The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូងថ្មី​ថ្មោង​ ប្ដេជ្ញា​​រឹត​បន្តឹង​គោល​នយោបាយ​របស់​ខ្លួន​ចំពោះ​ក្រុង​ព្យុងយ៉ាង

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូងថ្មី​ថ្មោង​ ប្ដេជ្ញា​​រឹត​បន្តឹង​គោល​នយោបាយ​របស់​ខ្លួន​ចំពោះ​ក្រុង​ព្យុងយ៉ាង

Content image - Phnom Penh Post
នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Yoon Suk-yeol​​ កំពុងថ្លែងសុន្ទរកថា។ រូបថត AFP

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូងថ្មី​ថ្មោង​ ប្ដេជ្ញា​​រឹត​បន្តឹង​គោល​នយោបាយ​របស់​ខ្លួន​ចំពោះ​ក្រុង​ព្យុងយ៉ាង

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ថ្មីថ្មោង​ លោក​​​ យូន​​ ស៊ុកយ៉ល ​​(Yoon Suk-yeol) ​បាន​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​អង្គារ ​ដោយ​ប្រើ​សុន្ទរកថា​ដំបូង​របស់​លោក ​ក្នុង​ការ​សន្យា​​ព្យាបាល​ការ​​បែកបាក់​ផ្នែក​នយោបាយ ​និង​សេដ្ឋកិច្ច​ក្នុង​ស្រុក​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បទដ្ឋាន​អន្តរជាតិ​ និង​ផ្តល់​នូវ​កញ្ចប់​សេដ្ឋកិច្ច​លើក​ទឹក​ចិត្ត​ប្រកប​ដោយ​មហិច្ឆតា​ដល់​កូរ៉េ​ខាង​ជើង​។​

លោក ​យូន ​​ចូល​កាន់​តំណែង​​ខណៈ​ដែល​សង្រ្គាម​អ៊ុយក្រែន​​ និង​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​​ជុំវិញ​ពិភព​លោក​ក្លាយ​ជា​បញ្ហា​អន្តរជាតិ​។​ លោក​ក៏​ត្រូវ​តែ​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​កាន់​តែ​ខ្លាំង​​​ពី​កូរ៉េ​ខាង​ជើង​ និង​ការ​កកិត​កាន់​តែ​ក្ដៅ​រវាង​សហរដ្ឋ​អាមេរិក​ និង​ចិន ​​ដែល​ជា​មហា​អំណាច ​២​ មាន​ទំនាស់ផល​ប្រយោជន៍​ការ​ទូត​ និង​សេដ្ឋកិច្ច​ជាមួយ​​កូរ៉េ​ខាង​ត្បូង​​យ៉ាង​ស៊ីជម្រៅ។​

លោក​ យូន ​​​ប្តេជ្ញា​ថា ​នឹង​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​ទាំងនោះ​ ដោយ​ក្រោក​ឈរ​ឡើង ​សម្រាប់​តម្លៃ​ដូច​ជា ​«​សេរីភាព» ​និង ​«លទ្ធិ​ប្រជាធិបតេយ្យ​សេរី​»​។​ ​ថ្លែង​​ក្នុង​​ពិធី​​ស្បថ​ចូល​កាន់​តំណែង​នៅ​​​រដ្ឋសភា​ក្នុង​ទីក្រុង​សេអ៊ូល​ នាយក​រដ្ឋមន្រ្តី​អភិរក្ស​និយម​រូប​នេះ​​និយាយ​ថា​៖ ​«​​ក្នុង​​នាម​​ជា​​ពលរដ្ឋ​ពិភព​លោក​យើង​​ត្រូវ​​​តែ​​ប្រកាន់​​ជំហរ​​ប្រឆាំង​​នឹង​​ការ​​ប៉ុនប៉ង​​ណា​​មួយ ​​ដែល​​មាន​​បំណង​​យក​​សេរីភាព​​របស់​​យើង​​​ទៅ​​ឆ្ងាយ​រំលោភ​​សិទ្ធិ​​មនុស្ស​ ឬ​​បំផ្លាញ​​សន្តិភាព​»​។​

លោក ​យូន​ ដឹក​នាំ​អ្នក​អភិរក្ស​និយម​ត្រឡប់​ទៅ​ដំណាក់​កាល​កណ្តាល​នៃ​ផ្នែក​ការ​ទូត​របស់​កូរ៉េ​ខាង​ត្បូង​ ដែល​ជា​សញ្ញា​នៃ​ការ​ផ្លាស់​ប្តូរ​ទិស​ដៅ​ ក្នុង​គោល​នយោបាយ​របស់​ទីក្រុង​សេអ៊ូល​ ស្តីពី​កូរ៉េ​ខាង​ជើង​។ ក្រុម​គោល​នយោបាយ​ការ​បរទេស​​របស់​លោក​ ​សង្កត់​ធ្ងន់​លើ​ការ​ពង្រឹង​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង​ផ្ទុយ​ទៅ​នឹង​ប្រធានាធិបតី​ ដែល​ទើប​ផុត​អាណត្តិ​លោក​ មូន​ ជេអ៊ីន​ (Moon Jae-in) ដែល​​ផ្តល់​អាទិភាព​ដល់​ការ​កែ​លម្អ​ទំនាក់ទំនង​​កូរ៉េ​ទាំង​ ២​។​

ក្រោម​ការ​ដឹក​នាំ​របស់​លោក ​មូន ​កូរ៉េ​ខាង​ត្បូង​បាន​បញ្ចៀស​ «​ការ​ចូល​ភាគី​» ​នៅ​ក្នុង​ការ​ប្រកួតប្រជែង​​មហាអំណាច​រវាង​​សម្ព័ន្ធមិត្ត​យោធា​តែ​ ១ ​គត់​របស់​ខ្លួន ​គឺ​​សហរដ្ឋអាមេរិក​​ និង​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត ​គឺ​​ចិន​។ ​​​លោក ​យូន ​ឯណេះ​វិញ​ប្តេជ្ញា​​ថា​​ នឹង​​តម្រង់​កូរ៉េខាងត្បូង​​​ឱ្យ​​កាន់​តែ​​ជិត​ស្និទ្ធ​​ជាមួយ​​នឹង​​ក្រុង​​វ៉ាស៊ីនតោន ​និង​​ជួសជុល​​ទំនាក់ទំនង​​ប្រេះស្រាំ​​ជាមួយ​​ជប៉ុន​។​

ក្នុង​ពិធី​​ស្បថ​ចូល​កាន់​តំណែង​ដដែល​លោក ​យូន ​និយាយ​ថា​ កូរ៉េខាងត្បូង​​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ «​បង្ហាញ​ផែនការ​ដ៏​ក្លាហាន​មួយ​ ដែល​នឹង​ពង្រឹង​សេដ្ឋកិច្ច​របស់​​កូរ៉េខាងជើង​យ៉ាង​ធំធេង​ និង​លើក​កម្ពស់​គុណភាព​ជីវិត​​ប្រជាជន​របស់​ប្រទេស​នេះ»។

លោក​ យូន ​​បន្ថែម​​​ថា ​វិធានការ​​បែប​​នេះ​​នឹង​​អាច​​​ធ្វើ​​ទៅ​​បាន​​លុះត្រា​​តែ​​កូរ៉េ​​ខាង​​ជើង​​ ចាប់​​ផ្តើម​​ដំណើរការ ​​ដើម្បី​ឈាន​ទៅ​រក​ការ​រំសាយ​​អាវុធ​​នុយក្លេអ៊ែរ​។ ​លោក​​និយាយ​ថា​៖ ​«​​ទ្វារ​​សម្រាប់​​ការ​​សន្ទនា​ ​នឹង​​​នៅ​​​តែ​​បើក​​ចំហ ​ដូច្នេះ​​យើង​​អាច​​ដោះស្រាយ​​ការ​​គំរាមកំហែង​​នេះ​​ដោយ​​សន្តិវិធី​»​។

លោក​ យូន ​បាន​ឈ្នះ​ការ​បោះឆ្នោត​លើ​​បេក្ខជន​ពី​គណបក្ស​កាន់​​អំណាច​លោក​ Lee Jae-myung កាល​ពី​ដើម​ខែ​មីនា ​ទាំង​​មិន​បាន​សំឡេង​គាំទ្រ​ខ្ពស់​ជាង​គូ​ប្រជែង​ដល់​ ១ ​ភាគរយ​ផង​។​ អ្នក​នយោបាយ​ដែល​ជា​អតីត​រដ្ឋ​អាជ្ញា​កូរ៉េ​ខាង​ត្បូង​វ័យ​ ៦១​ ឆ្នាំ​រូប​នេះ ប្រឈម​មុខ​នឹង​បញ្ហា​​ក្នុង​ស្រុក​ជាច្រើន​​ ដូចជា​សភា​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ប្រឆាំង​ និង​សង្គម​ដែល​សម្បូរ​​​ទៅ​ដោយ​កុល​សម្ព័ន្ធ​នយោបាយ។​ អ្នក​បោះឆ្នោត​វ័យ​ក្មេង​មាន​ការ​មិន​ពេញ​ចិត្ត​ចំពោះ​វិសម​ភាព​នៃ​ប្រជាជន​កាន់​តែ​ខ្លាំង​ និង​តម្លៃ​ផ្ទះ​ខ្ពស់​កប់​ពពក​។​

ក្នុង​អំឡុង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ លោក ​យូន ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​មាន​ការរាល​ដាល​នៃ​មនោសញ្ចេតនា​ស្អប់​ចិន​ ក៏​ដូច​ជា​ចលនា​ប្រឆាំង​ស្ត្រី​និយម ​ដែល​ដឹកនាំ​ដោយ​យុវជន​កូរ៉េ​ខាង​ត្បូង​។ លោក​សន្យា​ថា ​នឹង​លុប​ចោល​ក្រសួង​សមភាព​យេនឌ័រ​ និង​ស្ត្រី​ ដែល​ជា​ចំណាត់​ការ​ ​ជួយ​លោក​ឱ្យ​ឈ្នះការ​​បោះឆ្នោត​ពី​យុវជន​ដែល​និយាយ​ថា​ កូរ៉េ​ខាង​ត្បូង​​គ្រប់គ្រង​ដោយ​ពួក​ស្ត្រី​និយម​ជាប់​កំហឹង​។​

ទោះបីយ៉ាង​ណា​​ វិបត្តិ​បន្ទាន់​របស់​លោក​នោះ​ គឺ​​កូរ៉េ​ខាង​ត្បូង។ ​ទាំង​មន្ត្រី​សហរដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​​ព្រមាន​ថា​ កូរ៉េ​ខាង​ជើង​អាច​បន្ត​ការ​សាកល្បង​នុយក្លេអ៊ែរ​ឡើង​វិញ​ភ្លាម​ៗ​នៅ​ខែ​នេះ​ ប្រហែល​ជា​នៅ​ចំ​ពេល​ដែល​លោក​ប្រធានាធិបតី ​ចូ ​បៃដិន​ គ្រោង​​ជួប​ជាមួយ​លោក​ យូន ​នៅ​ទីក្រុង​សេអ៊ូល ​នា​ថ្ងៃទី​ ២១ ខែ​​ឧសភា ​ខាង​មុខ។

កូរ៉េខាងជើង​​មាន​​ប្រវត្តិ​​ប៉ុនប៉ង​​បង្ក​ហេតុ​ធំៗ​ ​ដើម្បី​​ប្រជែង​​មេ​ដឹកនាំ​ទីក្រុង​សេអ៊ូល ​​​ថ្មី​​​​។ ប្រទេស​នេះ​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​ក្រោម​ដី​លើក​ទី៣ ​របស់​ខ្លួន ​២ ​សប្តាហ៍ ​មុន​ពេល​អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោកស្រី​ Park Geun-hye ​ឡើង​កាន់​តំណែង​​ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៤​។ ​កូរ៉េ​ខាង​ជើង​ក៏​បាន​ធ្វើ​ការ​សាកល្បង​​មីស៊ីល​ផ្លោង​អន្តរទ្វីប​ជាលើក​ដំបូង​របស់​ខ្លួន ​បន្ទាប់​ពី​លោក​ មូន​ ឡើង​កាន់​តំណែង​ឆ្នាំ ២០១៧ ​ផង​ដែរ​។

ប៉ុន្មាន​សប្តាហ៍​មុន​ការ​ចូល​កាន់​តំណែង​ កាល​ពី​ថ្ងៃ​អង្គារ​របស់​លោក ​យូន ​​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការ​សាកល្បង​អាវុធ​ជា​ច្រើន​ រួម​ទាំង​ការ​បាញ់​បង្ហោះ​មីស៊ីល​ផ្លោង​អន្តរទ្វីប​ កាល​ពី​ចុង​ខែ​មីនា ​ក្រោយ​ផ្អាក​អស់​រយៈពេល​ជាង​ ៤ ​ឆ្នាំ។

កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ លោក ​Park Jie-won នា​យក​សេវា​ស៊ើបការណ៍​សម្ងាត់​ជាតិ​​កូរ៉េ​ខាង​ត្បូង ​​និយាយ​ថា​ ​កូរ៉េ​ខាង​ជើង​កំពុង​រៀបចំ​ការ​សាកល្បង​នុយក្លេអ៊ែរ​​ ទោះបី​ជា​មាន​ការ​ជំទាស់​ពី​សម្ព័ន្ធ​មិត្ត​​ចិន និង​រុស្ស៊ី​ក្ដី​។​ ការ​សាកល្បង​ដែល​​គ្រោង​ទុក​​​មាន​សារៈសំខាន់​សម្រាប់​លោក​ គីម ​ជុងអ៊ុន​ ដែល​ជា​មេដឹកនាំ​ប្រទេស​ ព្រោះ​វា​នឹង​អនុញ្ញាត​ឱ្យ​កូរ៉េ​ខាង​ជើង​សាកល្បង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដ៏​តូច​​​ និង​ស្រាល​ជាង​មុន​ ដែល​​អាច​បំពាក់​លើ​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​ដាក់​គោលដៅ​លើស​ម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​បាន​នាពេល​ក្រោយ​មក​ទៀត​។​

លោក ​Park ​​និយាយ​ថា​៖​ «ពេល​វេលា​គឺ​ពិត​ជា​អាស្រ័យ​លើ​​កូរ៉េ​ខាង​ជើង​។​ បច្ចេក​វិទ្យា​​នុយក្លេអ៊ែរ​​របស់​ប្រទេស​​នេះ​​នឹង​ប្រសើរ​ឡើង​ គ្រឿង​បរិក្ខារ​របស់​គេ​នឹង​ពង្រីក​ ហើយ​នឹង​មាន​ការ​រីកសាយ​ភាយ​។​ យើង​​ត្រូវ​​​តែ​​បញ្ឈប់​​រឿង​​នេះ​»​។​

ខុស​ពី​លោក​ មូន ​និង​​អតីត​ប្រធានាធិបតី​ ដូណាល់ ​ត្រាំ ​ដែល​សុទ្ធ​តែ​បាន​ជួប​ជាមួយ​លោក​ គីម ជុងអ៊ុន ​លោក​ប្រធានាធិបតី ​បៃដិន ​បាន​បង្ហាញ​ការ​សាទរ​តិចតួច ​ចំពោះ​ទំនាក់ទំនង​ការ​ទូត​ដោយ​ផ្ទាល់​ជាមួយ​មេដឹកនាំ​​កូរ៉េ​ខាង​ជើង​។​ លោក​ យូន ​ឯណេះ​វិញ​ក៏​​​​ប្រកាន់​​ជំហរ​​តឹងរ៉ឹង​​ជាង​​មុន ​ដោយ​​អំពាវនាវ​​ឱ្យ​​មាន​​ការ​​ពង្រឹង​​សមយុទ្ធ​​យោធា​​រួម​​ប្រចាំ​​ឆ្នាំ​ ​ជាមួយ​​សហរដ្ឋអាមេរិក​។​ ក្នុង​អំឡុង​ពេល​នៃ​យុទ្ធនាការ​នេះ​ លោក យូន ​ព្រមាន​ការ​វាយ​ប្រហារ​ទុក​ជាមុន​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង​ ប្រសិន​បើ​ការ​វាយ​ប្រហារ​មើល​ទៅ​ជិត​មក​ដល់។​

លោក​ Cheong ​Seong-chang​ នាយក​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​កូរ៉េ​ខាង​ជើង​នៅ​វិទ្យាស្ថាន​ Sejong​ កូរ៉េ​ខាង​ត្បូង​​និយាយ​ប្រាប់​កាសែត​ញូវ​យ៉ក​ថែមស៍​ថា​ គ្មាន​ផ្លូវ​ណា​ដែល​កូរ៉េ​ខាង​ជើង​នឹង​ទទួល​យក​ការ​ផ្តល់​ជូន​របស់​លោក ​យូន ​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ជា​ថ្នូ​នឹង​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នោះ​ឡើយ​។ ​លោក​​និយាយ​ថា៖​ «​ក្រោម​​រដ្ឋាភិបាល​​ថ្មី​ យើង​​ទំនង​​​ជា​​ឃើញ​​បញ្ហា​​នុយក្លេអ៊ែរ​​កូរ៉េ​​ខាង​​ជើង​​ធ្លាក់​​ចុះ​កាន់​តែ​អាក្រក់​​យ៉ាង​​ឆាប់​​រហ័ស»​។

ការ​ផ្ដល់​ជូន​ផ្នែក​សេដ្ឋកិច្ច​របស់​លោក​ យូន ​មាន​ភាព​ស្រដៀង​គ្នា​នឹង​អ្វី​ដែល​ពួក​អភិរក្ស​និយម​ផ្ដល់​ឱ្យ​ទៅ​ក្រុង​ព្យុងយ៉ាង​ នៅ​ចន្លោះ​ឆ្នាំ​ ២០០៨-២០១៧ ពេល​ដែល​ខ្លួន​កាន់​អំណាច ​​ប៉ុន្តែ​ត្រូវ​រង​កា​រវាយ​ប្រហារ​ហិង្សា​មក​វិញ​ពី​កូរ៉េ​ខាង​ជើង​ជា​ហូរហែ។

លោក​ Park ​Won-gon​ អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ EwhaWomans ​​ទីក្រុង​សេអ៊ូល​​និយាយ​ថា៖​ «​លោក​ យូន ​ស៊ុកយ៉ល​ ឡើង​កាន់​តំណែង​ជាមួយ​នឹង​បរិយាកាស​ខាង​ក្រៅ​​ជង់​លោក​។ លោក​ត្រូវ​តែ​ដោះស្រាយ​ភាព​តានតឹង​ជាមួយ​កូរ៉េ​ខាង​ជើង​»​។​ អ្នក​វិភាគ​ដដែល​បន្ត​ថា​៖​ «​លោក​​ត្រូវ​តែ​បញ្ចុះ​បញ្ចូល​រដ្ឋ​បាល​បៃដិន​ឱ្យ​រុះរើ​ជំហរ​ខ្វះខាត​របស់​ខ្លួន​លើ​កូរ៉េ​ខាង​ជើង​ ហើយ​ធ្វើ​ឱ្យ​វា​ជា​អាទិភាព​។​ លោក​ត្រូវ​តែ​ធ្វើ​កិច្ចការ​ក្នុង​ស្រុក​​ដែល​លោក​ មូន ​​បាន​ទុក​ចោល​»។

កាល​ពី​ថ្ងៃ​អង្គារ​ លោក ​យូន ​ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ ពី​ជម្លោះ​ផ្ទៃ​ក្នុង​ និង​ការ​មិន​ចុះ​សម្រុង​គ្នា​ ​ក្នុង​សង្គម​កូរ៉េ​ខាង​ត្បូង​ ប៉ុន្តែ​លោក​​ថា​ វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា ​និង​ការ​ច្នៃ​ប្រឌិត​ គឺ​ជា​ដំណោះស្រាយ​​។ លោក​​​បន្ត​​​ថា​៖​ «​​កំណើន​​សេដ្ឋកិច្ច​យ៉ាង​​ឆាប់​​រហ័ស​​នឹង​​បើក​​ឱកាស​​​ថ្មី​​​។​ វា​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ចលនភាព​​សង្គម​ ដោយ​ហេតុ​នេះ​ជួយ​យើង​កម្ចាត់​ឧបសគ្គ​ជា​មូលដ្ឋាន ​ដែល​កំពុង​ធ្វើ​ឱ្យ​កាន់​តែ​ធ្ងន់ធ្ងរ​ដល់​ការ​បែក​បាក់​សង្គម​ និង​ជម្លោះ​»​៕

ហួន ឌីណា

អត្ថបទគួរចាប់អារម្មណ៍