​ប្រហែល​ជាជាង ៣​ សប្ដាហ៍​មុន មានការ​ផ្ទុះ​ជាច្រើន​កន្លែង បាន​កើតឡើង​បន្តបន្ទាប់​គ្នា នៅក្នុង​សាធារណរដ្ឋ​ផ្ដាច់ខ្លួន​ត្រេ​ន​ស្នីស្ទៀ (Transnistria) របស់​ម៉ុ​ល​ដាវី បង្ក​ជាការ​ភ័យ​ខ្លាច ដែលថា តំបន់​គ្មាន​ការ​ទទួលស្គាល់ និង​គាំទ្រ​ដោយ​រុស្ស៊ី​មួយ​នេះ នឹងត្រូវ​បាន​អូស​​ទាញ​ឱ្យ​ធ្លាក់​ចូលក្នុង​សង្គ្រាមនៅ​អ៊ុយ​ក្រែ​ន​។​

​កាលនោះ អាជ្ញាធរ​ក្នុង​តំបន់ បាន​ស្ដីបន្ទោស​ការផ្ទុះ​ថា ជា​ទង្វើ​របស់​អ៊ុយ​ក្រែ​ន ខណៈ​អ៊ុយ​ក្រែ​ន​ចោទ​រុស្ស៊ី​ថា មាន​ចេតនា​អូស​ត្រេ​ន​ស្នីស្ទៀ ឱ្យចូល​ក្នុង​សង្គ្រាម ដើម្បី​ធ្វើការ​វាយលុក​ខ្លួន​ពី​ភាគ​ខាងលិច​។ តែ​រុស្ស៊ី ដែលមាន​ទ័ព​ឈរជើង​ក្រោម​ផ្លាក «​កង​រក្សា​សន្តិភាព​» និយាយថា ខ្លួន​ចង់​ចៀសវាង​សេណារីយោ​បែបនេះ ហើយ​ចោទ​ក្រុង​កៀវ​បក​វិញ បន្ទាប់ពី​មេបញ្ជាការ​ជាន់ខ្ពស់​រុស្ស៊ី​ម្នាក់​និយាយថា ការដណ្ដើមយក​ភាគខាងត្បូង​អ៊ុយ​ក្រែ​ន នឹង​បើក​ច្រករបៀង​ដីគោក​ទៅ​តំបន់​ត្រេ​ន​ស្នី​ស្ទៀ​។​

​ត្រេ​នស្នីស្ទៀ ដែលមាន​ជន​​ជាតិ​ចម្រុះ​ជាតិ​សាសន៍​រស់នៅ ទាំង​ម៉ុ​ល​ដាវី អ៊ុយ​ក្រែ​ន និង​រុស្ស៊ី បានប្រកាស​ខ្លួន​ជា​សាធារណ​​រដ្ឋ ពី​ដើម​ទសវត្សរ៍​ឆ្នាំ ​១៩៩០​។ រុស្ស៊ី​បាន​ជួយ​តំបន់​នេះ​ប្រយុទ្ធ​នឹង​សង្គ្រាម​ផ្តាច់ខ្លួន និង​បំបែក​ចេញពី​ម៉ុ​ល​ដាវី ប៉ុន្តែ​មិនមាន​ប្រទេស​ណា​ទទួលស្គាល់​នោះទេ បូករួម​នឹង​រុស្ស៊ី​ផ្ទាល់ ដែល​បន្ត​គាំទ្រ​មកទល់​សព្វថ្ងៃ​។​

​ប៉ុន្តែ​ឥឡូវនេះ ទោះជា​ទទួល​​បាន​អត្ថប្រយោជន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជាច្រើន​ឆ្នាំ​ពី​ការ​​ឧបត្ថម្ភ និង​ការការពារ​របស់​រុស្ស៊ី​ក្ដី ក៏​ប្រជាជន​នៅ​ត្រេ​នស្នីស្ទៀ មិន​ចង់​ពាក់ព័ន្ធ​នឹង​ផ្នែក​ណាមួយ​នៃ​សង្គ្រាម​អ៊ុយ​ក្រែ​ន​ដែរ​។ ម្ចាស់​ហាង​កាហ្វេ «Back in the U.S.S.R.» (​ត្រឡប់​ទៅ​សម័យ​សហភាពសូវៀត​) នៅក្នុង​រដ្ឋធានី​របស់​តំបន់​ធី​រ៉ា​ភូ​ល លោក Igor Martiniuc បាន និយាយប្រាប់​អ្នកយកព័ត៌មាន​របស់​កាសែត​ញូវយ៉ក​ថា​ម​ស៍​ថា​៖ «​មនុស្ស​ភាគច្រើន​នៅ​ទី​​នេះ ចង់​ការពារ​ខ្លួន និង​អាជីវ​​កម្ម​របស់​ពួកគេ​។ ពួកគេ​មិន​ចង់​ចូលរួម [​ក្នុង​សង្គ្រាម​] ទេ​»​។​

​ក្នុង​រយៈពេល ១ ​ខែ​កន្លងមកនេះ មាន​សញ្ញា​ដែល​បង្ក​ការ​​ភ័យខ្លាច​ថា រុស្ស៊ី​ពិតជា​កំពុង​ព្យាយាម​អូសទាញ​តំបន់​ត្រេ​នស្នីស្ទៀ ​ចូលទៅក្នុង​សង្គ្រាម ហើយ​សាបព្រោះ​ការភ័យខ្លាច និង​ភាពមិនច្បាស់លាស់ នៅ​លោកខាងលិច​។ វិមាន​ក្រឹម​ឡាំង កន្លងមក ចោទប្រកាន់ថា មានការ​រឹតត្បិត​អ្នក​និយាយ​ភាសា​រុស្ស៊ី នៅ​ត្រេ​នស្នីស្ទៀ ជា​រូបភាព​ដូចគ្នា​ដែល​ក្រុង​ម៉ូស្គូ​ប្រើ ដើម្បី​បញ្ជូន​ទ័ព​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​នៅ​តំបន់​ដុន​បាស​។ ទោះបី​មន្ត្រី​បស្ចិម​លោក​និយាយថា រុស្ស៊ី​ខ្វះ​សមត្ថភាព​យោធា ដើម្បី​ធ្វើ​ដូច្នេះ​គ្រប់ពេលវេលា​ក្ដី ក៏​វា​បង្ក​ឱ្យ​ទិដ្ឋភាព​នៃ​សង្គ្រាម​កាន់តែ​ខិត​ទៅជិត​សហភាព​​អឺរ៉ុប​ភ្លាមៗ ជាពិសេស​នៅពេលដែល​ការផ្ទុះ​បន្ទាប់​បន្ទាប់​គ្នា​កើតឡើង​កាលពី​ខែ​មុន​។​

​យ៉ាងណាមិញ​ប្រសិនបើ​រុស្ស៊ី​ពិតជា​សង្ឃឹមថា នឹង​បង្កើន​ទំនាក់ទំនង​ជិតស្និទ្ធ​របស់ខ្លួន​ជាមួយ​តំបន់ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​នោះ ប្រទេស​នេះ​អាច​នឹង​គណនា​ខុស​។ អាជ្ញាធរ​ត្រេ​ន​ស្នីស្ទៀ ឥឡូវនេះ​កំពុង​ព្យាយាម​បង្ហាញ​សញ្ញា​ដោយ​ខឹងសម្បា​ថា មិត្តភាព​យូរអង្វែង​ជាមួយ​រុស្ស៊ី មាន​ដែន​កំណត់​។​

​លោក Paul Galtsev អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​រប​ស់​ត្រេ​ន​ស្នីស្ទៀ ប្រាប់​កាសែត​​ញូវយ៉ក​ថា​ម​ស៍​ថា​៖ «​យើង​គ្មាន​គម្រោង​ចូលក្នុង​សង្គ្រាម​ទេ​។ យើង​គ្មាន​ផែនការ​ឈ្លានពាន គ្មាន​ការរៀបចំ​ការវាយប្រហា​រ​បែប​យុទ្ធសាស្ត្រ គ្មាន​សំណើ​ទៅ​ក្រុង​ម៉ូស្គូ​ឱ្យមាន​ទ័ព​បន្ថែម​»​។ លោក​បន្តថា​៖ «​យើង​តូច តែមាន​សន្តិភាព​។ យើង​មិន​ចង់​ធ្វើសង្គ្រាម​ជាមួយ​អ្នកណា​ទេ ជា​​ពិសេស​ជាមួយ​អ៊ុយ​ក្រែ​ន​»​។​

​តាម​បច្ចេកទេស​ត្រេ​នស្នីស្ទៀ ជា​ផ្នែក​មួយ​របស់​ម៉ុ​ល​ដាវី ប៉ុន្តែ​ជាក់ស្ដែង​វា​មិន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​​ម៉ុ​ល​ដាវី​នោះទេ​។ តំបន់​ដែលមាន​ប្រជាជន​ជាង ៤៥០ ០០០ ​នាក់ រស់នៅ​នេះ មាន​រូបិយប័ណ្ណ និង​ចម្រៀង​ជាតិ​ផ្ទាល់ខ្លួន និង​ដំណើរការ​ផ្នែក​សេដ្ឋកិច្ច​ដោយ​ពួក​ឥស្សរជន​គាំទ្រ​វិមាន​ក្រឹម​ឡាំង​។ ស្ទើរ​គ្រប់​អ្វីៗ​ទាំងអស់ គឺ​ស្ថិតក្រោម​ការឧបត្ថម្ភ​ធន​រាប់ពាន់​លាន​ដុល្លារ​ពី​ក្រុង​ម៉ូស្គូ​។​

​ចំពោះ​ការផ្ទុះ​ក្នុង​តំបន់​ជា​បន្ត​បន្ទាប់ ដែល​មិន​បណ្ដាលឱ្យ​នរណាម្នាក់​រងរបួស​កា​លពី​ខែ​មុន ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី ដែល​គ្របដណ្ដប់​ការផ្សាយ​ព័ត៌មាន​នៅក្នុង​តំបន់ បាន​ទម្លាក់កំហុស​ទៅលើ​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​ខាងក្រៅ​ជឿថា នោះ​គឺជា​ស្នាដៃ​របស់​រុស្ស៊ី ដែល​ព្យាយាម​ពង្រឹង​ភាពស្មោះត្រង់ ក្នុង​តំបន់ ពោល​គឺជា​យុទ្ធសាស្ត្រ​ដូចគ្នា ដែល​ប្រើ​ក្នុង​តំបន់​ដុន​បាស​។

​អ្នកវិភាគ​យោធា​និយាយថា រុស្ស៊ី​មាន​ទ័ព​ឈរជើង​នៅ​តំបន់​ត្រេ​ន​ស្នីស្ទៀ យ៉ាងហោចណាស់ ១ ៥០០​ នាក់ បូករួម​នឹង​ទាហាន​របស់​តំបន់​ពី ៣ ០០០ ទៅ ១២ ០០០​ នាក់​។ កងកម្លាំង​ទាំង ២ ​នេះ ប្រដាប់​ដោយ​អាវុធ​ធុន​ស្រាល ដោយមាន​រថពាសដែក ២-៣​ គ្រឿង កាំភ្លើង​ធំ​ចាស់ៗ​មួយចំនួន និង​គ្មាន​ឧទ្ធម្ភាគចក្រ ដែល​មិនអាច​ក្លាយជា​ទ័ព​ឈ្លា​ន​​ពាន​បានទេ​។​

​លោក Anatoly Dirun ដែលជា​អ្នកវិទ្យាសាស្ត្រ​នយោបាយ​ត្រេ​ន​ស្នីស្ទៀ និង​ដែលជា​អ្នក​​នយោបាយ​បក្សប្រឆាំង​និយាយថា​៖ «​វា​ជា​រឿង​ឆោតល្ងង់ សម្រាប់​រុស្ស៊ី ក្នុងការ​ព្យាយាម​ប្រើ​វា (​កងកម្លាំង​) ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន​»​។ លោក​និយាយថា អ៊ុយ​ក្រែ​ន និង​រុស្ស៊ី កំពុង​បង្កើន​ការគំរាមកំហែង​ត្រេ​នស្នីស្ទៀ ដោយ​ហេតុផល​ផ្ទាល់ខ្លួន ដោយ​រុស្ស៊ី​ព្យាយាម​ទាញ​ទាហាន​​អ៊ុយ​ក្រែ​ន​ចេញពី​សមរភូមិ​ភាគ​ខាងកើត ខណៈ​អ៊ុយ​ក្រែ​ន​ព្យាយាម​គូររូប​ភាព ពី​ការ​រាល​​ដាលនៃ​សង្គ្រាម ដើម្បីឱ្យ​លោកខាងលិច​បញ្ជូន​អាវុធ​បន្ថែម​។​

​លោក Dirun និង​អ្នកជំនាញ​ផ្សេងទៀត​និយាយថា រុស្ស៊ី​មិនអាច​បន្ថែម​កម្លាំង​ទៅក្នុង​ទឹកដី​ត្រេ​ន​ស្នីស្ទៀ ​ដោយ​ងាយស្រួល​បានទេ ដោយសារ​យន្តហោះ​ត្រូវ​ឆ្លងកាត់​ដែនអាកាស​អ៊ុយ​​ក្រែ​ន ឬ​អឺរ៉ុប ដែល​ធ្វើឱ្យ​ពួកគេ​ប្រឈម​នឹង​ការបាញ់​ទម្លាក់​។​

​ប៉ុន្តែ​រំហូរ​នៃ​ហ្គាស​រុស្ស៊ី ដែលមាន​តម្លៃថោក មិនបាន​បញ្ឈប់​ឡើយ ដោយបាន​អនុញ្ញាតឱ្យ​រោងចក្រ ក្នុង​តំបន់​អាចធ្វើ​ការផលិត​ស្បែកជើង វាយ​ន​ភណ្ឌ និង​របារ​ដែក ក្នុងតម្លៃ​ប្រកួត​​ប្រជែង​។ រុស្ស៊ី​ផ្តល់​ឧបត្ថម្ភ​ធន ព្រោះ​ត្រេ​នស្នីស្ទៀ ដើរតួ​ជា​កម្លាំង​ភូមិសាស្ត្រ​នយោបាយ​ដ៏​មាន​ឥទ្ធិពល ជាពិសេស​លើ​ប្រទេស​ម៉ុ​ល​ដាវី ដែល​ដាក់ពាក្យ​ចូល​សហភាព​អឺរ៉ុប​កាល​​ពី​ខែមីនា ប៉ុន្តែ​ទទួលបាន​ភាព​​ទាក់ទាញ​តិចជាង​ជាមួយ​កងទ័ព​រុស្ស៊ី នៅ​លើដី​របស់ខ្លួន ក្នុងចំណោម​បញ្ហា​ផ្សេងៗ​ទៀត​៕

​ហួន ឌី​ណា

វីដេអូ៖