កាល​ពី​ថ្ងៃ​ចន្ទ ទី​២ ឧសភា​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ណាហ្វតាលី បេននិត បាន​ថ្កោលទោស​ការ​លើក​ឡើង​ថ្មីៗ​នេះ​ដោយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក​សឺហ្គេ ឡាវរ៉ូវ​ ដែល​រួមមាន​ការ​លើក​ឡើង​ថា​ជនជាតិ​ជ្វីហ្វ​គឺ​ជា «អ្នក​រើស​អើង​ជនជាតិ​ជ្វីហ្វ​ធំ​បំផុត»​។

ក្រសួង​ការបរទេស​អ៊ីស្រាអែល​ក៏​បាន​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អ៊ីស្រាអែល​ឱ្យ​មក​បក​ស្រាយ​បំភ្លឺ​ការ​លើក​ឡើង​របស់​លោក​ឡាវរ៉ូវ ខណៈ​ពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល​លោក​យ៉ែរ ឡាពីដ បាន​ទាមទារ​ឱ្យ​មាន​ការ​សុំ​ទោស​។

កាល​ពី​ថ្ងៃ​អាទិត្យ​ លោក​ឡាវរ៉ូវ​បាន​ផ្ដល់​បទ​សម្ភាស​ជាមួយ​អ្នក​សារព័ត៌មាន​ប៉ុស្តិ៍​ទូរទស្សន៍​អ៊ីតាលី​មួយ​ ដោយ​ក្នុង​នោះ​លោក​ត្រូវ​បាន​គេ​សួរ​ថា​ហេតុអ្វី​បាន​ជា​រុស្ស៊ី​នៅ​តែ​អះអាង​ថា​ ពួកគេ​កំពុង​ «បំបាត់​លទ្ធិ​ណាហ្ស៊ី​និយម​» ចេញ​ពី​ប្រទេស​អ៊ុយក្រែន បើ​ទោះ​បី​ជា​ប្រធានាធិបតី​អ៊ុយក្រែន​លោក​វ៉ុលូឌីមៀរ ហ្សេលេនស្គី គឺ​ជា​ជនជាតិ​ជ្វីហ្វ​។

លោក ​ឡាវរ៉ូវ​ បាន​ឆ្លើយ​តប​នឹង​សំណួរ​នេះ​ដោយ​អះអាង​ថា​មេដឹកនាំ​ណាហ្ស៊ី​លោក​អាដុលអ៊ីទ្លែរ ក៏​មាន​ឈាម​ពូជពង្ស​ជនជាតិ​ជ្វីហ្វ​ដែរ​ ប៉ុន្តែ​ការ​អះអាង​បែបនេះ ​ត្រូវ​បាន​ច្រានចោល​ទាំង​ស្រុង​ដោយ​អ្នក​ជំនាញ​។

បន្ថែម​ពីនេះ ​លោក​ឡាវរ៉ូវ ​បាន​និយាយ​ថា​៖ «អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​ យើង​បាន​ឮ​ពី​អ្នក​ប្រាជ្ញ​ជនជាតិ​ជ្វីហ្វី​ថា​អ្នក​រើស​អើង​ជនជាតិ​ជ្វីហ្វ​ធំ​បំផុត ​គឺ​ជា​ជនជាតិ​ជ្វីហ្វ​ខ្លួន​ឯង​ផ្ទាល់​»។

លោក​បេននិតវិញ ​បាន​និយាយ​ថា​ លោក​មើល​ការ​លើក​ឡើង​ របស់​លោក​ឡាវរ៉ូវ គឺ​ «មិន​ពិត​ ហើយ​ចេតនា​គឺ​ខុស»​។ លោក​បន្ថែម​ទៀត​ថា​៖ «គោលដៅ​របស់​ការ​កុហក​បែប​នេះ​ គឺ​ដើម្បី​ចោទ​ប្រកាន់​ជនជាតិ​ជ្វីហ្វ​ខ្លួន​ឯង​អំពី​ឧក្រិដ្ឋកម្ម​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ដែល​បាន​ប្រព្រឹត្ត​ប្រឆាំង​ពួកគេ​ ហើយ​ជា​ហេតុ​ជា​ការ​កម្ចាត់​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​សត្រូវ​របស់​អ៊ីស្រាអែល»​។

រីឯ​លោក​ឡាពីដ​វិញ​បាន​និយាយ​ថា​ការ​លើក​ឡើង​របស់​លោក​ឡាវរ៉ូវ​គឺ​ជា​ «ការ​លើកឡើង​មិន​អាច​អត់ឱន​បាន​ និង​ហួសហេតុ​ ហើយ​ក៏​ជា​កំហុស​ប្រវត្តិសាស្ត្រ​ដ៏​អាក្រក់​មួយ​»​។

លោក​បន្ថែម​ទៀត​ថា​៖ «ជនជាតិ​ជ្វីហ្វ​មិន​បាន​ប្រល័យ​ពូជសាសន៍​ខ្លួន​ឯង​នៅ​ក្នុង​ Holocaust ទេ​។ កម្រិត​ថោក​ទាប​បំផុត​នៃ​ការ​រើស​អើង​ជនជាតិ​ជ្វីហ្វ​ គឺ​ការ​ចោទ​ប្រកាន់​ជនជាតិ​ជ្វីហ្វ​ខ្លួន​ឯង​ថា​ជា​អ្នក​រើស​អើង​ខ្លួន​ឯង​»​។

ចាប់​តាំង​ពី​ការ​ផ្ដើម​ការ​លុកលុយ​​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ប្រទេស​អ៊ីស្រាអែល​បាន​ព្យាយាម​ដើរ​ផ្លូវ​កណ្ដាល​។ អ៊ីស្រាអែល​បាន​ព្យាយាម​សម្របសម្រួល​ការ​ចរចា​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​ ហើយ​បាន​ចៀស​វាង​បង្ក​ភាព​តានតឹង​ជា​មួយ​រុស្ស៊ី​ ជា​ពិសេស​ ដោយ​សារ​រុស្ស៊ី​មាន​វត្តមាន​យោធា​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​ស៊ីរី​។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ មេដឹកនាំ​អ៊ីស្រាអែល​មាន​ភាព​រសើប​យ៉ាង​ខ្លាំង​ចំពោះ​ការ​លើក​ឡើ​ង​​របស់​មន្ត្រី​បរទេស​អំពី​ការ​ប្រល័យ​ពូជ​សាសន៍​កាល​ពី​សង្គ្រាម​លោក​លើក​ទី​២៕

វីដេអូ៖