មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន អាចចាត់ទុកការរំពឹងទុកនៃការបរាជ័យនៅអ៊ុយក្រែនថា ជាការគំរាមកំហែងដែលមានស្រាប់ចំពោះរបបរបស់លោក ដែលអាចបង្កឱ្យមានជម្រើសនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ នេះបើតាមការព្រមានរបស់មន្ត្រីចារកម្មកំពូលសហរដ្ឋអាមេរិក។
ការព្រមានកាលពីថ្ងៃអង្គារ ធ្វើឡើងក្នុងការវាយតម្លៃរបស់ពួកប្រធានចារកម្មដែលធ្វើសេចក្តីសង្ខេបដល់ព្រឹទ្ធសភាស្តីពីការគំរាមកំហែងទូទាំងពិភពលោក។ ការព្យាករ ចំពោះអ៊ុយក្រែននោះ គឺជាសង្រ្គាមតូចៗអូសបន្លាយយូរអង្វែង ដែលនាំទៅរកភាពប្រែប្រួលកាន់តែខ្លាំងឡើងនៃសកម្មភាពបង្កើនភាពតានតឹងរបស់លោក ពូទីន រួមទាំងការចល័តទ័ពពេញប្រទេសការចេញច្បាប់អាជ្ញាសឹក ហើយសូម្បីតែប្រើប្រាស់ក្បាលគ្រាប់នុយក្លេអ៊ែរ ប្រសិនបើលោក ពូទីន មានអារម្មណ៍ថា សង្រ្គាមឆាបឆេះប្រឆាំងនឹងលោក។
នាយកទីភ្នាក់ងារចារកម្មជាតិអ្នកស្រី Avril Haines ប្រាប់គណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភាថា លោក ពូទីន នឹងបន្តធ្វើឱ្យមានឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ក្នុងការប៉ុនប៉ងរារាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តពីការគាំទ្រអ៊ុយក្រែនបន្ថែមទៀត។ អ្នកស្រីនិយាយថា ការផ្តោតការវាយប្រហារនៅភាគខាងកើត និងភាគខាងត្បូងទំនងជាយុទ្ធសាស្ត្របណ្តោះអាសន្នជាជាងការពង្រីកគោលដៅជាអចិន្រៃ្តយ៍នៃសង្រ្គាម។
អ្នកស្រី Haines បាននិយាយទៀតថា លោក ពូទីន នឹងមិនប្រើអាវុធនុយក្លេអ៊ែរឡើយ រហូតទាល់តែលោកឃើញការគំរាមកំហែង ដែលមានស្រាប់ចំពោះរុស្ស៊ី ឬរបបរបស់លោក ឬក៏ថា លោកនឹងចាញ់សង្រ្គាម។
អ្នកស្រីបន្ថែមថា ពិភពលោកប្រហែលជាមានការព្រមានខ្លះថា ការប្រើប្រាស់នុយក្លេអ៊ែរនឹងជិតមកដល់ព្រោះថា នឹងមានជំហានជាច្រើន ដែលលោក ពូទីន នឹងធ្វើ នៅពេលមានភាពតានតឹងកាន់តែខ្លាំង មុនការប្រើប្រាស់អាវុធប្រភេទនេះ។ ជំហានទាំងនោះរួមបញ្ចូលទាំងការធ្វើសមយុទ្ធនុយក្លេអ៊ែរទ្រង់ទ្រាយធំបន្ថែមទៀត ពាក់ព័ន្ធនឹងការបាញ់មីស៊ីលអន្តរទ្វីបចល័ត យន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ និងនាវាមុជទឹកយុទ្ធសាស្ត្រជាដើម។
ការវាយតម្លៃដែលប្រមុខចារកម្មអាមេរិកដាក់ចេញទៅសមាជិកព្រឹទ្ធសភាលើកឡើងថា អ៊ុយក្រែនត្រូវប្រឈមមុខនឹងការធ្វើសង្រ្គាមតូចៗអូសបន្លាយ ដោយលោក ពូទីន មានបំណងដណ្តើមយកតំបន់លូហានស្ក៍ ដុនណិតស្ក៍ និងតំបន់ជុំវិញនោះ ដើម្បីធានាបានស្ពានដីគោកទៅឧបទ្វីបគ្រីមា។ ចំណែកឯប្រធានទីភ្នាក់ងារចារកម្មនៃក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯក Scott Berrier បានលើកឡើងពីលទ្ធភាពដែលរុស្ស៊ីនឹងធ្វើការចល័តទ័ពពីទូទាំងប្រទេសមិនថា ទ័ពនោះបានហ្វឹកហាត់ ឬមានសមត្ថភាពប្រយុទ្ធ ឬអត់នោះទេ។
ជាមួយគ្នានោះ ពេលសង្រ្គាមតូចៗអូសបន្លាយ ជម្លោះទំនងជានឹងឈានដល់គន្លង ដែលមិនអាចទាយទុកជាមុនបាន និងមានសក្តានុពលកាន់តែខ្លាំងឡើង។ អ្នកស្រី Haines និយាយថា និន្នាការបច្ចុប្បន្នបង្កើនលទ្ធភាព ដែលលោក ពូទីន នឹងងាកទៅរកមធ្យោបាយធ្ងន់ធ្ងរ រួមទាំងការដាក់ច្បាប់អាជ្ញាសឹក ការតម្រង់ទិសផលិតកម្មឧស្សាហកម្មឡើងវិញ ឬសកម្មភាពយោធា ដែលមានសក្តានុពលក្នុងការរំដោះធនធានសំខាន់ ដើម្បីសម្រេចបាននូវគោលបំណងរបស់លោក ពេលសង្រ្គាមបន្ត ឬគិតឃើញថា លោកនឹងចាញ់អ៊ុយក្រែន»៕
ហួន ឌីណា
វីដេអូ៖