ប្រធានាធិបតី​ហ្វាំងឡង់​ លោក​ Sauli Niinisto ​និយាយ​បញ្ជាក់​ កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ប្រទេស​របស់​លោក​នឹង​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​នៃ​សម្ព័ន្ធ​មិត្ត​យោធា​ណាតូ ​នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​ជា​ប្រវត្តិ​សាស្ត្រ​ ដែល​ការ​សម្រេច​នេះ ត្រូវបាន​ជំរុញ​​ដោយ​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​។​

រុស្ស៊ី​ដែល​មាន​ព្រំដែន​ជាង​ ១ ៣០០ ​គីឡូម៉ែត្រ ​ជាប់​ហ្វាំងឡង់​​ និយាយ​ថា ​ជំហាន​​​នេះ​ នឹង​ក្លាយ​ជា​កំហុស​មួយ ​សម្រាប់​ទីក្រុង​ហែលស៊ិនគី ក្នុង​ការ​ចូល​រួម​ជាមួយ​សម្ព័ន្ធ​ភាព​ឆ្លង​អាត្លង់ទិក ​ដែល​មាន​សមាជិក​ចំនួន​ ៣០​ប្រទេស​ ហើយ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​ទ្វេ​ភាគី​។​

ស៊ុយអែត​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ធ្វើ​តាម​ផង​ដែរ​ ខណៈ​ដែល​ការ​គាំទ្រ​សាធារណៈលើ​សមាជិកភាព​ណាតូ ​​កើន​ឡើង​ចំ​ពេល​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​។​​​

ការ​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ ធ្វើ​ឡើង​ បន្ទាប់​ពី​លោក​ Niinisto ​និង​នាយក​រដ្ឋ​មន្ត្រី​អ្នក​ស្រី​ Sanna Marin ​​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ខ្លួន​ពេញ​ចិត្ត​សមាជិកភាព​របស់​អង្គការ​ណាតូ ​ដោយ​ផ្តល់​ភ្លើង​ខៀវ​ថា​ ប្រទេស​នេះ​​នឹង​ដាក់​ពាក្យ​ចូល​។

លោក ​Niinisto​​ ប្រាប់​អ្នក​យកព័ត៌មាន​ ក្នុង​វិមាន​ប្រធានាធិបតី ​នៅ​ទីក្រុង​ហែលស៊ិនគី​​ថា​៖ ​​«​ថ្ងៃ​នេះ​ យើង​ ដែល​ជា​ប្រធានាធិបតី​ និង​គណៈកម្មាធិការ​គោល​នយោបាយ​ការ​បរទេស​របស់​រដ្ឋាភិបាល​ បាន​សម្រេច​ចិត្ត​រួម​គ្នា​ថា​ ប្រទេស​ហ្វាំងឡង់​នឹង​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​ណាតូ​»។​​

លោក​ Niinisto ​​ទូរស័ព្ទ​ទៅ​មេដឹកនាំ​រុស្ស៊ី​លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​ប្រាប់​​អំពី​ផែនការ​របស់​​ហ្វាំងឡង់ ក្នុង​ការ​ចូល​រួម​សម្ព័ន្ធ​ភាព​។​ លោក​ពូទីន​​និយាយ​ថា​ ទង្វើ​បែប​នេះ​នឹង​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​រុស្ស៊ី​-​ហ្វាំងឡង់​។​​​

ប្រធានាធិបតី​ហ្វាំងឡង់ ​ក៏​សម្តែង​ការ​ត្រៀម​ខ្លួន​ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​សមភាគី​តួកគី​លោក ​Tayyip Erdogan ​បន្ទាប់​ពី​ទី​ក្រុង​អង់ការ៉ា​​ បាន​លើក​ឡើង​ពី​ការ​ជំទាស់ ចំពោះ​ការ​ចូល​រួមជាមួយ​ណាតូ​របស់​ប្រទេស​នៅ​តំបន់​ណ័រឌិក​។​ ក្នុង​នាម​ជា​​​សមាជិក​​ណាតូ​ តួក​គី​​អាច​​វេតូ​​ការ​​ដាក់​​ពាក្យ​​នេះ​បាន​។

លោក​ Niinisto និយាយ​ថា​​​៖ «​អ្វី​ដែល​យើង​ត្រូវ​ការ​នៅ​ពេល​នេះ គឺ​ជា​ចម្លើយ​ដ៏​ច្បាស់​លាស់​។​ ខ្ញុំ​ត្រៀម​ខ្លួន​រួច​ជាស្រេច ​ក្នុង​ការ​ពិភាក្សា​ថ្មី​មួយ​ជាមួយ​ប្រធានាធិបតី ​លោក Erdogan ​អំពី​បញ្ហា​ ដែល​លោក​បាន​លើក​ឡើង​»​៕

ហួន​ ឌីណា​​