ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ចោទ​ប្រកាន់​ប្រទេស​អ៊ីស្រាអែល​ថា​ ណបាន​គាំទ្រ​ «ក្រុម​ណាហ្ស៊ី​ថ្មី» (neo-Nazi) នៅ​ប្រទេស​អ៊ុយក្រែន​ដែល​ជា​បង្កើន​ជម្លោះ​ការទូត​ចាប់​ផ្ដើម​នៅ​ពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក​សឺហ្គេ ឡាវរ៉ូវ ​អះអាង​ថា ​មេដឹកនាំ​ណាហ្ស៊ី​អាល្លឺម៉ង់​លោក​អាដុលអ៊ីទ្លែរ​មាន​ពូជពង្ស​លោហិត​ជនជាតិ​ជ្វីហ្វ​។

ដើម​ឡើយ​ប្រទេស​អ៊ីស្រាអែល​ព្យាយាម​ដើរ​ខ្សែ​កណ្ដាល​លើ​បញ្ហា​សង្គ្រាម​អ៊ុយក្រែន​ដោយ​ពួកគេ​បាន​ព្យាយាម​សម្របសម្រួល​ការ​ចរចា​ភាគី​ទាំង​២ ហើយ​បាន​ផ្ដល់​ជំនួយ​មនុស្សធម៌​ទៅ​ឱ្យ​អ៊ុយក្រែន​ប៉ុន្តែ​បាន​ព្យាយាម​ចៀសវាង​បង្ក​ភាព​តានតឹង​ជាមួយ​រុស្ស៊ី​។ប៉ុន្តែ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ពេល​ដែល​គេ​សួរ​ថា​​ហេតុអ្វី​បាន​ជា​រុស្ស៊ី​នៅ​តែ​អះអាង​ថា ​ពួកគេ​កំពុង​ «បំបាត់​លទ្ធិ​ណាហ្ស៊ី​និយម​» ចេញ​ពី​ប្រទេស​អ៊ុយក្រែនបើ​ទោះ​បី​ជា​ប្រធានាធិបតី​អ៊ុយក្រែន​លោក​វ៉ុល​ឌីមៀរ ហ្សេលេនស្គី គឺ​ជា​ជនជាតិ​ជ្វីហ្វ​លោក​ឡាវរ៉ូវ​បាន​ឆ្លើយ​តប​នឹង​សំណួរ​នេះ​ដោយ​អះអាង​ថា​លោក​ហ៊ីត្លែរ​ក៏​មាន​ឈាម​ពូជពង្ស​ជនជាតិ​ជ្វីហ្វ​ដែរ​។លោក​ឡាវរ៉ូវ​បាន​បន្ថែម​ទៀត​ថា​ជនជាតិ​ជ្វីហ្វ​ខ្លួន​ឯង​គឺ​ជា​អ្នក​រើស​អើង​ជនជាតិ​ជ្វីហ្វ​ធំ​ជាង​គេ​។

ការ​លើក​ឡើង​របស់​លោក​ឡាវរ៉ូវ​បាន​ទាក់ទាញ​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​។​កាល​ពី​ថ្ងៃ​ចន្ទ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល​លោក​​យ៉ែរឡាពីដ​វិញ​បាន​និយាយ​ថា​ការ​លើក​ឡើង​របស់​លោក​ឡាវរ៉ូវ​គឺ​ជា​ «ការ​លើកឡើង​មិន​អាច​អត់ឱន​បាន​និង​ហួសហេតុ​ហើយ​ក៏​ជា​កំហុស​ប្រវត្តិសាស្ត្រ​ដ៏​អាក្រក់​មួយ​»​។លោក​បន្ថែម​ទៀត​ថា​៖ «ជនជាតិ​ជ្វីហ្វ​មិន​បាន​ប្រល័យ​ពូជសាសន៍​ ខ្លួន​ឯង​នៅ​ក្នុង​ Holocaust ទេ​។កម្រិត​ថោក​ទាប​បំផុត​នៃ​ការ​រើស​អើង​ជនជាតិ​ជ្វីហ្វ​គឺ​ការ​ចោទ​ប្រកាន់​ជនជាតិ​ជ្វីហ្វ​ខ្លួន​ឯង​ថា​ជា​អ្នក​រើស​អើង​ខ្លួន​ឯង​»​។

នៅ​ថ្ងៃ​អង្គារ​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ថា​ការ​លើក​ឡើង​របស់​លោក​ឡាពីដ​គឺ «ប្រឆាំង​នឹង​ប្រវត្តិសាស្ត្រ​» ហើយ «ពន្យល់​យ៉ាង​ទូលំ​ទួលាយ​ថា​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​អ៊ីស្រាអែល​បច្ចុប្បន្ន​គាំទ្រ​របប​ណាហ្ស៊ី​នៅ​ក្រុងកៀវ »​។

ក្រសួង​នេះ​សង្កត់​ធ្ងន់​គោលគំនិត​នៃ​ការ​អះអាង​របស់​លោក​ឡាវរ៉ូវ​ថា​បើ​ទោះ​បី​លោក​ហ្សេ លេនស្គី​ជា​ជនជាតិ​ជ្វីហ្វ​ក៏​ដោយ​ក៏​មិន​មាន​ន័យ​ថា ​រដ្ឋាភិបាល​របស់​លោក​ គឺ​មិនមែន​ជា​រដ្ឋាភិបាល​ណាហ្ស៊ី​និយម​ទេ​។

ក្នុង​ការ​ព្យាយាម​បង្ហាញ​ថា​ការលុកលុយ​​របស់​ខ្លួន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​ជា​អំពើ​ត្រឹមត្រូវ​រុស្ស៊ី​បាន​ព្យាយាម​គោលដៅ​ចម្បង​របស់​ «បេសកកម្ម​ពិសេស» របស់​ពួកគេ​គឺ​ការ​កម្ចាត់​របប​ណាហ្ស៊ី​និយម​នៅ​អ៊ុយក្រែន​ដែល​កំពុង​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​ជនជាតិ​ជ្វីហ្វនិង​រុស្ស៊ី​។ពួកគេ​មិន​បាន​ផ្ដល់​អំណះអំណាង​ដើម្បី​គាំទ្រ​ការ​អះអាង​បែប​នេះ​ទេ​៕