ប្រមាណ ៧០ ​ភាគរយ​នៃ​ក្រុមហ៊ុន​ធំ​របស់​អាស៊ី​បាន​បាត់បង់​តម្លៃ​ភាគហ៊ុន​របស់​ពួកគេ​ក្នុង​រយៈពេល​ ២​ ខែ​ដំបូង​នៃ​ការ​លុកលុយ​របស់​រុស្ស៊ី​ទៅលើ​អ៊ុយក្រែន ខណៈពេល​វិនិយោគិន​មានការ​ភ័យខ្លាច​អំពី​វិបត្តិ​សេដ្ឋកិច្ច​ចេញពី​សង្គ្រាម​នេះ និង​ការបិទ​ខ្ទប់​កូវីដ ​១៩​ យ៉ាង​តឹងរ៉ឹង​នៅ​មជ្ឈមណ្ឌល​ឧស្សាហកម្ម​របស់​ប្រទេស​ចិន​។

តម្លៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ ដូចជា Tencent Holdings, Taiwan Semiconductor Manufacturing Company, និង Samsung បាន​ធ្លាក់ចុះ​ខណៈពេលដែល​តម្លៃ​វត្ថុធាតុដើម​កើនឡើង ហើយ​ខ្សែចង្វាក់​ផ្គត់ផ្គង់​កំពុង​ប្រឈមមុខ​ជាមួយនឹង​បញ្ហា​ជាច្រើន​។ ប៉ុន្តែ​តម្លៃ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​ថាមពល និង​ទំនិញ​នៅ​ប្រទេស​ឥណ្ឌា ថៃ និង​ម៉ាឡេស៊ី បាន​កើនឡើង​ ខណៈពេល​ដែល​តម្លៃ​ផលិតផល​របស់​ពួកគេ​កើនឡើង​។

ទស្សនាវដ្ដី Nikkei Asia បានធ្វើការ​ប្រៀបធៀប​ទិន្នន័យ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​អាស៊ី​ធំៗ​រវាង​ថ្ងៃទី​ ២៣ ​កុម្ភៈ ១ ថ្ងៃមុន​ការចាប់ផ្ដើម​ការ​លុកលុយ​របស់​រុស្ស៊ី ដល់​ថ្ងៃទី ​២២ ខែមេសា​។ គេ​រកឃើញថា ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន ៦២៧ ដែលមាន​តម្លៃ​លើសពី ១០ ​ពាន់​លាន​ដុល្លារ ៣១ ​ភាគរយ​បានឃើញ​ការកើនឡើង​តម្លៃ ខណៈពេល​ដែល ៦៩ ​ភាគរយ​បាន​បាត់បង់​តម្លៃ​ក្នុង​រយៈពេល​ ២ ​ខែ​នេះ​។

មុន​សង្គ្រាម​កើតឡើង ទីផ្សារ​ហិរញ្ញវត្ថុ​បាន​រង​ផលប៉ះពាល់​រួចទៅហើយ ដោយ​ការផ្លាស់ប្ដូរ​គោលនយោបាយ​រូបិយវត្ថុ​របស់​អាមេរិក​ឱ្យ​តឹងរ៉ឹង​ជាង​មុន ខណៈពេលដែល​ពួកគេ​កំពុង​ទប់ទល់​នឹង​ការ​កើន​អត្រា​អតិផរណា​ក្នុងអំឡុងពេល​ងើបឡើង​វិញ​ពី​វិបត្តិ​កូវីដ​ ១៩​។ ការ​លុកលុយ​របស់​រុស្ស៊ី បាន​បង្ក​ការភ័យខ្លាច​នៅលើ​ទីផ្សារ​អន្តរជាតិ ប៉ះពាល់​ដោយផ្ទាល់​លើ​ប្រទេស​ដែលមាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី​ហើយ​បង្កឱ្យមាន​ការកើនឡើង​តម្លៃ​ថាមពល និង​ស្រូវ​សាឡី​។

អត្រាកំណើន​សេដ្ឋកិច្ចរ​បស់​ប្រទេស​ចិន កំពុង​ធ្លាក់​ជាមួយនឹង​អត្រាកំណើន​នៃ​ការនាំចេញ​មិន​រីកចម្រើន ដោយមាន​ការកើន​ជិត​ដល់​សូន្យ​ភាគរយ​កាលពី​ខែមីនា​។ ស្របពេល​ជាមួយគ្នានេះ សហរដ្ឋអាមេរិក​បាន​បង្កើន​អត្រា​ការប្រាក់​របស់ខ្លួន​ដើម្បី​ទប់ទល់​នឹង​ការកើនឡើង​អត្រា​អតិផរណា ប៉ុន្តែ​ការធ្វើ​បែបនេះ​ក៏បាន​ដាក់​ការ​រឹតបន្តឹង​លើ​ទីផ្សារ​បំណុល​ពិភពលោក ដែល​នឹង​រារាំង​កំណើនសេដ្ឋកិច្ច​។

ភាគហ៊ុន​ធំៗ​របស់​ចិន​បាន​ដឹកនាំ​ការធ្លាក់ចុះ​ក្នុង​តំបន់​សម្រាប់​រយៈពេល​ ២ ខែ​ចុង​ក្រោយនេះ​។ តម្លៃ​ក្រុមហ៊ុន​កក់​មធ្យោបាយ​ធ្វើ​ដំណើរ DiDi Global ដែល​កំពុង​ស្ថិតក្នុង​ដំណើរ​ដកខ្លួន​ចេញពី​ទីផ្សារ​ភាគហ៊ុន​ក្រុង​ញូវយ៉ក​បាន​ធ្លាក់ចុះ​ ៥៩ ភាគរយ​ដែលជា​ការធ្លាក់ចុះ​ខ្លាំង​បំផុត​ក្នុងចំណោម​ក្រុមហ៊ុន​ទាំង ៦២៧​។ ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក JD.com បាន​ធ្លាក់ចុះ ២៧ ​ភាគរយ ក្រុមហ៊ុន Tencent និង​ក្រុមហ៊ុន Alibaba Group បាន​ធ្លាក់ចុះ​ ២៣ ​ភាគរយ​។

តម្លៃ​ភាគហ៊ុន​បច្ចេកវិទ្យា​ទាំងនេះ គឺ​ក្នុងចំណោម​ភាគហ៊ុន​ងាយ​រងគ្រោះ​បំផុត​ពី​ការកើនឡើង​អត្រា​ការប្រាក់ ដោយ​ការធ្វើ​បែបនេះ គឺ​នឹង​បន្ទាប​តម្លៃ​ប្រាក់ចំណូល​នាពេល​អនាគត​របស់​ពួកគេ​។ ក៏ប៉ុន្តែ​ការ​រឹតបន្តឹង​គោលនយោបាយ​រូបិយវត្ថុ គឺ​មិនមែនជា​កត្តា​តែមួយគត់​ប៉ុណ្ណោះ​ទេ ដែល​បង្កឱ្យមាន​ការធ្លាក់​ចុះ​បែបនេះ​។

បើ​ក្រឡេកមើល​ដំបូង​វិបត្តិ​ជំងឺ​កូវីដ ​១៩ វិធាន​ការបិទ​ខ្ទប់ និង​វិធាន​ការដាក់​កម្រិត​លើ​ការធ្វើ​ដំណើរ គឺ​គួរតែ​បង្កើន​តម្រូវការ​សម្រាប់​សេវាកម្ម​ឌីជីថល ដូចជា​គេហទំព័រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ហើយ​ធ្វើឱ្យ​ក្រុមហ៊ុន​ទាំងនេះ​មាន​កំណើន​តម្លៃ ប៉ុន្តែ​ស្ថានភាព​ជាក់ស្ដែង​គឺ​ផ្ទុយ​ពីនេះ​។ អ្នក​វិភាគ​មួយចំនួន​និយាយថា វិធានការ​ដ៏​តឹងរ៉ឹង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​ទប់ទល់​នឹង​ការឆ្លង​ជំងឺ​កូវីដ​ ១៩ បាន​រារាំង​យ៉ាងខ្លាំង​ទៅលើ​វិស័យ​ខ្សែចង្វាក់​ផ្គត់ផ្គង់ និង​ដឹកជញ្ជូន ដូច្នេះ​បើទោះបីជា​មានការ​កើនឡើង​តម្រូវការ​ក៏ដោយ ក្រុមហ៊ុន​ទាំងនេះ​ក៏​មិនអាច​បំពេញការងារ​រ​បស់​ខ្លួន​បានទេ​។ អ្នកវិភាគ​មួយចំនួន​និយាយថា ការភ័យខ្លាច​ថា ប្រទេស​ចិន​មិនអាច​បំពេញ​គោលដៅ​កំណើន​សេដ្ឋកិច្ច​របស់ខ្លួន ក៏​ធ្វើឱ្យ​វិនិយោគិន​មួយចំនួន​បោះបង់​ភាគហ៊ុន​ចិន​ផងដែរ​។

នៅក្រៅ​ប្រទេស​ចិន ក្រុមហ៊ុន SEA របស់​សិង្ហបុរី ដែល​ប្រឈមមុខ​នឹង​ការខាតបង់​រួចទៅហើយ​បាន​ធ្លាក់ចុះ ២៧ ​ភាគរយ​បន្ថែមទៀត ខណៈពេល​ដែល​ក្រុមហ៊ុន​ហ្គេម​អនឡាញ និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នេះ​កំពុង​ប្រឈម​នឹង​ការកើនឡើង​នៃ​អត្រា​ការប្រាក់​។ ក្រុមហ៊ុន TSMC របស់​តៃវ៉ាន់​បាន​ធ្លាក់ចុះ ១១ ​ភាគរយ ក្រុមហ៊ុន Samsung របស់​កូរ៉េខាងត្បូង​បាន​ធ្លាក់ចុះ ៨ ​ភាគរយ ក្នុង​រយៈពេល​ ២ ​ខែ​ បន្ទាប់ពី​ការចាប់ផ្ដើម​នៃ​សង្គ្រាម​អ៊ុយក្រែន​។

កាលពី​ខែ​មុន​ក្រុមហ៊ុន Samsung បាន​ផ្អាក​ការដឹកជញ្ជូន​ទូរស័ព្ទ និង​ផលិតផល​ដទៃទៀត​ទៅ​ប្រទេស​រុស្ស៊ី ខណៈពេលដែល​ពួកគេ​ចូលរួម​ជាមួយ​ក្រុមហ៊ុន​លោកខាងលិច​ក្នុងការ​ដកខ្លួន​ចេញពី​ប្រទេស​នេះ​។ ការបិទខ្ទប់​ទីក្រុង​សៀងហៃ ក៏បាន​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ខ្សែចង្វាក់​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​នេះដែរ​។

ស្របពេល​ជាមួយ​គ្នានេះ​ក្រុមហ៊ុន​ដែល​មើលឃើញ​ការ​កើនឡើង​តម្លៃ​ភាគហ៊ុន គឺ​ក្រុមហ៊ុន​ក្នុង​វិស័យ​ថាមពល និង​ទំនិញ​សំខាន់ៗ​។

ក្រុមហ៊ុន Adani Total Gas របស់​ឥណ្ឌា​បានទទួល​ផលប្រយោជន៍​ខ្ពស់​ជាងគេ ដោយមាន​កំណើន​តម្លៃ​រហូតដល់ ៤៩ ​ភាគរយ​ឯណោះ​។ ក្រុមហ៊ុន​នេះ​ផ្ដល់​សេវា​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ទៅឱ្យ​ភ្ញៀវ​អតិថិជន​ដូចជា​រោងចក្រ និង​ប្រជាជន​ទូទៅ​។ នៅ​ប្រទេស​ថៃ​ក្រុមហ៊ុន​ប្រេង PTT Exploration and Production បានឃើញ​ការកើនឡើង ១៤ ​ភាគរយ ខណៈពេល​ដែល​ក្រុមហ៊ុន​ប្រេង Petronas របស់​រដ្ឋ​ម៉ាឡេស៊ី បាន​កើនឡើង ១២ ​ភាគរយ​។

ក្រុមហ៊ុន​ឥណ្ឌូនេស៊ី Astra International ដែលមាន​មុខរបរ​ជាច្រើន​ចាប់ពី​ការផលិត​រថយន្ត ជីក​រ៉ែ​ធ្យូងថ្ម រហូត​ដល់​ការចម្រាញ់​ប្រេងដូង​បានឃើញ​កើនឡើង​តម្លៃ​រហូតដល់ ២៥ ភាគរយ​។ ការ​កើន​តម្លៃ​របស់​ក្រុមហ៊ុន Astra គឺ​បង្ក​ដោយសារ​ការកើនឡើង​តម្រូវការ​សម្រាប់​ធ្យូងថ្ម និង​ប្រេងដូង​។

ស្ថានភាព​របស់​ក្រុមហ៊ុន Astra គឺ​ត្រូវបាន​គេ​ចាត់ទុកជា​រង្វាស់​សម្រាប់​សេដ្ឋកិច្ច​របស់​ឥណ្ឌូនេស៊ី ដោយ​ក្រុមហ៊ុន​នេះ​មាន​ពាក់ព័ន្ធ​នឹង​វិស័យ​សំខាន់​ស្ទើរ​ទាំងអស់​របស់​ប្រទេស​នេះ​។ ពិតណាស់​សូចនាករ​ទីផ្សារ​ភាគហ៊ុន​របស់​ឥណ្ឌូនេស៊ី​បាន​កើនឡើង ៤ ​ភាគរយ​ក្នុង​រយៈពេល​ ២ ​ខែ ដែល​ប្រសើរ​ជាង​ប្រទេសជិតខាង​របស់ខ្លួន​៕

វីដេអូ៖