តម្លៃប្រេង​បាន​ធ្លាក់ចុះជាង ​២ ភាគរយ ​កាលពី​ថ្ងៃអង្គារ​ ជុំវិញ​ការ​ព្រួយបារម្ភ​អំពី​តម្រូវការ​ ដែល​បណ្តាល​មកពី​ការបិទខ្ទប់​រយៈពេល​វែង​របស់​ប្រទេស​ចិន ដែលការ​បិទខ្ទប់​នេះ​ធ្វើឱ្យប៉ះ​ពាល់​ដល់​ការដាក់​ទណ្ឌកម្ម​របស់​អឺរ៉ុបលើ​ប្រេងឆៅ​របស់​រុស្ស៊ី។

ប្រេង​ឆៅប្រភេទ ​Brent ​ធ្លាក់ចុះ​ ២,៦១​ ដុល្លារ​ ឬ ២,៤​ភាគរយ ​ពោលគឺ​ធ្លាក់មក​នៅត្រឹម ​១៤,៩៧​ ដុល្លារ​ក្នុង១​ បារ៉ែល។​ ប្រេងឆៅ​របស់​អាមេរិក​ West Texas Intermediate (WTI) ​ធ្លាក់ចុះ​ ២,៧៦​ដុល្លារ ​ឬ ​២,៦​ភាគរយ ​ពោលគឺ​ធ្លាក់ត្រឹម ​១០២,៤១​ ដុល្លារ​ក្នុង១​ បារ៉ែល​។

លោក ​Gar​y Cunningham ​នាយក​ក្រុមហ៊ុន ​Tradition Energy ​បាន​និយាយថា៖ ​«យើងមាន​ការ​ព្រួយបារម្ភ​ថាតើ​តម្រូវការ​របស់​ចិន ​នៅតែរឹង​មាំដដែល​ទេ​ក្នុង​ឆ្នាំ ២០២២»។

ទោះ​យ៉ាងណា​ក៏ដោយ​ តម្លៃប្រេង​នៅតែខ្ពស់​ ដោយ​ប្រេងឆៅ ​Brent​ បាន​ឡើងដល់​ ១៣៩​ ដុល្លារ​ក្នុងខែមីនា ​ជា​តម្លៃខ្ពស់​បំផុត ​ចាប់តាំង​ពីឆ្នាំ ​២០០៨​ បន្ទាប់ពី​ការ​លុកលុយ​របស់​រុស្ស៊ីលើ​អ៊ុយក្រែន និង​បានធ្វើឱ្យ​មាន​ការ​ព្រួយបារម្ភ​ខ្លាំងលើ​ការ​ផ្គត់ផ្គង់ ​ដែលកំពុង​ជំរុញ​ឱ្យមាន ​ការ​ឡើង​ថ្លៃដែរ​។

សហភាព​អឺរ៉ុប​ បាន​ និង​កំពុង​ធ្វើការ​លើការដាក់​ទណ្ឌកម្ម​ជុំទី ៦ ​ហើយ​ប្រឆាំង​នឹងរុស្ស៊ី ​ដោយ​ក្រុមមន្ត្រី ​បាន​និយាយថា ​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ Ursula ​von der​ Leyen ត្រូវ​បាន​គេរំពឹងថា ​នឹង​បញ្ចប់ផែន​ការ​នៅថ្ងៃពុធ ​រួមទាំង​ការ​ហាមឃាត់​ការនាំចូល​ប្រេងពី​រុស្ស៊ីនៅ​ចុង​ឆ្នាំនេះ​ផងដែ​រ។

លោក ​Phil Flynn ​អ្នកវិភាគ​នៅក្រុម ​Price Futures ​បាន​និយាយថា ​សកម្មភាព​តម្លៃ​ទំនងជា​នៅតែ​ប្រែប្រួល​នៅពេល​ដែល​ពាណិជ្ជករ​ថ្លឹងថ្លែង​ពី​ផលប៉ះពាល់​នៃ​ការ​បិទខ្ទប់ របស់​ប្រទេសចិន​ប្រឆាំង​នឹង​ទណ្ឌកម្ម​ប្រេង​របស់​ប្រទេស​លោក​ខាងលិច ​និង​មុន​កិច្ច​ប្រជុំរបស់​ធនាគារ​កណ្តាល​អាមេរិក​នៅថ្ងៃ ​ពុធ​៕