ហ្វីលីពីន នឹង​រៀបចំ​ដំណើរការ​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ថ្ងៃទី​ ៩ ឧសភា ខាងមុខ ដោយមាន​បេក្ខជន​នាំមុខ​ ៤ រូប រួមទាំង​កូនប្រុស​ច្បង​របស់​អតីត​មេដឹកនាំ​ផ្តាច់ការ​ផងដែរ​។

ជាទូទៅ ប្រទេស​នេះ​នឹង​រៀបចំ​ការ​បោះឆ្នោត​ប្រធានាធិបតី​ដោយផ្ទាល់​រៀងរាល់​ ៦​ ឆ្នាំ​ម្តង​ដោយ​រដ្ឋធម្មនុញ្ញ​បានកំណត់​រយៈពេល​ប្រធានាធិបតី​ត្រឹម ​១​ អាណត្តិ​ប៉ុណ្ណោះ​។ ដូច្នេះ​លោក Rodrigo Duterte ដែល​កាន់អំណាច​សព្វថ្ងៃ​មិនអាច​ឈរឈ្មោះ​ម្តងទៀត​បានទេ​ទោះបីជា​គាត់​មាន​ប្រជាប្រិយ​ភាពខ្លាំង​ក៏ដោយ​។

ប្រជាជន​ហ្វីលីពីន​នឹង​ជ្រើសរើស​ប្រធានាធិបតី​ បន្ទាប់​របស់​ពួកគេ​ពី​ក្នុងចំណោម​អ្នក​ស្នងតំណែង​ដ៏​មាន​សក្តានុពល​ចំនួន​ ១០ រូប​។

ការស្ទង់មតិ​ដោយ​ស្ថាប័ន PulseAsiaResearch កាលពី​ខែមីនា​បានធ្វើឱ្យ​អតីត​ព្រឹទ្ធសភា Marcos ដែល​ឈរ​នៅលើ​កំពូល​ដោយមាន​សំឡេងគាំទ្រ​ ៥៦​ ភាគរយ​។ ក្នុងចំណោម​បេក្ខជន​សំខាន់ៗ ផ្សេងទៀត​អនុប្រធានាធិបតី LeniRobredo ជាប់​លេខ ​២ (​មាន​សំឡេងគាំទ្រ​ ២៤ ​ភាគរយ​) ខណៈ​អភិបាល​ក្រុងមានីល ​Isko Moreno ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​ ៣ (​មាន​សំឡេង គាំទ្រ​ ៨ ​ភាគរយ​) និង​អតីត​អ្នក​ប្រដាល់​អាជីព Sen. Manny Pacquiao ទទួលបាន ​៦ ​ភាគរយ​។

យ៉ាងណាមិញ ខាងក្រោម​នេះ​គឺជា​សមាសភាព​របស់​បេក្ខជន​នីមួយៗ​។

លោក Bongbong Marcos ជា​កូនប្រុស​របស់​អតីត​ប្រធានាធិបតី​ហើយក៏​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ និង​បទពិសោធ​នយោបាយ​គួរសម​ដែរ​។ លោក​បាន​បម្រើការ​ទាំង​ក្នុង​សភា​ជាន់ខ្ពស់ និង​ជាន់​ទាប​នៃ​សភា​ហ្វីលីពីន​។ លោក​ក៏មាន​ប្រជាប្រិយភាព​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ខ្លាំង​ដែរ​ដោយមាន​អ្នកតាមដាន​ហ្វេសប៊ុក​សរុប​ប្រហែល ​៥,៨ ​លាន​នាក់​ផងដែរ​។

ប្រទេស​ហ្វីលីពីន​ជា​ប្រទេស​មាន​អ្នកបោះឆ្នោត​វ័យក្មេង​ ១ ​ចំណែក​ធំ​មិន​ធ្លាប់បាន​ឆ្លងកាត់​បទពិសោធ​រំលោភសិទ្ធិ​មនុស្ស​ដឹកនាំ​ក្រោម​អាណត្តិ​ឪពុក​របស់លោក Bongbong ឬ​រឹតតែ​មិន​ចាំ​ពី​បដិវត្តន៍​អំណាច​ប្រជាជន​ក្នុង​ឆ្នាំ​ ១៩៨៦ ដែល​ធ្លាប់​ទម្លាក់​គាត់​កាលនោះ​។ ដូច្នេះ​ការ​ឃោសនា​របស់លោក Bongbong​ ក្នុង​ការកសាង​សេដ្ឋកិច្ច​ហ្វីលីពីន​ឡើងវិញ​ និង​អំពាវនាវ​ដល់​អ្នកគាំទ្រ​យុវជន​របស់គាត់​នៅលើ​ហ្វេសប៊ុក​ហាក់​មាន​ប្រសិទ្ធភាព​។

ចំណែក​លោកស្រី Robredo ​បាន​តស៊ូ​ជាមួយ​ការលុបបំបាត់​ភាពក្រីក្រ​នៅក្នុង​ប្រទេស​ហ្វីលីពីន​ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​កូវីដ​ ១៩​។ បន្ថែម​ពីនេះ​លោកស្រី​បាន​ប្រឈមមុខ​នឹង​ប្រធានាធិបតី​បច្ចុប្បន្ន​ដែល​បាន​គ្រប់គ្រង​ប្រទេស​បែប​របៀប​ធ្ងន់ៗ​ដោយ​ជំហាន​នេះ​ធ្វើឱ្យ​សាស្ត្រាចារ្យ និង​សេដ្ឋវិទូ​ជាង ២៧០​ នាក់​នៅ​សាកលវិទ្យាល័យ​ដែល​មិន​ពេញចិត្ត​នឹង​រដ្ឋបាល​សព្វ​ថ្ងៃ​ងាក​មករក​ការគាំទ្រ​ជា​សាធារណៈ​លើ​លោកស្រី Robredo វិញ​។

ដោយឡែក​លោក Moreno ជា​អភិបាលក្រុង​ហ្វីលីពីន​បានធ្វើការ​លើកកម្ពស់​អនាម័យ​សាធារណៈ និង​លំនៅឋាន និង​ដើម្បី​លម្អ​ទីក្រុង​ជា​បន្តបន្ទាប់​។ ​លោក Moreno បាន​សន្យាថា​ប្រសិនបើ​លោក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​លោក​នឹង​ពង្រឹង​សេវាកម្ម​សង្គម​និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស និង​ជំរុញ​ការអភិវឌ្ឍ​ទីក្រុង​ក្នុង​តំបន់​។

ចុងក្រោយ​អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​លោក Pacquiao ក៏​ស្ថិត​ក្នុងចំណោម​បេក្ខភាព​កំពូល​ទាំង​ ៤ ផងដែរ​។ លោក​បាន​ចូលនិវត្តន៍​ពី​សង្វៀន​ ដើម្បី​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ដោយ​សន្យាថា នឹង​លុបបំបាត់​អំពើពុករលួយ​របស់​រដ្ឋាភិបាល​ផងដែរ​។

ទោះយ៉ាងណា ចិន​ហាក់ដូច​រួមចំណែក​ធំ​គួរសម​លើ​ការបោះឆ្នោត​។ ទោះបីជា​ហ្វីលីពីន​មាន​សម្ព័ន្ធភាព​យូរអង្វែង​ជាមួយ​សហរដ្ឋអាមេរិក​ក៏ដោយ​ក៏​លោក​ Duterte ​បាន​រក្សា​គម្លាត​ពី​ប្រទេស​នេះហើយ​បែរ​ទៅរក​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​វិញ​។ បើទោះបីជា ទីក្រុង​ប៉េកាំង​ និង​ទីក្រុង​ម៉ានីល​មាន​ជម្លោះទឹកដី​លើ​កោះ​នៅ​សមុទ្រ ចិន​ខាងត្បូង​ក៏ដោយ ក៏​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រទេស​នេះ​នៅតែ​ស្អិតល្មួត​ដដែល​។

ដូច្នេះ​ជំហរ​របស់​ប្រធានាធិបតី​បន្ទាប់​នៃ​ប្រទេស​នេះ​ថា តើ​នៅតែ​រក្សា​ជំហរ​ចំពោះ​ចិន​ឬ​យ៉ាងណា​?​នឹង​ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​ក្នុង​តំបន់​។

សំណួរ​មួយទៀត គឺថា​តើ​ប្រធានាធិបតី​បន្ទាប់​នឹង​បន្ត​គោលនយោបាយ​របស់លោក​ Duterte ​ដែរឬទេ​? ខណៈពេល​ដែល​គោលនយោបាយ​លោក​ Bongbong ​ត្រូវបាន​ចាត់ទុកថា​មាន​ភាពប្រកៀក​ប្រកើយ​នឹង​បន្ទាត់​គោលនយោបាយ​របស់លោក ​Duterte​។ ​ផ្ទុយទៅវិញ គោលនយោបាយ​របស់លោក​ Robredo ​និង​ Pacquiao​ ហាក់​ផ្ទុយ​ជាមួយ​ប្រធានាធិបតី​វិញ​ជុំវិញ​បញ្ហា​ប្រទេស​ចិន​។ ជាទូទៅ លោក​ Duterte មិន​គាំទ្រ​បេក្ខជន​បែបនេះ​ឡើយ​៕

វីដេអូ៖