កាល​ពី​ថ្ងៃ​ចន្ទ ទី​ ១៦ ឧសភា​ ប្រធានាធិបតី​ប្រទេស​តួកគី ​បាន​បង្ក​ភាព​ស្មុគស្មាញ ​ក្នុង​សំណើ​សុំ​សមាជិកភាព​អង្គការ​ណាតូ​របស់​ស៊ុយអែត និង​ហ្វាំងឡង់​ ដោយ​និយាយ​ថា ​លោក​មិន​អាច​អនុញ្ញាត​ឱ្យ​ពួកគេ​ចូល​ជា​សមាជិក​សម្ព័ន្ធភាព​យោធា​បាន​ទេ​ ដោយ​សារ​តែ​ប្រទេស​ទាំង​ ២ ​ហាក់​ដូចជា អសកម្ម​ចំពោះ​ក្រុម​ឧទ្ទាម​ជនជាតិ​ឃឺដ ដែល​តួកគី​ចាត់​ទុក​ជា​ក្រុម​ភេរវកម្ម​។

លោក​ប្រធានាធិបតី​រ៉េសិប តៃយីប អេរដូហ្គែន (Recep Tayyip Erdogan) បាន​លើក​ឡើង​ម្ដង​ទៀត​អំពី​ជំហរ​របស់​លោក ​ក្នុង​ការ​ជំទាស់​សំណើ​របស់​ប្រទេស​ទាំង​ ២ ​ដើម្បី​ចូល​ជា​សមាជិក​អង្គការ​ណាតូ​។ សមាជិក​បច្ចុប្បន្ន​ទាំង ៣០ របស់​អង្គការ​ណាតូ ត្រូវ​តែ​យល់ព្រម​ ដើម្បី​បើក​ទ្វារ​ឱ្យ​មាន​ការ​ចូល​សមាជិក​ថ្មី​។

លោក​ ​អេរដូហ្គែន​ បាន​ថ្លែង​ប្រាប់​​អ្នក​សារព័ត៌មាន​ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ប្រទេស​ស៊ុយអែត ​ប្រកាស​ថា ពួកគេ​នឹង​ចូល​រួម​ជាមួយ​ប្រទេស​ហ្វាំងឡង់ ​ក្នុង​ការ​ដាក់​ពាក្យ​ស្នើ​សមាជិកភាព​អង្គការ​ណាតូ ​ដែល​ជា​ការ​បញ្ចប់​ជំហរ​អព្យាក្រឹត្យ​ និង​មិន​ចូល​បក្ស​សម្ព័ន្ធ​ជាង​ ២០០ ​ឆ្នាំ​របស់​ខ្លួន បន្ទាប់​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​។ លោក​ចោទ​ប្រកាន់​ប្រទេស​ទាំង​ ២ ​បាន​បរាជ័យ ក្នុង​ការ​ធ្វើ​បត្យាប័ន «ភេរវករ» ដែល​រដ្ឋាភិបាល​លោក​ចង់​ចាប់​ខ្លួន​។ លោក​និយាយ​ថា​៖ «ប្រទេស​ទាំង ២ មិន​មាន​ជំហរ​បើក​ចំហ ឬ​ច្បាស់លាស់​ប្រឆាំង​អង្គការ​ភេរវករ​ទេ​»​។

ស៊ុយអែត​បាន​ឱ្យ​ដឹង​ថា ​ពួកគេ​នឹង​បញ្ជូន​ក្រុម​មន្ត្រី​ការទូត​ទៅ​កាន់​ក្រុង​អង់ការ៉ា ​ដើម្បី​ពិភាក្សា​លើ​បញ្ហា​នេះ​ ប៉ុន្តែ​លោក​អេរដូហ្គែន និយាយ​ថា ពួកគេ​កំពុង​ខ្ជះខ្ជាយ​ពេលវេលា​របស់​ពួកគេ​។ «តើ​ពួកគេ​មក​ព្យាយាម​មក​បញ្ចុះបញ្ចូល​យើង? សូមទោស​កុំ​ធ្វើ​ឱ្យ​ហត់​ខ្លួន​ឯង​» លោក​និយាយ​បែប​នេះ​ហើយ​បន្ត​ទៀត​ថា​៖ «យើង​មិន​អាច​និយាយ​ថា ''Yes'' (យល់ព្រម) ចំពោះ​អ្នក ដែល​ដាក់​ទណ្ឌកម្ម​លើ​តួកគី ជុំវិញ​ការ​ចូល​រួម​ជាមួយ​ណាតូ​នោះ​ទេ​»​។

ស៊ុយអែត​បាន​ទទួល​ជន​ភៀស​ខ្លួន​រាប់​សែន​ពី​មជ្ឈិមបូព៌ា​ ដែល​រួមមាន​ជនជាតិ​ឃឺដ​ជា​ច្រើន​មក​ពី​ប្រទេស​ស៊ីរី អ៊ីរ៉ាក់ និង​តួកគី​ផង​ដែរ​។ ជន​ភៀស​ខ្លួន​ឃឺដ​មួយ​ចំនួន ​គឺ​ជា​សមាជិក​នៃ​គណបក្ស​ពលករ​ឃឺដីស្ថាន​ (PKK) ដែល​មាន​គោល​បំណង​ផ្ដាច់​ខ្លួន​ ដើម្បី​បង្កើត​ប្រទេស​សម្រាប់​ជនជាតិ​ឃឺដ នៅ​លើ​ទឹកដី​តួកគី ស៊ីរី និង​អ៊ីរ៉ាក់​ ហើយ​ត្រូវ​បាន​តួកគី​ចាត់​ទុក​ជា​ក្រុម​ភេវរករ​។

យ៉ាង​ណា​មិញ​ប្រទេស​ស៊ុយអែត ​បាន​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​ និង​មិន​ចូល​បក្ស​សម្ព័ន្ធ ចាប់​តាំង​ពី​ការ​បញ្ចប់​សង្គ្រាម​ណាប៉ូឡេអុង​ កាល​ពី​ជាង​ ២០០​ ឆ្នាំ​មុន​។ នៅ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ ពួកគេ​បាន​ប្រកាន់​ជំហរ​នេះ​យ៉ាង​ម៉ឺង​មាត់​ តែ​បាន​បង្កើត​ទំនាក់​ទំនង​ជិត​ស្និត​ជាមួយ​ណាតូ​ បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​សហភាព​សូវៀត​។ ពួកគេ​ឈប់​ចាត់​ទុក​ខ្លួន​ឯង​ថា ​ប្រទេស​អព្យាក្រឹត្យ​បន្ទាប់​ពី​ការ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប កាល​ពី​ឆ្នាំ ១៩៩៥ ប៉ុន្តែ​នៅ​តែ​ប្រកាន់​ជំហរ​មិន​ចូល​បក្ស​សម្ព័ន្ធ​យោធា ​រហូត​ដល់​ពេល​ឥឡូវ​នេះ​៕

វីដេអូ៖