កាលពី​ថ្ងៃ​ចន្ទ ទី ​១៦ ឧសភា ប្រធានាធិបតី​រុស្ស៊ី លោក ​វ្ល៉ា​ឌី​មៀរ ពូ​ទីន និយាយថា គ្មាន​ការគំរាមកំហែង​អ្វី​ទេ ចំពោះ​រុស្ស៊ី ប្រសិនបើ​ស៊ុយអែត និង​ហ្វាំ​ង​ឡង់​ចូល​ជា​សមាជិក​អង្គការ​ណា​តូ ប៉ុន្តែ​ព្រមាន​ថា ក្រុង​ម៉ូស្គូ​នឹងធ្វើ​ការឆ្លើយតប បើ​សម្ព័ន្ធភាព​យោធា​លោក​​ខាងលិច​នេះ ធ្វើការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​នៅ​សមាជិក​ថ្មី​ទាំង ​២ ​នេះ​។​

​លោក ពូ​ទីន ​បានលើកឡើង​ម្ដង​ហើយ​ម្ដង​ទៀតថា ការ​​ពង្រីក​របស់​អង្គការ​ណា​តូ​មកកាន់​ព្រំដែន​រុស្ស៊ី​ក្រោយ​ការ​ដួល​រំលំ​សហភាពសូវៀត គឺជា​ចំណុច​តានតឹង​ធំ​បំផុត ដែល​បង្កឱ្យមាន​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ប៉ុន្តែ​លោក ពូ​ទីន បាន​ឆ្លើយ​​តប​ខុសពី​ធម្មតា ចំពោះ​ការ​​ស្នើសុំ​របស់​ស៊ុយអែត និង​ហ្វាំ​ង​ឡង់ ដើម្បី​ចូល​ជាស​មា​ជិ​ក​អង្គការ​ណា​តូ ដែលជាផលវិបាក​យុទ្ធសាស្ត្រ​ធំ​បំផុត​នៃ​ការឈ្លានពាន​របស់​រុស្ស៊ី​។​

​លោក ពូ​ទីន បាន​និយាយ នៅក្នុង​កិច្ចប្រជុំ​អង្គការ​សន្ធិ​សញ្ញា​សន្តិសុខ​សមូហភាព (CSTO) រួមមាន​បេឡា​រុស អា​មេ​នី កា​ហ្សា​ក់​ស្ថាន កៀ​​ហ្ស៊ី​ស៊ី​ស្ថាន និង​តា​ហ្ស៊ី​គី​ស្ថានថា​៖ «​ចំពោះ​ការពង្រីក រុស្ស៊ី​មិនមាន​បញ្ហា​ជាមួយ​រដ្ឋ​ទាំងនេះ​ទេ គ្មានទេ​។ ដូច្នេះ​ក្នុងន័យនេះ​មិន​មានការ​គំរាម​​កំហែង​ភ្លាមៗ​ចំពោះ​រុស្ស៊ី ពី​ការពង្រីក​ដើម្បី​រួមបញ្ចូល​ប្រទេស​ទាំងនេះ​ទេ​»​។​

​បើទោះជា​យ៉ាងនេះ​ក៏ដោយ លោក ពូ​ទីន បាន​និយាយថា​៖ «​ប៉ុន្តែ​ការពង្រីក​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​យោធា ក្នុង​ទឹកដី​នេះ​ពិតជា​នឹង​បង្កឱ្យមាន​ការ​​ឆ្លើយតប​ពី​យើង​។ វា (​ការ​ឆ្លើយតប​) គឺជា​អ្វីយើង​នឹង​មើល​អ្វី ដែល​ជាការ​គំរាម​កំហែង​បង្កើតឡើង​សម្រាប់​យើង​»៕

វីដេអូ៖