ប្រធានាធិបតី​ស្រីលង្កា លោក​ Gotabaya Rajapaksa បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​​អាសន្ន​កាល​ពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​មាន​ការ​តវ៉ា​អូស​បន្លាយ​ពេល និង​កូដកម្ម​លើ​កោះ បណ្ដាល​ឱ្យ​មាន​ការ​បិទ​សាលារៀន អាជីវកម្ម និង​សេវាកម្ម​ដឹកជញ្ជូន។​

ការ​ប្រកាស​ភាពអាសន្ន​នេះ នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​ចាប់​ខ្លួន​អ្នក​តវ៉ា​ដែល​បិទ​ផ្លូវ ហើយ​វិធានការ​នេះ​ត្រូវ​តែ​អនុម័ត​ដោយ​សភា​ស្រីលង្កា​ក្នុង​រយៈ​ពេល ១៤ ​ថ្ងៃ​។​

ប្រទេស​នេះ​ត្រូវ​ប្រឈម​នឹង ភាព​រង្គោះរង្គើ ដោយសារ​ភាពចលាចល​ស៊ីវិល​ចាប់​តាំង​ពី​ខែ​មីនា មក​ម្ល៉េះ ដោយសារ​មានការ​តវ៉ា​ជា​ច្រើន​ដង​ជុំវិញ​ការ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស ដែល​មិន​ត្រឹមត្រូវ​តាម​ភាព​ជាក់ស្តែង​របស់​រដ្ឋាភិបាល ដែល​ក្រោយ​មក​បង្ក​ទៅ​ជា​ហិង្សា។

កាល​ពី​ថ្ងៃ​សុក្រ ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ទៅ​លើ​បាតុករ​នៅ​ជិត​សភា​ក្នុង​រដ្ឋធានី​កូឡុំបូ​។ ​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​បាន​ទាក់ទាញ​ការ​រិះគន់​ពី​មនុស្ស​មួយ​ចំនួន ដោយ​មេដឹកនាំ​គណបក្ស​ប្រឆាំង Sajith Premadasa បាន​និយាយ​ថា វិធានការ​នេះ ដំណើរការ​ផ្ទុយ​ទៅ​នឹង​ការ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​ណា​មួយ។

ក្រុម​អ្នក​តវ៉ា​បាន​ទាមទារ​ឱ្យ​លោក Rajapaksa លាលែង​ពី​តំណែង ដោយ​មាន​ការ​មិន​ពេញ​ចិត្ត ដោយសារ​មាន​ការ​ឡើង​ថ្លៃ​ខ្ពស់​លើ​ម្ហូបអាហារ ប្រេងឥន្ធនៈ និង​សម្ភារ​ចាំបាច់​ផ្សេង​ទៀត ​ខណៈ​ដែល​រដ្ឋាភិបាល​គ្រប់គ្រង​លុយ​រដ្ឋ​មិនបាន​ល្អ​។

នៅ​សប្តាហ៍​នេះ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ស្រីលង្កា Ali Sabry បាន​សារភាព​ថា ទុន​បម្រុង​ហិរញ្ញ​វត្ថុ​របស់​ប្រទេស​ គឺ​ជិត​អស់​ហើយ​។ ប្រទេស​នេះ​បាន​អំពាវនាវ​​ទៅ​កាន់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​សម្រាប់​ការ​ផ្តល់​ហិរញ្ញប្បទាន​សង្គ្រោះ​បន្ទាន់​៕

វីដេអូ៖