អតិផរណា​របស់​ជប៉ុន​​ក្នុង​ឆ្នាំ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើន​ឡើង​ដល់ ​២ ភាគរយ ពោល​គឺ​​ឡើង​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៣ ទសវត្សរ៍​ ដែល​មិន​ធ្លាប់​​​មាន​កំណើន​បែប​នេះ​ទាល់​តែ​សោះ​។

ការ​យល់​ឃើញ​របស់​អភិបាល​ធនាគារ​កណ្តាល​ជប៉ុន លោក Haruhiko Kuroda កាល​ពី​ខែ​មុន ​​ហាក់​ដូច​ជា​​ប្រឆាំង​នឹង​ការ​យល់​ឃើញ​របស់ លោក Jerome Powell ប្រធាន​ធនាគារ​កណ្តាល​​របស់​​សហរដ្ឋ​អាមេរិក​​ ដែល​ធ្លាប់​​ប្រាប់​សភា​ជប៉ុន​ថា​​ លោក​នឹង​ប្រកាន់​ខ្ជាប់​នូវ​​គោល​នយោបាយ​រូបិយវត្ថុ ដែល​ធូរ​រលុង​របស់​គាត់​ទាំង​ដែល​សហរដ្ឋអាមេរិក​ ត្រូវ​ប្រឈម​នឹង​ការ​កើន​ឡើង​អតិផរណា​អស់​រយៈពេល​ ១ ឆ្នាំ។

លោក Kuroda បាន​លើក​ឡើង​ថា​៖ «យើង​មិន​ចាំបាច់​រឹត​បន្តឹង​គោល​នយោបាយ​រូបិយវត្ថុ​ក្នុង​ការ​ឆ្លើយ​តប​នឹង​និន្នាការ​នៃ​ការ​កើន​ឡើង​អតិផរណា​ ដោយ​ធ្វើ​ឱ្យ​ផ្ទុយ​​ពី​និរន្តរភាព​មួយ​របស់​យើង​ទេ»​។

យោង​តាម​អ្នក​សេដ្ឋកិច្ច​ចំនួន ​១០ នាក់ ដែល​ត្រូវ​បាន​ស្ទង់​មតិ ដោយ Nikkei Asia អតិផរណា​ស្នូល​ក្នុង​​ប្រទេស​ជប៉ុន មិន​រាប់​បញ្ចូល​តម្លៃ​អាហារ​ស្រស់ ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​កើន​ឡើង​ដល់ ​២ ​ភាគរយ នៅ​ក្នុង​ខែ​មេសា និង​ពី​ ០,៨ ​ភាគរយ នៅ​ក្នុង​ខែ​មីនា ចំ​ពេល​មាន​កង្វះ​ទំនិញ​ទូទាំង​ពិភព​លោក បន្ទាប់ពី​ជំងឺ​រាតត្បាត​កូវីដ​ និង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។

ទិន្នន័យ​កាល​ពី​ថ្ងៃ​ចន្ទ បាន​បង្ហាញ​ដែរ​ថា តម្លៃ​លក់​ដុំ​របស់​ប្រទេស​ជប៉ុន​ បាន​កើន​ឡើង ១០ ភាគរយ ​នៅ​​ក្នុង​ខែ​មេសា ធៀប​នឹង​រយៈពេល​​ដូចគ្នា ​កាល​ពី​ឆ្នាំ​មុន ដែល​ជា​ការ​កើន​ឡើង​ដ៏​ធំ​បំផុត​ក្នុង​​រយៈពេល​ ៤០ ឆ្នាំ​កន្លង​មក​។

ការ​កើន​ឡើង ២ ភាគរយ នៅ​ក្នុង​​សន្ទស្សន៍​តម្លៃ​អ្នក​ប្រើប្រាស់​ គឺ​ជា​គោលដៅ​គោល​នយោបាយ​ដ៏​សំខាន់​របស់​ធនាគារ​​ជប៉ុន ខណៈ​ដែល​ខ្លួន​ព្យាយាម​​ទាញ​ប្រទេស​ឱ្យ​ងាក​ចេញ​ពី​បរិត្ត​ផរណា ប៉ុន្តែ​ធនាគារ​កណ្តាល និង​អ្នក​សេដ្ឋកិច្ច​​វិស័យ​ឯកជន​ភាគ​ច្រើន​ព្យាករ​ថា ការ​ធ្វើ​ដូច្នោះ នឹង​ធ្វើ​ឱ្យ​កំណើន​មាន​​តែ​ក្នុង​រយៈពេល​ខ្លី​​ ហើយ​ប្រទេស​ជប៉ុន នឹង​វិល​ត្រឡប់​ឆ្ពោះ​ទៅ​​រក​បដិផរណា​វិញ​។

ប្រភព​ដដែល​ ក៏​បាន​​ចង្អុល​ពី​​សម្ពាធ​ប្រាក់​ឈ្នួល ដែល​ចុះ​ខ្សោយ​ជា​បន្តបន្ទាប់​នៅ​​ក្នុង​ប្រទេស​ជប៉ុន និង​​​បរិត្ត​ផរណា​បន្សល់​ដោយ​វិធាន​ខាង​លើ​ ដែល​នឹង​​ប៉ះពាល់​យ៉ាង​​ខ្លាំង​​​​ដល់​​ប្រតិកម្ម​របស់​ប្រជាជន​ស្ដីពី​ការ​​​កើន​ឡើង​តម្លៃ​ ដែល​ពួក​គេ​បាន​ឃើញ។

ប្រាក់​ឈ្នួល​ជា​មធ្យម​បាន​កើន​ឡើង​ត្រឹមតែ​ ​០,៣ ភាគរយ ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​​យោង​តាម​ការ​ស្ទង់​មតិ​របស់​ក្រសួង​ការងារ​ ខណៈ​ដែល​ការ​ចរចា​ប្រចាំ​ឆ្នាំ ដែល​មាន​ពាក់ព័ន្ធ​នឹង​​សាជីវកម្ម​ធំៗ​បាន​ផ្តល់​ការ​​បង្កើន​ប្រាក់​ឈ្នួល​ត្រឹមតែ​​ ១,៨៦ ភាគរយ​ប៉ុណ្ណោះ ដែល​ចំនួន​នេះ​ បាន​ធ្លាក់​ចុះ​ប្រមាណ​ ២ ភាគរយ​ ពោល​គឺ​ជា​ការ​ធ្លាក់​ចុះ​លើក​ដំបូង​ក្នុង​រយៈពេល ៨ ​ឆ្នាំ។

យ៉ាងណា​មិញ ទាំង​ធនាគារ-​ជប៉ុន​ និង​អ្នក​សេដ្ឋ​កិច្ច​វិស័យ​​​ឯកជន​ដោយ​ភាគ​ច្រើន​បាន​រំពឹង​ថា​ នឹង​​មាន​ការ​​កើន​​ឡើង​​បន្តិច​ម្តងៗ​។​ ធនាគារ​ជប៉ុន​បាន​ព្យាករ​ថា​ អតិផរណា​ស្នូល​នឹង​កើន​ជា​​មធ្យម​ ១,៩ ​ភាគរយ​នៃ​​សារពើពន្ធ ឆ្នាំ​ ២០២២​​ ហើយ​​ថយចុះ​ ១,១ ​ភាគរយ នៃ​​សារពើពន្ធ ក្នុង​ឆ្នាំ​ ២០២៣ និង​ឆ្នាំ ២០២៤​។

លោក Ryutaro Kono ប្រធាន​សេដ្ឋវិទូ​ជប៉ុន​ក្រុមហ៊ុន​​ពាណិជ្ជជប៉ុន​​ ​BNP Paribas មាន​លើក​ឡើង​ថា​៖ «​​​បរិត្តផរណា​​មាន​ភាព​ស៊ី​ជម្រៅ​​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ដែល​វិស័យ​គ្រួសារ​មាន​ទំនោរ​ប្រតិកម្ម​ការពារ​ ចំពោះ​​ការ​កើន​ឡើង​តម្លៃ និង​បន្ថយ​ចំនួន​ការ​​ប្រើប្រាស់​។ អាជីវកម្ម​នានា​ ដែល​​ខ្លាច​​​បាត់បង់​​​​ការ​​លក់ ចៀស​វាង​​​ការ​​​ចំណាយ​ ដោយ​កាត់​បន្ថយ​​​​​ប្រាក់​ឈ្នួល​​​​​បុគ្គលិក​ ឬ​​​​ប្រាក់​​​​ចំណេញ​»​។​

រដ្ឋាភិបាល​​របស់​នាយករដ្ឋមន្រ្តី​លោក​ ​Fumio Kishida ទំនង​ជា​គាំទ្រ​ទស្សនៈ​របស់​ធនាគារ​ជប៉ុន​។ នៅ​ថ្ងៃទី​ ២៦ ខែ​មេសា ស្ថាប័ន​ដដែល​ បាន​ប្រកាសថា​​ ទឹក​ប្រាក់​​ $៤៨,២ ​ពាន់​លាន នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​វិធាន​ការ​គាំទ្រ​សេដ្ឋកិច្ច​ក្នុង​គោល​បំណង​កាត់​បន្ថយ​ផល​ប៉ះពាល់​​អតិផរណា ដោយ​អនុវត្ត​គម្រោង​រយៈពេល​ខ្លី​នានា ដោយ​រួមមាន​ការ​បញ្ចុះ​តម្លៃ​ប្រេងសាំង​​រហូត​​ដល់​ខែ​កញ្ញា និង​ការ​​ផ្តល់​សាច់​ប្រាក់​តែ​ម្តង​​ទៅ​គ្រួសារ ដែល​មាន​ចំណូល​​​ទាប​។

សេដ្ឋវិទូ​ផ្នែក​ឯកជន​បាន​​ព្យាករ​ជា​មធ្យម​ថា អតិផរណា​នឹង​ឡើង​ដល់​កម្រិត ២,២ ​ភាគរយ ក្នុង​ខែ​តុលា បន្ទាប់​មក​នឹង​ធ្លាក់​​ចុះ​ក្រោម​ ២ ​ភាគរយ​ទៀត ​នៅ​ក្នុង​ខែ​​មករា ដល់​ខែ​មីនា។ ដោយ​ឡែក​ សារពើពន្ធ​សម្រាប់​ឆ្នាំ​ ២០២៣ ត្រូវ​បាន​​​គេ​ធ្វើ​ការ​ប៉ាន់ស្មាន​ថា នឹង​មាន​អតិផរណា​ជា​មធ្យម​ ០,៨ ​ភាគរយ។

លោក Yoshiki Shinke ដែល​ជា​សេដ្ឋវិទូ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ Dai-ichi Life បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ «មាន​ផលិតផល​ជាច្រើន ដែល​​ផលិត​ចេញ​ពី​ស្រូវ​សាលី ដូចជា​នំបុ័ង និង​គុយទាវ​ជាដើម ហើយ​តម្លៃ​របស់​​វា​នឹង​កើន​ឡើង​បន្ថែម​ទៀត ​នា​រដូវ​​ស្លឹកឈើ​ជ្រុះ​​»៕