុស្ស៊ី និង​ក្រុម​ផ្ដាច់ខ្លួន កំពុង​ត្រៀម​ធ្វើ​​ការវាយប្រហារ​លើ​ខ្លួនឯង​ហើយ​ចោទប្រកាន់​អ៊ុយ​ក្រែ​ន ឬ​លោកខាងលិច ដើម្បី​បង្កើត​លេស​ចូល​រួមជាមួយ​កងកម្លាំង​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​។​

​នាយកដ្ឋាន​ចារកម្ម​អ៊ុយ​ក្រែ​ន​មិនបាន​បញ្ជាក់ថា​ ពួកគេ​បាន​រូប​​ភាព​កាសែត​នេះ​មកពីណា​ទេ ហើយ​និពន្ធ​នាយក​នៃ​កាសែត​ក្រុម​ផ្ដាច់ខ្លួន​បាន​ច្រាន​ចោលការ​បង្ហោះ​រូបភាព​នេះ​ថា «​ក្លែង​ ក្លាយ​»៕​

វីដេអូ៖