នៅពេលដែល​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន កាន់តែ​ក្តៅគគុក សហភាព​អឺរ៉ុប បានរៀបចំ​សន្និសីទ​អ្នកផ្តល់ជំនួយ​អន្តរ​​ជាតិ​ជា​លើក​ទី​៦ សម្រាប់​ប្រទេស​ស៊ី​រី អ្នកជំនាញ​បាន​និយាយថា បញ្ហា​នៅ​ស៊ី​រី មិនគួរ​មើលរំលង​ឡើយ​។​

​ប្រធាន​គោលនយោបាយ​ការ​បរទេស​របស់​ប្លុក លោក Josep Borrell បាន​និយាយថា​៖ «​ឥឡូវនេះ ម្នាក់ៗ យកចិត្ត​ទុក​ដាក់​តែ​លើ​បញ្ហា​នៅ​អ៊ុយ​ក្រែ​ន តែ​ទោះយ៉ាងណា កុំ​បោះបង់ចោល​ស៊ី​រី​អី​។ សង្គ្រាម​រយៈពេល ១១​ឆ្នាំកន្លងមក បាន​បំផ្លាញ​ជីវិត​របស់​ប្រជាជន​ស៊ី​រី ហើយ​បណ្តាលឱ្យ​ប្រជាជន ៩០% ស៊ី​រី​បន្ត​រស់នៅក្នុង​ភាពក្រីក្រ​»​។​

​លោក​បាន​បន្ថែមទៀតថា​៖ «​សង្គ្រាម​នៅ​រុស្ស៊ី នឹង​បង្កើន​តម្លៃ​អាហារ និង​ថាមពល ហើយ​ស្ថានភាព​នៅ​ស៊ី​រី នឹង​កាន់តែ​អាក្រក់​ទៅៗ​»​។​

​ប្រទេស​ចំនួន ៥៥ និង​អង្គការ​អន្តរជាតិ​ចំនួន​​​ ២២ រួមទាំង​អង្គការសហប្រជាជាតិ ស្ថាប័ន​សហភាព​អឺរ៉ុប និង​រដ្ឋ​ជាស​​មា​ជិ​ក​សហភាព​អឺរ៉ុប បាន​ចូល​រួម​ក្នុង​សន្និសីទ​ម្ចាស់ជំនួយ ដែល​រៃអង្គាសប្រាក់​បាន​ចំនួន $៦,៧​ ពាន់​លាន​សម្រាប់​ស៊ី​រី និង​ជនភៀសខ្លួន ដែល​កំពុង តែ​ជ្រកកោន​នៅតាម​ប្រទេស ជិតខាង​របស់ខ្លួន ពោលគឺ​ច្រើនជាង​ឆ្នាំមុន $៦,៤​ ពាន់​លាន​។ សហព័ន្ធរុស្ស៊ី ដែលជា​តួអង្គ​សំខាន់​ក្នុង​ជម្លោះ​ក្នុងប្រទេស​ស៊ី​រី មិន​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​សន្និសីទ​នោះទេ​។​

​គួរ​រំឭក​ផងដែរ​ថា រុស្ស៊ី គឺជា​សម្ព័ន្ធមិត្ត​ដ៏​រឹងមាំ​របស់​ប្រ​ធានា​ធិបតី​ស៊ី​រី Bashar Assad ចាប់តាំងពី​ឆ្នាំ​ ២០១១ នៅពេលដែល​ជម្លោះ បានចាប់ផ្តើម ហើយ​នៅតែ​បន្ត​គាំទ្រ​ប្រតិបត្តិ​ការ​យោធា​របស់​របប​ស៊ី​រី​។ ទីក្រុង​ម៉ូស្គូ បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា សកម្មភាព​របស់ខ្លួន​ផ្តោតលើ​តែ​សកម្មភាព​ភេរ​វករ ក្នុងប្រទេស​ស៊ី​រី​ប៉ុណ្ណោះ តែ​អង្គការសហប្រជាជាតិ បាន​ចោទប្រកាន់​រុស្ស៊ី​ថា ចូលរួម​ដោយផ្ទាល់​ក្នុងការ​ទម្លាក់​គ្រាប់​បែក​លើ​តំបន់​ជន​ស៊ីវិល និង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​រួមគ្នា​ជាមួយ​របប​ស៊ី​រី​។​

​ប្រធាន​គោលនយោបាយ​ការបរទេស​របស់​សហ​ភាព​អឺរ៉ុបបាន​សង្កត់ធ្ងន់ថា ព្រឹត្តិការណ៍​ម្ចាស់ជំនួយ​កាលពី​ថ្ងៃ​អង្គារ គឺ​ដើម្បីឱ្យ​ប្រទេស​ទាំងអស់ ដែល​ចូលរួម​ក្នុង​សន្និសីទ​នេះ​យល់ថា អឺរ៉ុប​នឹងមិន​បន្ធូរបន្ថយ​ទណ្ឌកម្ម ឬ​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​រុស្ស៊ី និង​របប​ស៊ី​រី មាន​លក្ខ​​ណៈ​ធម្មតា​ឡើយ រហូតដល់​មានការ​ប្តេជ្ញាចិត្ត​ប្រាកដប្រជា​ណាមួយ សម្រាប់​កំណែទម្រង់​នយោបាយ នៅ​ស៊ី​រី​។​

​អង្គការ​មនុស្សធម៌​បារម្ភ​ថា ការធ្វើឱ្យ​រុស្ស៊ី​ឯកោ​ពី​សន្និសីទ អាច​ប៉ះពាល់​ដល់​កិច្ចប្រឹងប្រែង​ជំនួយ​មនុស្សធម៌ ជាពិសេស​នៅ​ភាគ​ពាយព្យ នៃ​ប្រទេស​ស៊ី​រី​។​

​ក្នុង​កិច្ចប្រជុំ​អនុគណៈ​ក​ម្មា​ធិ​ការ​សភាតំណាងរាស្ត្រ​អា​មេ​រិ​ក ក្នុង​ខែមីនា ឆ្នាំនេះ ក្រុម​អ្នកតស៊ូ​មតិ​ជំនួយ​មនុស្សធម៌បាន​គូសបញ្ជាក់ថា រុស្ស៊ី​អាច​បិទ​បណ្តាញ​ជំនួយ​មនុស្សធម៌​ចុងក្រោយ​របស់​អង្គការ​សហ​ប្រជាជាតិ​របស់​ស៊ី​រី ជាការ​សង​សឹកចំពោះ​ស្ថានការណ៍​តាន​តឹង​ជាមួយ​លោកខាងលិច ជុំវិញ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។​

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ក៏បាន​គ្រប់គ្រង​បណ្តាញ​ជំនួយ​មនុស្សធម៌​ឆ្លង​ព្រំដែន​ចំនួន​ ៤ ចូលទៅក្នុង​ប្រទេស​ស៊ី​រី ក្នុង​ឆ្នាំ​ ២០១៤​។​

​រុស្ស៊ី និង​ចិន បាន​ប្រើ​អំណាច​វេតូ​របស់​អង្គការសហប្រជាជាតិ ដើម្បី​បញ្ឈប់​បណ្តាញ​ចំនួន​ ៣ ក្នុងចំណោម​បណ្តាញ​ទាំងនេះ ខណៈ​ក្រុង​ម៉ូស្គូ តែង​លើកឡើងថា ជំនួយ​មនុស្សធម៌ ដែល​មិន​ឆ្លងកាត់​បណ្តាញ​របស់រប​ប​ស៊ី​រី​គួរតែបញ្ឈប់​។​

​បច្ចុប្បន្ន មានតែ​ប៉ុស្តិ៍​ជំនួយ​មនុស្សធម៌​ឆ្លង​ព្រំដែន ដែល​កំណត់ ដោយ​អង្គការ​សហ​ប្រជាជាតិ ១ ​ប៉ុណ្ណោះ គឺ​ច្រក Bab al-Hawa ដែល​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ស៊ី​រី ត្រូវបាន​អនុញ្ញាតឱ្យ​ដំណើរការ​ដល់​ខែកក្កដា ឆ្នាំ​២០២២ ក្រោយ​រុស្ស៊ី បាន​សម្របសម្រួល​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ នា​ឆ្នាំមុន​។​

​តំបន់ Idlib របស់​ស៊ី​រី ដែលជា​កន្លែង​ដឹក​ជំនួយ ត្រូវបាន​គ្រប់​គ្រង ដោយ​ក្រុម​ឧទ្ទាម​ស៊ី​រី និង​សម្ព័ន្ធ​ជី​ហាដ Hayat Tahrir al-Sham​។ ប្រជាជន​ប្រហែល ៤​ លាន​នាក់ រស់នៅក្នុង​តំបន់​នេះ និង​ប្រមាណ​ជាង ២,៦​ លាន​នាក់ គឺជា​ជនជាតិ​ស៊ី​រី ដែល​ផ្លាស់​ទីលំនៅ​ក្នុងស្រុក ពឹង​ផ្អែកលើ​ជំនួយ​មនុស្សធម៌​ពី​អង្គការសហប្រជាជាតិ និង​អង្គការក្រៅរដ្ឋាភិបាល ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជា​ជាតិ​តាមរយៈ​ប្រទេស​តួ​ក​គី​។​

​អ្នកស្រី Juliette Touma ប្រធាន​ផ្នែក​តស៊ូ​មតិ​ប្រចាំ​តំបន់​សម្រាប់​អង្គការ​យូ​នី​សេ​ហ្វ នៅ​មជ្ឈិមបូព៌ា ប្រាប់​សារព័ត៌មាន DW ថា ការឆ្លងកាត់​ព្រំដែន​នេះ ដើម្បី​ផ្តល់ជំនួយ​មនុស្សធម៌​តាមរយៈ​តួ​ក​គី ដល់​កុមារ​ជិត ១​លាន​នាក់ នៅ​ភាគ​ពាយព្យ​ស៊ី​រី និង​អ្នក​ដែល​ពឹង​ផ្អែកលើ​ជំនួយ​ឆ្លងដែន​ស្ទើរ​ទាំងស្រុង​។​

​ចំពេល​មានការ​ភ័យខ្លាច​ក្រុង​ម៉ូស្គូ​បិទ​ប៉ុស្តិ៍​ឆ្លងកាត់​នេះ អង្គការ​មនុស្សធម៌​អន្តរជាតិ ក្នុង​ខែកក្កដា បាន​គូសបញ្ជាក់​ផងដែរ​ថា​៖ «​បច្ចុប្បន្ន យើង​មិនទាន់មាន​ដំណោះស្រាយ​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន ដែល​ងាយ​រងគ្រោះ​រាប់លាន​នាក់ នៅ​ភាគ​ពាយព្យ​ប្រទេស​ស៊ី​រី​ទេ​»​។​

​តែ​យ៉ាងណាក្ដី ប្រធាន​គោល​នយោបាយ​ការបរទេស​របស់​សហ​ភាព​អឺរ៉ុបមាន​សុទិដ្ឋិនិយម​ថា រុស្ស៊ី នឹងមិន​ពិចារណា​បញ្ឈប់​ការឆ្លងកាត់​ជំនួយ​នោះទេ ព្រោះ​វា​នឹងធ្វើ​ឱ្យ​ជីវិត​មនុស្ស​ជាង ១ ​លាន​នាក់​ឱ្យ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​

​លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការ​​សហប្រជាជាតិនិយាយថា បាន​ពិភាក្សា​ជាមួយ​អនុរដ្ឋមន្ត្រី​ការបរទេស​តួ​ក​គី ពី​ដំណោះ​ស្រាយ​ឆ្លង​ព្រំដែន​នៅ​តំបន់ Idlib និង​គម្រោង​ផ្តោតលើ​សន្តិសុខ​ផងដែរ​៕

វីដេអូ៖