សហភាព​អឺរ៉ុបកំពុង​ត្រៀម​សម្រាប់​ការដាក់ទណ្ឌកម្ម​លើ​ការ​នាំចូល​ប្រេង​ពី​រុស្ស៊ី​ដែល​នឹង​កាត់ផ្ដាច់​ប្រភព​ចំណូល​ដ៏​ធំ​មួយ​របស់​ក្រុង​ម៉ូស្គូ ខណៈពេលដែល​សហរដ្ឋ​អាមេរិក​ព្រមាន​ថា រុស្ស៊ី​កំពុងមាន​ផែន​​ការ​កាត់​យក​ផ្នែក​មួយចំនួន​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សម្រាប់​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​នៅ​អឺរ៉ុប​ (OSCE) លោក ​មៃ​៉​ខ​ល ខា​ផេ​ន​ថឺ បាន​និយាយថា រុស្ស៊ីកំពុង​គ្រោង​កាត់​យក​ជា​ផ្លូវការ​នូវ​តំបន់​ក្រុម​ផ្ដាច់ខ្លួន​លូ​​ហាន​ស្ក៍ និង​ដូ​ណេ​ត​ស្ក៍​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ុយ​​ក្រែ​ន​។ លោក​និយាយថា​៖ «​របាយការណ៍​បាន​បញ្ជាក់ថា រុស្ស៊ី​គ្រោង​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ​នៅពេល​ណាមួយ​ក្នុង​ពាក់កណ្ដាលខែឧសភា​»​។​

​លោក​ ខា​ផេ​ន​ថឺ បាន​និយាយថា រុស្ស៊ីក៏​កំពុង​ពិចារណា​អនុ​​វត្ត​ផែនការ​ស្រដៀង​គ្នា​នេះ​នៅ​តំបន់​ឃឺ​សុន ដែល​ខ្លួន​ទើបតែ​ពង្រឹង​ការគ្រប់គ្រង និង​កំណត់ឱ្យ​រូបិយប័ណ្ណ​រុស្ស៊ី បន្ទាប់​ចូលកាន់​កាប់​កាលពីដើម​នៃ​សង្គ្រាម​ពេល​បច្ចុប្បន្ននេះ​។​

​យ៉ាងណា​គណៈកម្មការ​អឺរ៉ុប​ត្រូវបាន​គេ​រំពឹងថា នឹង​ដាក់ចេញ​កញ្ចប់​ទ​ណ្ឌ​កម្ម​ថ្មី​ទៅលើ​រុស្ស៊ី ដែល​អាច​នឹង​រួម​មានការ​​នាំចូល​ប្រេង​ពី​រុស្ស៊ី​។ រហូតមកដល់​ពេលនេះ​វិស័យ​ប្រេង​របស់​រុស្ស៊ី​ត្រូវបាន​គេ​លើកលែង​ពី​ការ​ដាក់ទណ្ឌកម្ម​អន្តរជាតិ ​ខណៈពេលដែល​ក្រុង​កៀវ​បាន​ជំរុញឱ្យមាន​ការធ្វើ​បែបនេះ​ដោយ​អះ​​អាង​ថា ចំណូល​បានមកពី​ប្រេង​កំពុង​គាំទ្រ​ការ​លុកលុយ​របស់​រុស្ស៊ី​នៅក្នុង​ទឹកដី​របស់ខ្លួន​។​

​កាលពី​ថ្ងៃ​ចន្ទ ប្រទេស​អា​ល្លឺ​ម៉​ង់​ដែលជា​អ្នក​នាំចូល​ប្រេង​រុស្ស៊ី​ធំជាងគេ​នៅ​អឺរ៉ុប បានបង្ហាញ​ការផ្លាស់ប្ដូរ​គាំទ្រ​ចំ​ពោះ​វិធានការ​ដាក់ទណ្ឌកម្ម​លើ​ការ​នាំចូល​ប្រេង​វិញ​។ អធិការបតី​អាល្លឺម៉ង់​លោក​អូ​ឡា​ហ្វ សូល បាន​ប្រឈម​​មុខ​នឹង​សម្ពាធ​ពី​លោកខាងលិច​កាន់តែខ្លាំង ខណៈពេលដែល​លោក​មាន​ភាព​ស្ទាក់​ស្ទើរ​ជុំវិញ​ការឆ្លើយតប​នឹង​សង្គ្រាម​នេះ​។ ឥឡូវ​លោក ​សូល​ បាន​ប្ដេជ្ញា​ថា ដាក់​ទណ្ឌ កម្ម​នឹងមិន​ត្រូវ​ដោះ​រហូតដល់​ពេលដែល​រុស្ស៊ី​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ជាមួយនឹង​អ៊ុយ​ក្រែ​ន​៕

​​

វីដេអូ៖