
នាវាកម្សាន្តរបស់មហាសេដ្ឋីរុស្ស៊ីដែលត្រូវវានរឹបអូសនៅ San Remo ប្រទេសអ៊ីតាលី។ រូបថត AFP
ថ្មីៗនេះ ក្រសួងយុត្តិធម៌របស់អាមេរិក បានប្រកាសរឹបអូសសម្បត្តិវាល់លានដុលា្លរពីមហារុស្ស៊ីជាបន្តបន្ទាប់ ដោយបានលើកឡើងថា សម្បត្តិទាំងនេះ អាចចំណាយពេលច្រើនឆ្នាំក្នុងការរឹបអូស និងលក់ជាអចិន្រៃ្តយ៍ ដើម្បីផ្តល់ប្រយោជន៍ដល់ប្រជាជនអ៊ុយក្រែន បើទោះបីជារដ្ឋបាល Biden ចង់បង្កើនល្បឿនដំណើរការនេះក៏ដោយ។
ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរអាមេរិកបានដាក់ទណ្ឌកម្មនាវាទំនើបមួយដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីរុស្ស៊ី ដោយចោទប្រកាន់ពីបទលាងលុយកខ្វក់ និងបានរឹបអូសនាវានោះ ដោយការអនុវត្តច្បាប់នៅក្នុងប្រទេសហ្វីជី។
កាលពីដើមសប្តាហ៍នេះ ចៅក្រមក្នុងប្រទេសហ្វីជី បានអនុញ្ញាតឱ្យអាជ្ញាធរសហរដ្ឋអាមេរិករឹបអូសយកទូក Amadea តម្លៃ ៣២៥ លានដុល្លារ ប៉ុន្តែបញ្ជាឱ្យផ្អាកជាបណ្តោះអាសន្នសិនដើម្បីរង់ចាំមេធាវីការពារក្តីមកដោះស្រាយ។
ក្រសួងយុត្តិធម៌បាននិយាយថា អាជ្ញាធរនៅក្នុងប្រទេសហ្វីជី បានធ្វើតាមសំណើរបស់សហរដ្ឋអាមេរិកហើយ ដោយថ្មីៗនេះ ស្ថាប័ននេះបានចេញដីកាស្វែងរកការបង្កកទូកកាណូត ដែលពីមុនត្រូវបានរារាំងមិនឱ្យចាកចេញពីប្រទេសប៉ាស៊ីហ្វិកខាងត្បូង។
មន្ត្រីអាមេរិកបាននិយាយថា កប៉ាល់ប្រវែង ៣៤៨ ហ្វីតនេះ ជាកម្មសិទ្ធិរបស់ជាសេដ្ឋវិទូ និងជាអតីតអ្នកនយោបាយរុស្ស៊ី Suleiman Kerimov ដែលត្រូវបានដាក់ទណ្ឌកម្ម ដោយក្រសួងរតនាគារសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៨ ហើយបានប្រឈមមុខនឹងការដាក់ទណ្ឌកម្មបន្ថែមទៀតពីប្រទេសកាណាដា អឺរ៉ុប អង់គ្លេស និងប្រទេសដទៃទៀត បន្ទាប់ពីរុស្ស៊ីសម្រេចលុកលុយអ៊ុយក្រែន។
ក្រៅពីនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏បានរឹបអូសយកទូកទេសចរណ៍ដែលមានតម្លៃ ៩០ លានដុល្លារមួយទៀត ដែលជាកម្មសិទ្ធិរបស់លោក Viktor Vekselberg ជាមហាសេដ្ឋីដ៏ល្បីរបស់រុស្ស៊ី។ ទូកទេសចរណ៍ Tango នេះ គ្រាន់តែជាសម្បត្តិមួយផ្នែកតូចនៃសម្បត្តិពាន់លានដុល្លារឯទៀត ដែលជាកម្មសិទ្ធិរបស់សម្ព័ន្ធមិត្តអ្នកមានទ្រព្យសម្បត្តិរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir V. Putin។
យ៉ាងណាមិញ ការរឹបអូសទ្រព្យសម្បត្តិមិនថា ទូក ឬគណនីធនាគារ វាជាការងាយស្រួលទេ ប៉ុន្តែបើចង់រឹបអូសសម្បត្តិទាំងនេះជាអចិន្រៃ្តយ៍ រដ្ឋាភិបាលជាធម្មតាត្រូវស្វែងរកដំណើរការដ៏លំបាកមួយដែលហៅថា ការរឹបអូសរដ្ឋប្បវេណី ដែលទាមទារឱ្យមានការបញ្ជាក់ដល់ចៅក្រមថា ទ្រព្យសម្បត្តិទាំងនោះទទួលបានពីប្រាក់ចំណូលនៃឧក្រិដ្ឋកម្ម ឬតាមរយៈការលាងលុយកខ្វក់មែន ហើយមានតែពេលនោះទេ ដែលរដ្ឋាភិបាលពិតជាមានភាពជាម្ចាស់លើទ្រព្យសម្បត្តិទាំងនោះ ហើយមានអំណាចក្នុងការរំលាយសម្បត្តិទាំងនោះមែន។
អ្វីៗដែលបានរៀបរាប់ខាងលើត្រូវចំណាយពេលរាប់ឆ្នាំ ជាពិសេសប្រសិនបើអតីតម្ចាស់ទ្រព្យសម្បត្តិមានទំនោរចង់ប្រឆាំងនឹងសកម្មភាពរឹបអូសនៅក្នុងតុលាការ។
យ៉ាងណាមិញ ដើម្បីចង់បង្កើនល្បឿនដំណើរការទាំងនេះ ឱ្យទទួលបានផលឆាប់រហ័ស និងទទួលបានប្រាក់ចំណូលពីការរឹបអូសទ្រព្យសម្បត្តិ ដើម្បីប្រគល់ទៅឱ្យរដ្ឋាភិបាលអ៊ុយក្រែនឆាប់ៗ សេតវិមានបានប្រកាសផែនការ កាលពីសប្តាហ៍មុនមួយ ដើម្បីជួយសម្រួលដល់ដំណើរការគ្រប់គ្រងទ្រព្យសម្បត្តិមហាសេដ្ឋីរុស្ស៊ី អាជ្ញាធរសហរដ្ឋអាមេរិកត្រូវអនុវត្តតាមរយៈនីតិវិធីរដ្ឋបាល ដែលដឹកនាំដោយនាយកដ្ឋានរតនាគារខ្លួន។ ទោះបីជាស្ថាប័នដដែលនេះ មិនបានផ្តល់ព័ត៌មានលម្អិតនៃផែនការរបស់ខ្លួនក៏ដោយ មន្ត្រីរដ្ឋបាលបាននិយាយថា នីតិវិធីថ្មី នឹងផ្តល់នូវដំណើរការសមស្រប និងអនុញ្ញាតឱ្យមានការត្រួតពិនិត្យឆាប់រហ័សដោយតុលាការសហព័ន្ធ។
សំណើរបស់សេតវិមានខាងលើនឹងក្លាយជាជំហានផ្លាស់ប្តូរយ៉ាងសំខាន់ក្នុងការដោះស្រាយការរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃវាល់លានបែបនេះ។ ជាទូទៅ ការរឹបអូសផ្នែករដ្ឋបាលត្រូវបានប្រើប្រាស់កន្លងមក ដោះស្រាយបានតែលើករណី ដែលមានចំនួនទ្រព្យសម្បត្តិតិចជាង ៥០ ម៉ឺនដុល្លារតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ទ្រព្យសម្បត្តិដែលមានតម្លៃថ្លៃកាន់តែច្រើន រដ្ឋាភិបាលដែលរឹបអូសត្រូវពន្លឿនដំណើរការរឹបអូសកាន់តែលឿន បើមិនដូច្នោះទេ តម្លៃរបស់ទ្រព្យសម្បត្តិទាំងនេះ ធ្លាក់ចុះមុនពេលពួកគេអាចលក់ទៅឱ្យអ្នកដទៃតាមតម្លៃលទ្ធភាពរបស់ពួកគេ។
លោក Daniel Tannebaum អ្នកជំនាញខាងឧក្រិដ្ឋកម្មហិរញ្ញវត្ថុនៅក្រុមហ៊ុនប្រឹក្សា Oliver Wyman និងជាអតីតមន្ត្រីរតនាគារបាននិយាយថា៖ «សម្រាប់ទូកដែលលិចនៅក្នុងកំពង់ផែ នឹងមានការចំណាយលើការថែទាំយានជំនិះបន្ថែមទៀត ហើយទ្រព្យសម្បត្តិទាំងនេះ អាចនឹងត្រូវបង្ខាំងនៅផែយូរ»។
អ្នកស្រី Elizabeth Rosenberg ជំនួយការលេខាធិការផ្នែកហិរញ្ញប្បទានភេរវកម្ម និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុនៅរតនាគារថា៖ «អាជ្ញាធរនៅសហរដ្ឋអាមេរិកមិនត្រឹមតែដកហូតទ្រព្យសម្បត្តិទេ ពោលគឺបំផ្លាញស្ថាបត្យកម្មហិរញ្ញវត្ថុ ដែលរុស្ស៊ីប្រើដើម្បីប្រើប្រាស់លុយក្នុងបំណងផ្សេងទៀត»៕
វីដេអូ៖