ការសម្រេចចិត្ត​របស់​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត ក្នុង​ការបោះបង់​អព្យាក្រឹត​ភាព ដែល​ពួកគេ​បាន​ប្រកាន់ខ្ជាប់​អស់​ជាច្រើន​ទសវត្សរ៍ ដើម្បី​ដាក់ពាក្យ​ចូល​ជា​សមាជិក​ណា​តូ គឺជា​ការបង្ហាញ​ដ៏​រឹងមាំ​បំផុត ក្នុង​ទ្វីបអឺរ៉ុប ប្រឆាំងនឹង​ការឈ្លានពាន​របស់​ចក្រ​ព​ត្តិ​រុស្ស៊ី​។​

​ក្រុម​ប្រទេស​ស្ក​ង់​ឌី​ណាវី ទាំង​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត បានបញ្ជាក់​យ៉ាងច្បាស់​ថា ការគំរាមកំហែង​ពី​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ថា ជាការ​គំរាម​កំហែង​ធ្ងន់ធ្ងរ ហើយ​ពួកគេ​មិនអាច​ឈរ​មើល​បានឡើយ​។​

​នាយករដ្ឋមន្ត្រី​ស៊ុយអែត លោកស្រី Magdalena Andersson បាន​និយាយ​កាលពី​ថ្ងៃអាទិត្យថា​៖ «​ការមិន​ចូលបក្ស​សម្ព័ន្ធ​យោធា បាន​បម្រើ​ប្រទេស​ស៊ុយអែត​យ៉ាង​ល្អ ប៉ុន្តែ​ការសន្និដ្ឋាន​របស់​យើង គឺ​ខ្លាច​ថា វា​នឹងមិន​បម្រើយើង​ឱ្យ​បានល្អ​ដូចគ្នានាពេល​អនាគត​។ នេះ​មិនមែនជា​ការសម្រេចចិត្ត​លំៗ​នោះទេ​»​។​

​ដោយសារតែ​យោធា​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត ត្រូវ​រួបរួមគ្នា​យ៉ាង​ល្អជា​មួយអង្គ​ការ​ណា​តូ ហើយ​នៅពេល​ការ​អនុ​វត្ត អាច​ដំណើរការបាន​យ៉ាង​ឆាប់រហ័ស នោះ​ការផ្លាស់ប្តូរ​ផ្លូវ​យុទ្ធសាស្ត្រ​របស់​ប្រទេស​នានា​ទាក់ទង​នឹង​ការ​ឈ្លា​ន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន នឹង​អនុវត្ត​ជាក់ស្ដែង​បាន​តិចជាង​ទ្រឹស្ដី​នយោបាយ​។​

​ប្រទេស​នានា​ត្រូវបាន​ការពារ​ដោយ​អង្គការ​ណា​តូ បើ​មិន​ដូច្នោះ​ទេ​ពួកគេ នឹងត្រូវ​ប្រឈម​ជាមួយ​ប្រទេស​រុស្ស៊ី​ដោយ​ខ្លួនឯង​។ សម្រាប់​ប្រទេស​ស៊ុយអែត និង​ជាពិសេស​ប្រទេស​ហ្វាំ​ង​ឡង់ ដែលមាន​ព្រំដែន​ចម្ងាយ ៨១០ ​ម៉ា​យល៍ (១ ៣០៣,៥៧ គ​.​ម​) ជាមួយ​រុស្ស៊ី ការសម្រេចចិត្ត​របស់​លោក ពូ​ទីន ក្នុងការ​ឈ្លានពាន​ប្រទេសជិតខាង មិនមែនជា​បញ្ហា ដែល​គេ​អើពើ​ងាយៗ​ឡើយ​។​

​ទន្ទឹមនឹងនេះ ប្រទេស​អាល្លឺម៉ង់ ដែលជា​ប្រទេស​សន្តិភាព​និយម​ជាទូទៅ ចាប់​តាំងពី​ប្រទេស​នេះ បាន​ងើប​ចេញពីគំនរ​បាក់បែក​ពី​ឆ្នាំ ​១៩៤៥ មក បានចាប់ផ្តើម​ការវិនិយោគ​ដ៏​ធំ នៅក្នុង​កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប៉ុនប៉ង​ផ្តាច់ខ្លួន​ពី​ការពឹង​ផ្អែកលើ​ថាមពល​ពី​ប្រទេស​រុស្ស៊ី​ផងដែរ​។​

​លោកស្រី Nathalie Tocci នាយក​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ នៅ​ទីក្រុង​រ៉ូម បាន​និយាយថា​៖ «​ការពង្រីក​អង្គការ​ណា​តូ មិនមែន​មកពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​នោះទេ ប៉ុន្តែ​វា​ពិតជាផលវិបាក​មួយ​។ ឥឡូវនេះ ស៊ុយអែត និង​ហ្វាំ​ង​ឡង់ ឃើញ​រុស្ស៊ី​អ្នក​ចាប់ផ្ដើម និង​ជា​អ្នក​សើរើ​សង្គ្រាម​ឡើងវិញ តាមរបៀប​មួយ​គ្រោះថ្នាក់​ជាង​អំឡុងពេល​ចុងក្រោយ​នៃ​សង្គ្រាមត្រជាក់​ទៀត​»​។​

​ប្រទេស​ស៊ុយអែត និង​ហ្វាំ​ង​ឡង់ បាន​វិនិច្ឆ័យ​អព្យាក្រឹត​ភាពជា​ផល​ប្រ​យោជន៍​របស់​ពួកគេ នៅពេល​ប្រឈម​នឹង​រុស្ស៊ី ហើយ​ប្រទេស​ទាំង ២ ក៏​មិន​ផ្លាស់ប្តូរ​គោលបំណង​គេ បើ​ទោះ​ប្រទេស​ទាំង​២ ចូលរួម​ជាមួយ​សហភាព​អឺរ៉ុប ក្នុង​រយៈពេល​ជាង ៣​ ទសវត្សរ៍​ចាប់តាំងពី​សង្គ្រាមត្រជាក់​បានបញ្ចប់​ក៏ដោយ​។​

​ការផ្លាស់ប្តូរ​មនោសញ្ចេតនា នៅក្នុង​ប្រទេស​ទាំង ២ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ មាន​សភាព​ខ្លាំងក្លា ជាពិសេស​ក្រោយ​លោក ពូ​ទីន ប្ដេជ្ញាចិត្ត​តតាំង​នឹង​អង្គការ​ណា​តូ​វិញ ដើម្បី​ធ្វើឱ្យ​ប្រទេស​គាំទ្រ​អ៊ុយ​ក្រែ​ន​ប្រឆាំង​ខ្លួន មាន​ភាពចុះ​ខ្សោយ ដែល​បណ្ដាលឱ្យ​មានការ​ចាប់កំណើត​ឡើងវិញ​នៃ​សម្ព័ន្ធភាព​នេះ​ទៅវិញ​។​

​ប្រទេសដែលមាន​ប្រជាជន​តិចជាង ១ ភាគ ៤ គាំទ្រ​ឱ្យ​ប្រទេស​ទាំង ២ ចូល​ជាមួយ​អង្គការ​ណា​តូ កាលពី​ឆ្នាំមុន បែរជា​កើនឡើង​យ៉ាងខ្លាំង​ទៅវិញ​នាពេល​បច្ចុប្បន្ន ពោលគឺ​កើន​ដល់ ៧៦​ភាគរយ នៅក្នុង​ការស្ទង់មតិ​នាពេល​ថ្មីៗ​នេះ នៅក្នុង​ប្រទេស​ហ្វាំ​ង​ឡង់​។ គណបក្ស​ប្រជាធិបតេយ្យ​សង្គម​របស់​ប្រទេស​ស៊ុយអែត ដែលជា​គណបក្ស​ដ៏​ធំ​បំផុត​របស់​ប្រទេស និង​ជា​បន្ទាយ​នៃ​ការមិន​ចូលបក្ស​សម្ព័ន្ធ​ជា​យូរ​មកហើយ ក៏បាន​ទទួលយក​សមា​ជិ​ក​ភាព​របស់​អង្គការ​ណា​តូ​ផងដែរ​។​

​អ្នកស្រី Nicole Bacharan អ្នក​វិភាគ​គោលនយោបាយ​ការបរទេស​បារាំងនិយាយថា​៖ «​លោក ពូ​ទីន ឡើង​ទៅលើ​ដើមឈើ ហើយ​មិនដឹងថា ត្រូវ​ចុះ​តាម​ណា​។ ឥឡូវនេះ គាត់​នឹង​ប្រឈម​មុខ​នឹង​ការរួបរួម​របស់​អង្គការ​ណា​តូ និង​ការតាំង​ចិត្ត​ពី​ប្រទេស​ជាច្រើន​»​។​

​គួរបញ្ជាក់​ផងដែរ​ថា នៅ​មាត្រា ៣ នៃ​សន្ធិសញ្ញា​បង្កើត​អង្គការ​ណា​តូចែងថា សមាជិក​ត្រូវតែ​រក្សា និង​អភិវឌ្ឍ​សមត្ថភាព​បុគ្គល និង​សមូហភាព​របស់​ពួកគេ ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​ដោយ​ប្រដាប់អាវុធ​តាមរយៈ​ការជួយខ្លួនឯង និង​ជំនួយ​ទៅវិញទៅមក​ជា​បន្ត​បន្ទាប់ និង​មាន​ប្រសិទ្ធភាព​។ នៅក្នុង​ករណី​នៃ​ប្រទេស​ស៊ុយអែត និង​ហ្វាំ​ង​ឡង់ សមត្ថភាព​ទាំងនេះ ត្រូវបាន​អភិវឌ្ឍ​យ៉ាង​ទូលំទូលាយ​រួចហើយ តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​អង្គការ​ណា​តូ​។​

​លោក Carl Bildt អតីត​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស​ស៊ុយអែតបាន​និយាយថា​៖ «​យើង​កំពុង​ស្ថិតនៅ​លើផ្លូវ​ឆ្ពោះទៅរក​ទំនាក់ទំនង​កាន់តែ ជិតស្និទ្ធ​ជាមួយ​អង្គការ​ណា​តូ​។ កា​រស​ម្រេច​ចិត្ត​របស់​យើង​ឆ្លុះបញ្ចាំង​ពី​ទស្សនៈ ដែលថា ប្រទេស​រុស្ស៊ី នឹង​នៅតែ​ជា​កន្លែង​ដ៏​ស្មុគស្មាញ​ក្នុងការ​ដោះស្រាយ​បញ្ហា​សម្រាប់​រយៈពេល​យូរ ហើយ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន នឹងមាន​រយៈពេល​យូរ ប៉ុន្តែ​នឹង​បញ្ចប់ ដោយ​យុត្តិធម៌ និង​មានការ​ពិនិត្យឡើងវិញ​ពី​សំណាក់​អ្នកដឹកនាំ​នៅក្នុង​វិមាន​ក្រឹម​ឡាំង​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​»​។​

​នៅពេល​សួរថា​ តើស៊ុយអែត​ខ្លាច​ការសង​សឹក​ពី​រុស្ស៊ី​ទេ លោក Bildt បាន​និយាយថា​៖ «​អ្នក​មិនដែល​ដឹង​មុន​ទេ​ថា រុស្ស៊ី​នឹងធ្វើ​អ្វី ប៉ុន្តែ​អារម្មណ៍​នៅពេលនេះ យើង​មាន​ភាពជឿជាក់​ពួកគេ និង​ជឿ​លើ​យុត្តិធម៌​»​។​

​ការ​វាយតម្លៃថា សង្គ្រាម​អ៊ុយ​ក្រែ​ន​អាចមាន​រយៈពេល​វែង ឥឡូវនេះ ត្រូវបាន​ចែកចាយ​យ៉ាង​ទូលំទូលាយនៅក្នុង​ទ្វីបអឺរ៉ុប​។ លោក ពូ​ទីន មិន​ត្រឹមតែ​ឈ្លានពាន​តែ​អ្នកជិតខាង​របស់គាត់​ប៉ុណ្ណោះ​ទេ តែ​លោក​ថែមទាំង នឹង​វាយយក​លោកខាងលិច ហើយ​អាមេរិក​មួយ ត្រូវបាន​រុស្ស៊ី​ដាក់​រហស្សនាម​ថា «​អាណាចក្រ​ភូតភរ​»៕