កង​វរសេនា​ធំ​ប្រចាំ​កោះ​ហ្គោតឡែន​របស់​កងទ័ព​ស៊ុយអែត​ បាន​ហាត់​សម​មេរៀន​សឹក​សង្គ្រាម​របស់​ពួក​គេ ​រួមមាន​ការ​ហាត់​ប្រើប្រាស់​មីស៊ីល​ប្រឆាំង​រថក្រោះ​ NLAW ដែល​កំពុង​បង្ហាញ​ប្រសិទ្ធភាព​ខ្ពស់​នៅ​ប្រទេស​អ៊ុយក្រែន។

កង​វរសេនា​ធំ​ ដែល​ត្រូវ​បាន​​ធ្វើ​ឱ្យ​មាន​រូបរាង​​វិញ ​ក្នុង​ឆ្នាំ​ ២០១៨ នៅ​លើ​កោះ​ដ៏​មាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​សម្រាប់​ជួយ​ដល់​ការ​​គ្រប់គ្រង​ចរាចរ​ណ៍​​ផ្លូវ​អាកាស និង​ផ្លូវ​ទឹក​ នៅ​សមុទ្រ​បាល់ទិក​ ឥឡូវ​នេះ​កំពុង​ស្ថិត​​ក្នុង​ដំណើរ​ការ​កសាង​កម្លាំង​ជា​ថ្មី​ម្ដង​ទៀត ​ដោយ​មាន​គោលដៅ​ពង្រីក​ចំនួន​ទាហាន​ដល់​ទៅ​ ៤ ០០០ នាក់​ ពី​ទំហំ​បច្ចុប្បន្ន​ ៤០០ នាក់​ តែ​យ៉ាង​ណា​ចំនួន​​នេះ​ គឺ​នៅ​ឆ្ងាយ​ពី​កម្លាំង​ ២៥ ០០០ នាក់​ ដែល​បាន​បម្រើ​ការ​នៅ​កោះ​នេះ​ កាល​ពី​សម័យ​សង្គ្រាម​ត្រជាក់។

ក្នុង​ការ​គិត​ឡើង​វិញ​ដ៏​ធំ​នៃ​ឥរិយាបថ​សន្តិសុខ​របស់​ខ្លួន​ ដែល​បង្ក​ដោយ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន​ ប្រទេស​ស៊ុយអែត​ ​កំពុង​រៀន​ឡើង​វិញ​អំពី​ការ​ក្លាយ​ខ្លួន​ជា​មហាអំណាច​យោធា​ ហើយ​រួម​ជាមួយ​ដៃគូ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ គឺ​ហ្វាំងឡង់​។ ស៊ុយអែត​​កំពុង​ត្រៀម​ដាក់​ពាក្យ​ចូល​ជា​សមាជិក​អង្គការ​ណាតូ​ ដែល​នឹង​បញ្ចប់​ជំហរ​អព្យាក្រឹត និង​មិន​ចូល​បក្ស​​សម្ព័ន្ធ​ជាង​ ២០០ ឆ្នាំ​របស់​ខ្លួន​។

មេ​បញ្ជាការ​ថ្មី​នៃ​កង​វរសេនា​ធំ​​កោះ​ហ្គោតឡែន​ លោក​វរសេនីយ៍​ឯក ​ម៉ាកនុស ហ្វ្រីកវ៉ាល ​មាន​ទស្សនៈ​យ៉ាង​ច្បាស់​លាស់អំពី​បេសកកម្ម​នៃ​ការ​កសាង​សមត្ថភាព​យោធា​ស៊ុយអែត​ឡើង​វិញ​ ក៏​ដូចជា​សារៈសំខាន់​នៃ​កោះ ដែល​កងវរសេនា​ធំ​របស់​លោក​កំពុង​ការពារ​។ លោក​និយាយ​ថា​៖ «​បើ​អ្នក​ជា​ម្ចាស់​កោះ​ហ្គោតឡែន​ អ្នក​អាច​គ្រប់គ្រង​ចលនា​ផ្លូវ​ទឹក​ និង​អាកាស​នៅ​ក្នុង​សមុទ្រ​បាលទិក​ទាំង​មូល​»។

លោក​បាន​និយាយ​ថា ​ការ​ចូល​ជា​សមាជិក​អង្គការ​ណាតូ​ គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​អ្នក​នយោបាយ​ ប៉ុន្តែ​លោក​នឹង​គាំទ្រ​ការ​សម្រេច​ចិត្ត​នេះ​ ដោយ​លោក​បាន​ប្រាប់​ថា​៖ «កិច្ច​សហប្រតិបត្តិការ​ គឺ​ជា​រឿង​មួយ ប៉ុន្តែ​សម្ព័ន្ធភាព​ គឺ​ជា​រឿង​ផ្សេង​ទៀត​។ សម្ព័ន្ធភាព​មាន​ន័យ​ថា​ អ្នក​ទទួល​បាន​​ការ​ធានា​»។

របាយការណ៍​សភា ដែល​បង្ហាញ​កាល​ពី​ថ្ងៃ​សុក្រ ​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​ស៊ុយអែត ​លោកស្រី ​អាន់ លីនដេ បាន​និយាយ​ថា សមាជិកភាព​របស់​ខ្លួន​ រួម​ជាមួយ​ហ្វាំងឡង់​នៅ​ក្នុង​អង្គការ​ណាតូ​ នឹង​បង្កើន​ឥទ្ធិពល​រារាំង​នៅ​អឺរ៉ុប​ខាង​ជើង​ បើ​ទោះ​បី​ជា​ការ​វិភាគ​ជា​ច្រើន ​បាន​ព្រមាន​អំពី​វិធានការ​សងសឹក​ពី​រុស្ស៊ី​នៅ​ក្នុង​អំឡុង​ពេល​អន្តរកាល​ ប្រសិន​បើ​ស៊ុយអែត​ដាក់​ពាក្យ​​ចូល​ជា​សមាជិក​។

ប្រសិន​ការ​កាត់​យក​ឧបទ្វីប​គ្រីមៀរ ​កាល​ពី​ឆ្នាំ ២០១៤ គឺ​ជា​ការ​ដាស់​តឿន អ៊ីចឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន គឺ​​ជា​​ការ​ភ្ញាក់​រឭក​ដ៏​ធំ​មួយ​។

អារម្មណ៍​នៅ​ប្រទេស​ហ្វាំងឡង់ ដែល​បាន​ធ្វើ​សង្គ្រាម​ ២ ​លើក ​ជាមួយ​សហភាព​សូវៀត​បាន​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ ៦ ខែ​ចុង​ក្រោយ​នេះ ​ដើម្បី​​គាំទ្រ​ការ​ចូល​ជា​សមាជិក​អង្គការ​ណាតូ​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ សូលី នីនីស្តូ​។ ឥឡូវ​នេះ​ជិត​ ៨០ ភាគរយ ​នៃ​ប្រជាជន​ហ្វាំងឡង់​គាំទ្រ​ការ​ចូល​ជា​សមាជិក​ធៀប​នឹង​ត្រឹមតែ​ ២០ ភាគរយ​ប៉ុណ្ណោះ​ កាល​ពី​មុន​សង្គ្រាម​។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​ នីនីស្តូ និង​លោកស្រី​នាយក​រដ្ឋមន្ត្រី​ សានណា ម៉ារីន​ បាន​បង្ហាញ​ការ​គាំទ្រ​របស់​ពួក​គេ​ជា​សាធារណៈ ហើយ​ការ​បោះឆ្នោត​ក្នុង​សភា​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​។

ដើម​ឡើយ​នាយករដ្ឋមន្ត្រី​ស៊ុយអែត ​លោកស្រី​ ម៉ាដាលេណា អានឌឺសុន​ បាន​បង្ហាញ​ការ​ប្រឆាំង​ការ​ស្នើ​ចូល​ជា​សមាជិក​រហូត​ដល់​ត្រឹម​ដើម​ខែ​មីនា​ មុន​នឹង​ផ្លាស់​ប្ដូរ​មក​គាំទ្រ​វិញ​ជា​ពិសេស ​បើ​ហ្វាំងឡង់​ដាក់​ពាក្យ​ចូល​ដែរ​។ អ្នក​វិភាគ​និយាយ​ថា ​ការ​ផ្លាស់​ប្ដូរ​នេះ ​គឺ​ដោយសារ​ដើម​ឡើយ​សាធារណជន​ស៊ុយអែត​ មិន​សូវ​ខ្វល់​នឹង​សង្គ្រាម​នៅ​អ៊ុយក្រែន​ទេ ប៉ុន្តែ​មតិ​សាធារណៈ​បាន​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ការ​ព្រមាន​ពី​ប្រធានាធិបតី​រុស្ស៊ី​ លោក ​វ្ល៉ាឌីមៀរ ពូទីន​ និង​រដ្ឋាភិបាល​រុស្ស៊ី​ថា​ នឹង​មាន​ការ​ឆ្លើយ​តប​ប្រសិន​បើ​ស៊ុយអែត និង​ហ្វាំងឡង់​ចូល​ជា​សមាជិក​ណាតូ​។

យ៉ាងណា​មិញ​ស៊ុយអែត និង​រុស្ស៊ី​មាន​ទំនាក់ទំនង​យ៉ាង​ស្មុគស្មាញ​ក្នុង​រយៈពេល​ ៧០០ ឆ្នាំ​ចុង​ក្រោយ​នេះ​ ដែល​រួមមាន​ការ​ឈ្លានពាន​កោះ​ហ្គោតឡែន​ កាល​ពី​ឆ្នាំ​ ១៨០៨ ដោយ​ប្រទេស​រុស្ស៊ី​។​ ទាហាន​រុស្ស៊ី ១ ៨០០ ​នាក់​ចុង​ក្រោយ ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កោះ​នេះ​ ១ ​ខែ​មក​ ប៉ុន្តែ​សង្គ្រាម​នេះ​ត្រូវ​បាន​បញ្ចប់​ដោយ​រុស្ស៊ី​កាត់​យក​ប្រទេស​ហ្វាំងឡង់​ ពី​ទឹកដី​ស៊ុយអែត​។ ៦ ឆ្នាំ​ក្រោយ​មក​ ក្នុង​ឆ្នាំ​ ១៨១៤ ប្រទេស​ស៊ុយអែត ​បាន​ចូល​រួម​សង្គ្រាម​ចុង​ក្រោយ​របស់​ពួក​គេ។

នៅ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ ប្រទេស​ស៊ុយអែត ​ប្រឈម​មុខ​នឹង​ការ​​គំរាម​កំហែង​ពី​សហភាព​សូវៀត​នៅ​សមុទ្រ​បាល់ទិក​។ កង​នាវា​ដ៏​ធំ​របស់​សូវៀត​នៅ​តំបន់​កាលីនីនក្រាដ​មាន​ចម្ងាយ​ប្រមាណ​ជា​​ ៥០០ គីឡូម៉ែត្រ​ ពី​ឆ្នេរ​សមុទ្រ​ស៊ុយអែត​។ សហភាព​សូវៀត​ក៏​បាន​ដាក់​ពង្រាយ​មីស៊ីល​ មាន​សមត្ថភាព​នុយក្លេអ៊ែរ​នៅ​តំបន់​កាលីនីនក្រាដ​ផង​ដែរ​។

បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​សហភាព​សូវៀត​ ប្រទេសស៊ុយអែត​ បាន​គិត​ថា ​សង្គ្រាម​ គឺ​ជា​រឿង​អតីត​កាល​ ដែល​មិន​ទំនង​កើត​ឡើង​ទៀត​ឡើយ​នៅ​អឺរ៉ុប​។ ពួក​គេ​បាន​ដក​កង​យោធា​ស្ទើរ​តែ​ទាំង​អស់​ចេញ​ពី​កោះ​ហ្គោតឡែន​ ហើយ​កាត់​បន្ថយ​ប្រមាណ​ ៩០ ភាគរយ ​នៃ​ទំហំ​កង​ទ័ព​ជើង​គោក​របស់​ខ្លួន​ ខណៈ​ពេល​ដែល​កង​ទ័ព​ជើង​ទឹក​ និង​ជើង​អាកាស​ត្រូវ​បាន​​កាត់​បន្ថយ​ ៧០ ភាគរយ​៕