ក្រសួង​ការ​បរទេស​អាមេរិក​​ប្រកាស​ថា​ សហរដ្ឋ​អាមេរិក​​បើក​ស្ថាន​ទូតនៅ​​ទីក្រុង​កៀវ​ឡើង​វិញ​ ជិត​ ៣​ ខែ​បន្ទាប់​ពី​ការ​ផ្អាក​ការងារ​ និង​ការ​ដក​អ្នក​ការ​ទូត​របស់​ខ្លួន​ពី​​រដ្ឋ​ធានី​របស់​អ៊ុយក្រែន​ មុន​ពេល​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ចាប់​ផ្ដើម​នៅ​ចុង​ខែ​កុម្ភៈ​។​​

រដ្ឋ​មន្រ្តី​ការ​បរទេស​លោក​ អង់ថូនី​ ប្ល៊ីងខិន​ ​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ពុធ​ថា​៖​ «​ប្រជាជន​អ៊ុយក្រែន​ ដោយ​មាន​ជំនួយ​ផ្នែក​សន្តិសុខ​របស់​យើង​ បាន​ការពារ​មាតុភូមិ​របស់​ពួក​គេ​ ប្រឈម​មុខ​នឹង​ការ​ឈ្លាន​ពាន​ដោយ​មិន​ដឹង​ខ្លួន​របស់​រុស្ស៊ី​»​។​ លោក​បន្ត​ថា​ ជា​លទ្ធផល​ សហរដ្ឋ​អាមេរិក​បើក​ស្ថាន​ទូត​របស់​ខ្លួន​នៅ​រដ្ឋ​ធានី​កៀវ​ឡើង​វិញ​។​​

ខណៈ​សង្គ្រាម​នៅ​អ៊ុយក្រែន​​បន្ត​ លោក​ ​ប្ល៊ីងខិន និយាយ​ថា​ សហរដ្ឋ​អាមេរិក​នឹង​អនុវត្ត​ «​វិធាន​ការ​បន្ថែម​ដើម្បី​បង្កើន​សុវត្ថិភាព​របស់​សហសេវិក​របស់​យើង​ដែល​កំពុង​ត្រឡប់​ទៅ​​រដ្ឋ​ធានី​កៀវវិ​ញ​ហើយ​​ពង្រឹង​វិធានការ​សន្តិសុខ​ និង​ពិធីការ​របស់​យើង​»​។​

សហរដ្ឋ​អាមេរិក​បាន​បញ្ជា​ឱ្យ​ក្រុម​គ្រួសារ​របស់​បុគ្គលិក​ការ​ទូត​អាមេរិក ​នៅ​ទីក្រុង​កៀវ​ចាក​ចេញ​ពី​ប្រទេស ​កាល​ពី​ថ្ងៃ​ទី​ ២៣ ខែ​មករា​ ចំ​ពេល​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ថា​ ទាហាន​រុស្ស៊ី​ដែល​ប្រមូល​ផ្តុំ​​តាម​ព្រំដែន​អ៊ុយក្រែន ​ហៀប​នឹង​ឈ្លាន​ពាន​។​​រុស្ស៊ី​​​បើក​​កា​រ​​ឈ្លាន​​ពាន ​​​​​នៅ​​ថ្ងៃ​​​ទី​ ២៤ ​ខែ​​កុម្ភៈ​ ហើយ​​ប៉ុន​ប៉ង​​ដណ្តើម​​យក​​រដ្ឋ​ធានី​កៀវ​។ ​ប៉ុន្មាន​ថ្ងៃ​មុន​នោះ​បុគ្គលិក​ស្ថាន​ទូត​អាមេរិក ​ដែល​នៅ​សេស​សល់​​ បាន​ផ្លាស់​ប្តូរ​ទី​លំនៅ​ទៅ​​ប៉ូឡូញ​ ដែល​សមាជិក​អង្គការ​ណាតូ​។​

ក្រោយ​កង​កម្លាំង​របស់​ខ្លួន​បរាជ័យ​ក្នុង​ការ​ដណ្តើម​យក​ទីក្រុង​កៀវ​​រុស្ស៊ី​ផ្លាស់ប្តូរ​តំបន់​វាយ​លុក​របស់​ខ្លួន​ទៅ​កាន់​តំបន់​ដុនបាស​ភាគ​ខាង​កើត​​អ៊ុយក្រែន​វិញ​។​ រាប់​តាំង​ពី​ការ​ឈ្លាន​ពាន​ចាប់​ផ្ដើម​ជន​ស៊ីវិល​រាប់​ពាន់​នាក់​ត្រូវ​បាន​សម្លាប់​ និង​ជាង ​៥​ លាន​នាក់​​បង្ខំ​ឱ្យ​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​​​។​ អង្គការ​សហប្រជាជាតិ​​​កត់ត្រា​​ជន​រងគ្រោះ​​​ស៊ីវិល​​ចំនួន​ ៧ ០៦១​ នាក់​ ស្លាប់​ ៣ ៣៨១ ​នាក់​។

លោក​ ប្ល៊ីងខិន ​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថ្ងៃ​ពុធ​ថា​៖​ «​សង្គ្រាម​កំពុង​បន្ត​។​​កង​កម្លាំង​របស់​រុស្ស៊ី​​ធ្វើ​ឱ្យ​មាន​ការ​ស្លាប់​ និង​ការ​បំផ្លិច​បំផ្លាញ​នៅ​លើ​ដី​អ៊ុយក្រែន​​រាល់​ថ្ងៃ​។​ជាមួយ​នឹង​គោល​បំណង​ដ៏​រឹង​មាំ ​យើង​បញ្ជាក់​ឡើង​វិញ​នូវកា​រ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​ប្រជាជន​ និង​រដ្ឋាភិបាល​នៃ​ប្រទេស​អ៊ុយក្រែន​ ហើយ​យើង​ទន្ទឹង​រង់​ចាំ​អនុវត្ត​បេសកកម្ម​របស់​យើង​ពី​ស្ថាន​ទូត​អាមេរិក​នៅ​ទីក្រុង​កៀវ​»​។​​

លោក​ប្រធានាធិបតី​​ ចូ ​បៃដិន ​បាន​​តែង​តាំង​អ្នក​ស្រី​ Bridget Brink ​​​មន្ត្រី​​បម្រើការ​​បរទេស​​​​សហរដ្ឋ​​អាមេរិក​​ឲ្យ​​​ធ្វើ​​​ជា​​ឯក​អគ្គរដ្ឋ​ទូត​​ប្រចាំ​​ប្រទេស​​អ៊ុយក្រែន​។​អ្នក​ស្រី​ Brink ​ស្គាល់​​តំបន់​​នេះ​​យ៉ាង​​ច្បាស់​ ដែលចុង​ក្រោយ​នេះ​​​អ្នក​ស្រី​​​បម្រើការ​​ជា​​ឯក​អគ្គរដ្ឋទូត​​ប្រចាំ​​ប្រទេស​​ស្លូវ៉ាគី​៕

ហួន​ ឌីណា​ ​​​

វីដេអូ៖