បណ្តាប្រទេសនៅសហភាពអឺរ៉ុប កំពុងស្វែងរកពីវិធីណា ដែលឆាប់ជួយឱ្យអឺរ៉ុបឈប់ពឹងផ្អែកលើការផ្គត់ផ្គង់ថាមពលពីរុស្ស៊ី។

បើទោះអឺរ៉ុប ដាក់ទណ្ឌកម្មវិស័យអាជីវកម្មផ្សេងទៀតក៏ដោយ ក៏សហភាពអឺរ៉ុបនៅតែពឹងផ្អែកខ្លាំងលើប្រេង និងឧស្ម័នរបស់រុស្ស៊ី។

រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ បាននិយាយថា ប្រទេសនេះនឹងបញ្ចៀសការពឹងផ្អែកលើប្រេងរុស្ស៊ីនៅចុងឆ្នាំ ២០២២ ខណៈ ដែលលោកហាក់ដូចជា គាំទ្រការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងទាំងនេះ។

ដោយឡែក ហុងគ្រី បាននិយាយថា ខ្លួនជំទាស់នឹងទង្វើបែបនេះ ដោយបញ្ជាក់ថា ខ្លួននឹងមិនគាំទ្រវិធានការ ដែលអាចបង្កគ្រោះថ្នាក់ដល់ការផ្គត់ផ្គង់ក្នុងស្រុកនោះទេ។

រដ្ឋមន្ត្រីសហភាពអឺរ៉ុប បានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីការធ្វើយ៉ាងណាដាក់សម្ពាធលើរំហូរប្រាក់ចំណូលណា ដែលផ្គត់ផ្គង់យោធារបស់ប្រធានាធិបតីលោក វ្ល៉ាឌីមៀរ ពូទីន ក្នុងការលុកលុយអ៊ុយក្រែន។

យ៉ាងណាមិញ មានបញ្ហាប្រឈមសំខាន់ ២ ដែលរដ្ឋជាសមាជិកកំពុងប្រឈមមុខ រួមមានរបៀបបង់ថ្លៃថាមពលរបស់រុស្ស៊ីតាមរបៀប ដែលមិនបំពាន ឬធ្វើឱ្យខូចដល់ទណ្ឌកម្មរបស់ សហភាពអឺរ៉ុប និងរបៀបរកប្រភព និងអភិវឌ្ឍការផ្គត់ផ្គង់ជំនួស ដើម្បីបញ្ចៀសការពឹងផ្អែកលើរុស្ស៊ី។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃ ចន្ទ ប្រធានគ្រប់គ្រងគោលនយោបាយថាមពលរបស់សហភាពអឺរ៉ុប លោក Kadri Simson បាននិយាយថា ប្រទេសរុស្ស៊ីបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសប៉ូឡូញ និងប៊ុលហ្គារី ហើយក៏បានពង្រឹងឆន្ទៈរបស់ប្លុក ដើម្បីក្លាយជាប្លុកឯករាជ្យពីការពឹងផ្អែកឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី។

ប៉ុន្តែ យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA) សហភាពអឺរ៉ុបបាននាំចូលឥន្ធនៈហ្វូស៊ីលស្មើនឹងប្រមាណ ៣៧ ពាន់លានផោន ចាប់តាំងពីជម្លោះបានចាប់ផ្តើម។ ប្រទេសនាំចូលច្រើនជាងគេ ២ នៅជុំវិញពិភពលោកគឺ អាល្លឺម៉ង់ បន្ទាប់មកអ៊ីតាលី។

ក្រុមហ៊ុនថាមពលយក្ស Gazprom បានបញ្ឈប់ការនាំចេញឧស្ម័នទៅកាន់ប្រទេសប៉ូឡូញ និងប៊ុលហ្គារីកាលពីសប្តាហ៍មុន បន្ទាប់ពីប្រទេសទាំងនោះ បានបដិសេធមិនអនុវត្តតាមការទាមទាររបស់រុស្ស៊ី ដើម្បីផ្លាស់ប្ដូររូបិយប័ណ្ណសម្រាប់ការទូទាត់ ហើយប្រទេសសមាជិកជាច្រើន ទៀត គ្រោងនឹងប្រឈមមុខនឹងបញ្ហាដូចគ្នានៅពាក់កណ្តាលខែ ឧសភា។

ប្រទេសប៉ូឡូញ និងប៊ុលហ្គារី មានគម្រោងបញ្ឈប់ការប្រើប្រាស់ឧស្ម័នរុស្ស៊ីនៅឆ្នាំនេះ ហើយនិយាយថា ពួកគេអាចរកវិធីដោះស្រាយសម្រាប់ការបញ្ឈប់នេះ ប៉ុន្តែខ្លួនបារម្ភថា បណ្តា ប្រទេសសហភាពអឺរ៉ុបផ្សេងទៀត រួមទាំង ប្រទេសមហាអំណាចសេដ្ឋកិច្ច ដែលពឹងផ្អែកលើឧស្ម័នរបស់អឺរ៉ុប អាល្លឺម៉ង់ អាចនឹងបញ្ឈប់ភ្លាមៗដូចខ្លួនដែរ។

លោក Nathan Piper ប្រធានផ្នែកស្រាវជ្រាវប្រេង និងឧស្ម័ននៅក្រុមហ៊ុន Investec បានប្រាប់សារព័ត៌មាន BBC បាននិយាយថា៖ «ច្បាស់ណាស់ថា សហភាពអឺរ៉ុបចង់ងាកចេញពីការពឹងផ្អែកប្រេង និងឧស្ម័នរបស់រុស្ស៊ី ប៉ុន្តែកង្វះការរួបរួមគ្នាធ្វើឱ្យអសមត្ថភាពក្នុងការអនុវត្តទៅឱ្យជោគជ័យ»។

រុស្ស៊ីជាអ្នកផ្គត់ផ្គង់ប្រេងដ៏សំខាន់របស់ប្លុកនេះ ដោយបានផ្គត់ផ្គង់ឧស្ម័នធម្មជាតិប្រហែល ៤០ភាគរយ ប៉ុន្តែប្រទេសខ្លះ ពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ីច្រើនជាងប្រទេសផ្សេងទៀត ដូច្នេះការកាត់បន្ថយការផ្គត់ផ្គង់ភ្លាមៗ អាចជះឥទ្ធិពលសេដ្ឋកិច្ចយ៉ាងខ្លាំង។

ឧទាហារន៍ អាល្លឺម៉ង់បាននាំចូលប្រេងប្រហែល ២៥ភាគរយ និងឧស្ម័ន ៤០ភាគរយពីរុស្ស៊ី ខណៈស្លូវ៉ាគី និងហុងគ្រី នាំចូលប្រេងប្រមាណ ៩៦ភាគរយ និង ៥៨ភាគរយ រៀងគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ។

ប្រភពពីការទូត បានប្រាប់សារព័ត៌មាន BBC ថា ការស្រុះស្រួលគ្នាក្នុងការហាមប្រាមប្លុកមិនឱ្យនាំចូលប្រេងទាំងស្រុងអាចប្រព្រឹត្តទៅបានក្នុងប្លុក ជាពិសេសសម្រាប់ប្រទេសហុងគ្រី និងស្លូវ៉ាគី៕

វីដេអូ៖