ប្រធានាធិបតី​នៅ​ទុយនីស៊ី​កំពុង​ពង្រឹង​អំណាច​ការ​គ្រប់គ្រង​ប្រទេស​តែ​ឯង ខណៈ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​កាន់​តែ​រង្គោះរង្គើ ដោយសារ​អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​បញ្ហា​ជំងឺ​រាតត្បាត និង​សង្គ្រាម​នៅ​អ៊ុយក្រែន ហើយ​ក្រុម​ដែល​ធ្លាប់​បាន​ជួយ​បញ្ចៀស​វិបត្តិ​កន្លង​មក ភាគច្រើន​ក៏​នៅ​ស្ងៀម​ទៀត​។​

បើ​និយាយ​អំពី​វិបត្តិ​នយោបាយ​ថ្មី​បំផុត​របស់​ទុយនីស៊ី គឺ​គេ​នឹង​លើក​ឡើង​នៅ​ពេល​មួយ ដែល​លទ្ធិប្រជាធិបតេយ្យ​ដ៏​ក្មេង​ខ្ចី​របស់​ខ្លួន​ត្រូវ​ប្រឈម​នឹង​វិបត្តិ​នយោបាយ​ជាប់​គាំង ការ​ធ្វើ​ឃាត និង​ចលាចល​ដ៏​ធំ ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​ពិបាក​នឹង​រក​ផ្លូវ​ដោះស្រាយ​ទៅ​មុខ​ទៀត​។​

សម្ព័ន្ធ​សហជីព មេធាវី និង​សកម្មជន​សិទ្ធិ​មនុស្ស​ធំៗ បាន​ឈាន​ជើង​ចូល​រក្សា​ប្រព័ន្ធ​ធម្មនុញ្ញ​រហូត​ដល់​បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ ២០១៥​។ គណៈកម្មាធិការ​​ណូបែល បាន​ផ្តល់​កិត្តិយស​​ដល់​ក្រុម​នេះ ដោយសារ​ពួក​គេ​បាន​ជួយ​ការពារ​ផល​ប្រយោជន៍​បដិវត្តន៍​ផ្កាម្លិះ​ឆ្នាំ​ ២០១១ ដែល​បាន​ទម្លាក់​មេដឹកនាំ​ផ្តាច់ការ​ដ៏​យូរ​របស់​ប្រទេស​នេះ និង​បង្ក​ឱ្យ​មាន​ការ​ងើប​បះបោរ​បដិវត្តន៍​រដូវ​ផ្កា​រីក​អារ៉ាប់ ឬ Arab Spring នៅ​ទូទាំង​​មជ្ឈិមបូព៌ា។​

ភាព​ជោគជ័យ​របស់​ទុយនីស៊ី​អស់​រយៈពេល​ ១​ ទសវត្សរ៍​កន្លង គឺ​ជា​អ្វី​ដែល​ពិភពលោក​ទាំង​មូល​ចង់​បាន​។ ខណៈ​ពេល​ដែល​ការ​បះបោរ​របស់​អារ៉ាប់​ផ្សេង​ទៀត បាន​ក្រៀម​ស្វិត​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល រដ្ឋប្រហារ ឬ​ការ​បង្ក្រាប លទ្ធិប្រជាធិបតេយ្យ​នៅ​ទុយនីស៊ី​បាន​សង្គ្រោះ​ប្រជាជន ១២ ​លាន​នាក់​រួច​ផុតពី​វិបត្តិ​នយោបាយ​ឆ្នាំ​ ២០១៣-២០១៤។

ប៉ុន្តែ ការ​រៀបចំ​រដ្ឋ​ធម្មនុញ្ញ​ថ្មី និង​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ គឺ​ជា​ការ​បរាជ័យ​ក្នុង​ការ​បំពេញ​សេចក្ដី​ត្រូវ​ការ​ប្រជាជន​ទុយនីស៊ី រួម​មាន​ស្បៀង ការងារ និង​សេចក្តី​ថ្លៃថ្នូរ​ជាដើម ហើយ​ប្រទេស​នេះ ក៏​កំពុង​ឆ្ពោះ​ទៅ​រក​គ្រោះ​មហន្តរាយ​ដោយ​សេដ្ឋកិច្ច​របស់​ខ្លួន​ត្រូវ​ធ្លាក់​ចុះ ដោយសារ​អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​រាតត្បាត និង​សង្គ្រាម​នៅ​អ៊ុយក្រែន។​

កាល​ពី​ថ្ងៃទី​ ២៥ ខែ​កក្កដា ប្រធានាធិបតី Kais Saied បាន​បណ្តេញ​នាយក​រដ្ឋមន្ត្រី​​របស់​គាត់​ចេញ​ពី​តំណែង និង​ព្យួរ​សភា ហើយ​បាន​បង្រួបបង្រួម​អំណាច​ទៅ​ជា​មូល​តំណែង​តែ​ឯង​។ លោក​បាន​លុប​ចោល​រដ្ឋធម្មនុញ្ញ នីតិប្បញ្ញត្តិ និង​ឯករាជភាព​នៃ​ប្រព័ន្ធ​តុលាការ និង​ប្រព័ន្ធ​បោះឆ្នោត​របស់​ទុយនីស៊ី​។ ប៉ុន្តែ​ក្រុម​ដែល​ដឹកនាំ​ប្រទេស​ចេញ​ពី​វិបត្តិ​នយោបាយ​ដ៏​ធំ​ចុង​ក្រោយ​នេះ មិន​បាន​ជួយ​ដោះស្រាយ​វិបត្តិ​ដែល​កើត​មាន​ឡើង​ក្នុង​ប្រទេស​ទេ​។

អ្នកស្រី Monica Marks សាស្ត្រាចារ្យ​ផ្នែក​នយោបាយ​មជ្ឈិមបូព៌ា​នៅ​សាកលវិទ្យាល័យ New York ក្នុង​ទីក្រុង Abu Dhabi ដែល​មាន​ជំនាញ​វិភាគ​ស្ថានភាព​ទុយនីស៊ី​បាន​និយាយថា​៖ «​មិនមែន​ថា លទ្ធិប្រជាធិបតេយ្យ​របស់​ទុយនីស៊ី ត្រូវ​បាន​គំរាមកំហែង​នោះ​ទេ​។ ប៉ុន្តែ​យើង​អាច​និយាយ​បាន​ថា លទ្ធិប្រជាធិបតេយ្យ​របស់​ទុយនីស៊ី​ឥឡូវ​នេះ កំពុង​ត្រូវបា​ន​គេ​ភ្ជង់​កណ្ដាល​ក្បាល​ហើយ​។ ចុះ​ហេតុអ្វី​បាន​ជា​គ្មាន​អ្នកណា​ធ្វើ​អី​សោះ​អ៊ីចឹង​»?

ចម្លើយ ដែល​អាច​ឆ្លើយ​បាន​សិន​នៅ​ពេល​នេះ គឺ​មក​ពី​ភាព​ស្អុយ​រលួយ​របស់​លទ្ធិប្រជាធិបតេយ្យ​ក្មេង​ខ្ចី​របស់​ប្រទេស ដែល​បាន​បញ្ជ្រាប​ចូល​ក្នុង​ផ្នត់​គំនិត​ប្រជាជន​ទុយនីស៊ី រួមទាំង​អ្នក​ដែល​រអ៊ូ​ថា ​ស្ថានភាព​ជីវិត​គ្មាន​ឃើញ​អ្វី​ប្រសើរ​ជាង​មុន​ពេល​បដិវត្តន៍ ក្រុម​សកម្មជន អ្នក​កាសែត និង​សមាជិក​សង្គម​ស៊ីវិល​ដទៃ​ទៀត ដែល​ត្រូវ​ពុះពារ​ក្រោយ​បដិវត្តន៍​ផង​ដែរ​។

សមាជិក​សភា និង​គណបក្ស​នយោបាយ​ដែល​ឆ្លើយ​តប​តិចតួច​បំផុត​ពី​បញ្ហា​របស់​ប្រទេស​ទុយនេស៊ី ត្រូវ​បាន​គេ​មើល​ឃើញ​ថា រួម​គ្នា​ពុក​រលួយ​ហើយ​ធ្វើ​ការ​គ្មាន​ប្រសិទ្ធភាព ដូច​នឹង​ក្រុម Ennahda (​គណបក្ស​អ៊ិស្លាម​និយម ដែល​បាន​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ក្នុង​សម័យ​ក្រោយ​បដិវត្តន៍​) ​ដែរ​។ ចៅក្រម ទោះបី​ជា​មាន​ភាព​ឯករាជ្យ​​ក៏​ដោយ ប៉ុន្តែ​ពួក​គេ​សុទ្ធ​តែ​ត្រូវ​បាន​តែងតាំង​ដោយ​អ្នក​នយោបាយ។

ដោយ​ឡែក ប្រព័ន្ធ​ផ្សព្វផ្សាយ​ទៀត​សោត បើទោះ​ជា​មើល​ទៅ​ហាក់​មាន​សេរីភាព​ក៏​ដោយ ប៉ុន្តែ​វា​ជា​កម្មសិទ្ធិ​របស់​អ្នក​​ជំនួញ ដែល​មាន​ទំនាក់ទំនង​ជាមួយ​របប​ផ្ដាច់ការ Zine el-Abidine Ben Ali ដែល​ត្រូវ​បាន​គេ​ទម្លាក់​នៅ​ឆ្នាំ ​២០១១​។ អ្នក​មាន​អំណាច​មួយ​ចំនួន បន្ត​គ្រប់គ្រង​សេដ្ឋកិច្ច​ភាគ​ច្រើន អំពើ​ពុក​រលួយ និង​ការិយាធិបតេយ្យ បាន​រំខាន​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ទុយនីស៊ី​ផ្សេង​ទៀត​។​

លោក Ahmed Nejib- Chebbi មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​ស្វែងរក​ការ​កសាង​សម្ព័ន្ធ​ប្រឆាំងនឹង​លោក Saied បាន​និយាយ​ថា​៖ «​ខ្ញុំ​កំពុង​ព្យាយាម​ស្វែងរក​មូលដ្ឋាន​រួមគ្នា​ជាមួយ​ក្រុម Ennahda ពី​ព្រោះ​យើង​សម្លឹង​រក​អ្វី​ទៅ​មុខ​មិនមែន​និន្នាការ​ដើរ​ថយ​ក្រោយ​នោះ​ទេ​​»​។

លោក​បាន​និយាយ​ថា នៅ​ទី​បញ្ចប់​ប្រជាជន​ទុយនីស៊ី​ប្រហែល​ជា​ត្រូវ​ទទួល​យក​ដំណោះស្រាយ​នយោបាយ​របស់​ក្រុម Ennahda ក្នុង​ប្រភេទ​ណា​មួយ​។ ប្រសិនបើ គ្រោះ​មហន្តរាយ​សេដ្ឋកិច្ច​កើតឡើង​មែន​ គាត់​ព្យាករ​ថា មនុស្ស​នឹង​មិនមាន​ជម្រើស​ច្រើន​ទេ​៕

វីដេអូ៖