នៅពេលដែល​គេ​សួរ​អំពី​លទ្ធ​ភាព​ដែល​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​ អាច​ចូល​ជា​សមាជិក​អង្គការ​ណា​តូ អគ្គលេខាធិការ​នៃ​សម្ព័ន្ធភាព​យោធា​លោកខាងលិច​នេះ​លោក​ ជេន ស្តូ​ល​ធេ​ន​ប៊ឺ​កបាន​និយាយថា កាលពី​សប្ដាហ៍​មុន​ថា​៖ «​វា​គឺជា​ការសម្រេចចិត្ត​រប​ស់​ពួកគេ​។ ប៉ុន្តែ​ប្រសិនបើ​ពួកគេ​សម្រេចចិត្ត​ដាក់ពាក្យ ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​នឹង​ទទួល​ការ​ស្វា​គម​ន៍​យ៉ាង​កក់ក្ដៅ ហើយ​ខ្ញុំ​រំពឹងថា ដំណើរការ​នេះ​នឹង​ធ្វើទៅ​យ៉ាង​ឆាប់រហ័ស​»​។​

​ប្រទេស​ទាំង ​២ បានចាត់ទុក​ខ្លួន​ឯង​ជា​យូរណាស់​មកហើយ​ថា ​ជា​ប្រទេស​អព្យាក្រឹត​ផ្នែក​យោធា ប៉ុន្តែ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ជំរុញ​ឱ្យ​ពួកគេ​កាន់តែ​ខិតជិត​សម្ព័ន្ធ​ភាព​យោធា​នៃ​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (​ណា​តូ​) ហើយ​ពួកគេ​មិនមែន​តែឯង​ទេ ខណៈពេលដែល​ប្រទេស​អឺរ៉ុប​ដទៃទៀត ក៏​កំពុង​ពិចារណា​ឡើងវិញ​នូវ​ជំហរ​របស់​ពួកគេ​នៅ​ចំពោះមុខ​សកម្មភាព​អរិភាព​របស់​រុស្ស៊ី​។​

​ប្រទេស​ស្វ៊ី​ស ត្រូវបាន​គេ​ចាត់​​ទុក​ថា ជា​និមិត្តរូប​នៃ​រដ្ឋ​ប្រកាន់​ជំ​​ហរ​អព្យាក្រឹត​។ នៅក្នុង​សន្ធិសញ្ញា​បង្កើត​រដ្ឋ​សហព័ន្ធ​ស្វ៊ី​ស​កាលពី​ឆ្នាំ ១៨១៥ ប្រទេស​នេះ បាន​ប្ដេជ្ញា​ថា ​ពួកគេនឹងមិន​ចូលរួម​ក្នុង​សង្គ្រាម​ណាមួយ​ទេ ហើយ​នឹងមិន​អនុញ្ញាត​ឱ្យមាន​ទាហាន​ស៊ីឈ្នួល​ចូលរួម​គាំ​​ទ្រ​ភាគី​ណាមួយ​ទេ​។ ជា​ថ្នូរ បណ្ដា​ប្រទេស​មហាអំណាច​អឺរ៉ុប​កាល​​នោះ បាន​សន្យាថា ពួកគេ​មិន​ចូល​​រួម​ក្នុង​សង្គ្រាម​ណាមួយ​នៅលើ​ទឹកដី​ស្វ៊ី​ស​ទេ​។ នេះ​គឺជា​ប្ដេជ្ញា​អព្យាក្រឹត​ចាស់​ជាងគេ​ក្នុង​ពិភព​លោក ហើយ​អ្នកវិភាគ​ជាច្រើន​និយាយថា វា​គឺជា​ការប្ដេជ្ញា​ខ្លាំង​បំផុត ដែល​ធានា​ដោយ​សហគមន៍​អន្តរជាតិ​។​

​ខណៈពេលដែល​ប្រទេស​អ៊ុយ​​ក្រែ​ន ​កំពុង​រង​ការវាយប្រហារ​យ៉ាងខ្លាំង​ពី​កងកម្លាំង​យោធា​រុស្ស៊ី ក៏​រដ្ឋាភិបាល​ស្វ៊ី​ស​នៅតែ​ប្រកាន់​ជំហរ​អព្យាក្រឹត​នេះដែរ​។ ពួកគេ​បាន​ប្ដេជ្ញា​មិន​ផ្ដល់​អាវុធ​ទៅឱ្យ​អ៊ុយ​ក្រែ​ន ​សូម្បីតែ​គ្រាប់រំសេវ​រថក្រោះ​អាល្លឺម៉ង់​ដែល​ផលិត​ដោយ​ពួកគេ​។​

​ប៉ុន្តែ​គេ​សង្កេតឃើញថា សម្រាប់​សង្គ្រាម​នេះ ប្រទេស​ស្វ៊ី​ស បាន​ផ្លាស់ប្ដូរ​ជំហរ​ពួកគេ​ក្នុង​ផ្នែក​ដ៏​ធំ​មួយ​។ ពួកគេ​បាន​ចូលរួម​ក្នុងការ​​ដាក់ទណ្ឌកម្ម​ដឹកនាំ​ដោយ​លោកខាងលិច​ទៅ​គោលដៅ​រុស្ស៊ី ដែល​រួមមាន​ប្រធានាធិបតី​រុស្ស៊ី​ លោក​ វ្ល៉ា​ឌី​មៀរ ពូ​ទីន រដ្ឋមន្ត្រីការបរទេស​​រុស្ស៊ី ​លោក ​សឺ​ហ្គេ ឡាវ​រ៉ូ​វ និង​មហា​សេដ្ឋី​រុស្ស៊ី​ជាច្រើន​ទៀត​។ ​ក្នុង​ប្រវត្តិ​សាស្ត្រ​អព្យាក្រឹត​របស់​ស្វ៊ី​ស​ពួកគេ​មិនដែល​ចូលរួម​ក្នុងការ​ដាក់​ទណ្ឌកម្ម​បែបនេះ​ទេ​។​

​រីឯ​ប្រទេស​អូទ្រីស​វិញ បាន​ប្រ​​កាស​អព្យាក្រឹតភាព​អចិ​ន្រៃ្ត​យ៍​កាល​​ពី​ឆ្នាំ ​១៩៥៥ ដែលជា​លក្ខខណ្ឌ​ចម្បង​មួយ​ក្នុង​កិច្ចព្រមព្រៀង​ ដើម្បី​ដកទ័ព​បរទេស​ចេញពី​ទឹកដី​ខ្លួន ដែល​ត្រូវបាន​ដាក់ពង្រាយ​បន្ទាប់​​ពី​សង្គ្រាមលោកលើកទី​២​។​

​ជំហរ​អព្យាក្រឹត​នេះ​ហាក់ដូចជា​ត្រូវបាន​បន្ទន់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខណៈពេលដែល​កង​យោធា​អូទ្រីស​បាន​ចូល​រួមការ​​សមយុទ្ធ​រួមគ្នា​ជាមួយ​សមាជិក​អង្គការ​ណា​តូ​។ បើទោះជា​យ៉ាង​​នេះ​ក៏ដោយ រដ្ឋាភិបាល​អូទ្រីស​ គឺ​នៅ​ស្ទាក់ស្ទើរ​ក្នុងការ​បោះបង់​ជំហរ​អព្យាក្រឹត​ទាំងស្រុង ហើយ​ចូល​ជា​សមាជិក​អង្គការ​ណា​តូ​ហើយ​ការស្ទង់មតិ​សាធារណៈ​បាន​បង្ហាញថា ប្រជាជន​អូទ្រីស​ភាគច្រើន​នៅ​គាំទ្រ​ជំហរ​អព្យាក្រឹត​។​

​ប៉ុន្តែ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បានធ្វើឱ្យ​អូទ្រីស​ធ្វើការ​ពិចារណា​ជំ​​ហរ​របស់ខ្លួន​ឡើងវិញ​។ កាលពី​ខែមីនា រដ្ឋាភិបាលបានប្រកាស​ការបង្កើន​ការចំណាយ​លើ​កង​​យោធា​ដើម្បី​បង្កើន​សមត្ថភាព​ការពារជាតិ​របស់ខ្លួន​។ រដ្ឋាភិបាល​នេះ​បាន​ប្ដេជ្ញា​ចំណាយ ១ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ទៅលើ​វិស័យ​យោធា​ជា​រៀងរាល់ឆ្នាំ ចាប់ពី​ឆ្នាំ ​២០២៣ ​តទៅ ដែល​នេះ​គឺជា​ការកើនឡើង​យ៉ាងខ្ពស់​ធៀប​នឹង​ឆ្នាំមុនៗ​។​

​ងាក​មក​មើល​ប្រទេស​អៀរ​ឡង់​វិញ ប្រទេស​នេះ​បានប្រកាស​ជំហរ​អព្យាក្រឹត បន្ទាប់ពី​ទទួលឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​កាលពី​ឆ្នាំ ១៩២១ ហើយ​បាន​រក្សា​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុងអំឡុងពេល​នៃ​សង្គ្រាមលោកលើកទី​២​។ ភាគ​​ច្រើន​លើស​លប់នៃ​ប្រជាជន​អៀរ​​ឡង់ គឺ​នៅតែ​ប្រឆាំង​ការចូល​ជា​សមាជិក​នៃ​អង្គការ​ណា​តូ ប៉ុន្តែ​ការពិភាក្សា​ប្រធានបទ​នេះ​បាន​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ​។​

​នាយករដ្ឋមន្ត្រី​អៀរ​ឡង់ លោក ម៉ៃ​ឃើ​ល ម៉ា​ទីន បាន​សង្កត់ធ្ងន់​ម្ដង​ហើយ​ម្ដង​ទៀតថា ប្រទេស​លោក​មាន​អព្យាក្រឹតភាព​យោធា ប៉ុន្តែ​គាំទ្រ​អ៊ុយ​ក្រែ​ន​ផ្នែក​ន​យោ​បាយ និង​សីលធម៌​។​

​វិល​ត្រឡប់មក​ប្រទេស​ស៊ុយ​អែ​ត​វិញ បើទោះបីជា​គ្មាន​មាត្រា​ស្ដីពី​អព្យាក្រឹតភាព​នៅក្នុង​រដ្ឋ​​ធម្មនុញ្ញ​របស់ខ្លួន​ក៏ដោយ ប្រទេស​នេះ​បាន​ប្រកាន់​ជំហរ​អព្យាក្រឹត​យោធា ហើយ​មិនបាន​ចូលរួម​ក្នុង​សង្គ្រាម​ណាមួយ​ចាប់​តាំងពីដើម​សតវត្សរ៍​ទី​១៩ មក​។​

​ចាប់តាំងពី​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​នៅ​ឆ្នាំ ​១៩៩៥ ​មក​ ប្រទេស​ស៊ុយអែត​ បាន​និយាយថា ខ្លួន​គឺជា​រដ្ឋ​មិន​ចូលបក្ស​សម្ព័ន្ធ ប៉ុន្តែ​ជារឿយ​បាន​ចូលក្នុង​ការធ្វើ​សម​​យុទ្ធ​ជាមួយ​អង្គការ​ណា​តូ​។​

​រដ្ឋាភិបាល​ស៊ុយអែត​បានបង្ហាញ​ជំហរ​យ៉ាងច្បាស់ ​ជុំវិញ​ការឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​អ៊ុយ​ក្រែ​ន​ហើយ​បាន​ផ្គត់ផ្គង់​អា​​វុ​ធ​ទៅឱ្យ​ក្រុង​កៀវ ដោយ​រួមមាន​អាវុធ​ប្រឆាំង​គ្រាប់​រថក្រោះ​។ ចាប់តាំងពី​ការចាប់ផ្ដើម​សង្គ្រាម​នេះ​ រដ្ឋាភិបាល​ស៊ុយអែតកំពុង​ពិចារណា​អំពី​ការដាក់​ពាក្យ​ចូល​ជា​សមាជិក​អង្គការ​ណា​តូ ហើយនឹង​ធ្វើការ​សម្រេច​ចិត្ត​ឆាប់ៗ​នេះ ខណៈពេលដែល​ការស្ទង់មតិ​សា​​ធា​រណៈ​បង្ហាញថា ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ភាគច្រើន​នៃ​ប្រជាជន​ស៊ុយអែត​គាំទ្រ​ការធ្វើ​បែបនេះ​។​

​ដូច​ស៊ុយអែតរដ្ឋាភិបាល​ប្រ​ទេស​ហ្វាំ​ង​ឡង់ ក៏​កំពុង​ពិចារណា​ដាក់ពាក្យ​ចូល​អង្គការ​ណា​តូ​ផង​​ដែរ​។ ប្រទេស​ហ្វាំ​ង​ឡង់​ មាន​ព្រំ​ដែន​ប្រវែង​ជាង ១ ៣០០ ​គីឡូម៉ែត្រ​ជាមួយ​រុស្ស៊ី​។ ប្រទេស​នេះ​ទទួលឯករាជ្យ​ពី​រុស្ស៊ី​ កាលពី​ឆ្នាំ ​១៩១៧ ហើយ​នៅ​ដើម​សង្គ្រាមលោកលើកទី​២ បាន​រង​ការឈ្លានពាន​ពី​សហ​​ភាព​សូ​វៀត ធ្វើឱ្យ​បាត់បង់​ដែនដី​របស់ខ្លួន​មួយផ្នែកធំ​។ ហ្វាំ​ង​ឡង់បាន​ប្រកាន់​ជំហរ​មិន​ចូល​សម្ព័ន្ធភាព​យោធា ដើម្បី​ចៀសវាង​បង្កបញ្ហា​ជាមួយ​សហភាពសូវៀត ដែល​អាច​ឈានដល់​សង្គ្រាម​សាជាថ្មី​។ ប៉ុន្តែ​ការ​លុកលុយ​របស់​រុស្ស៊ី​បានធ្វើឱ្យ​មានការ​ប្រែប្រួល​ជំហរ និង​មតិសាធារណៈ​មក​គាំទ្រ​ការចូល​ជា​សមាជិក​អង្គការ​ណា​តូ​វិញ​៕