ការ​ត្រឡប់​មក​វិញ​នៃ​អំណាច​របស់​លោក​នាយក រដ្ឋមន្ត្រី​ លី កេឈាង​ គឺ​ជា​ប្រធានបទ​ដ៏​ក្ដៅ​មួយ​នៅ​ក្នុង​ប្រទេស​ចិន​។

បើ​តាម​ប្រពៃណី​នាយក​រដ្ឋមន្ត្រី​​ចិន​មាន​អំណាច​ផ្ដាច់​មុខ​លើ​គោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច​ ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល​។ តែ​​រយៈពេល​ ៩ ​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​ប្រធានាធិបតី​ ស៊ី ជីនភីង បាន​ប្រមូល​ផ្ដុំ​អំណាច​ទាំង​នេះ​ ក្នុង​កណ្ដាប់​ដៃ​របស់​លោក ធ្វើ​ឱ្យ​លោក​ លី​ មាន​អំណាច​តែ​ឈ្មោះ​ប៉ុណ្ណោះ​។ ប៉ុន្តែ​តុល្យភាព​អំណាច​បាន​ផ្លាស់​ប្ដូរ​ខ្លាំង ​ក្នុង​រយៈពេល ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។

កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន​គេ​មាន​ភាព​ភ្ញាក់ផ្អើល​នៅ​ពេល​កាសែត People''s Daily របស់​គណបក្ស​កុម្មុយនីស្ត​ចិន​ ចេញ​ផ្សាយ​អត្ថបទ​ពេញ​នៃ​សុន្ទរកថា​ ដែល​ថ្លែង​ដោយ​លោក ​លី កាល​ពី​ ៣ ​​សប្ដាហ៍​មុន​នោះ​។

ក្នុង​ការ​ថ្លែង​សុន្ទរកថា ​កាល​ពី​​ថ្ងៃទី ២៥ ខែ​មេសា​ លោក​ លី​ បាន​និយាយ​ស្រប​តាម​គោលនយោបាយ​ចម្បង​របស់​លោក ស៊ី​ ពី​ការ​កម្ចាត់​អំពើ​ពុក​រលួយ​។ តែ​ការ​ពិនិត្យ​មើល​ស៊ី​ជម្រៅ​បង្ហាញ​អំពី​ធាតុ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​។

នៅ​លើ​ទូទាំង​ការ​ថ្លែង​សុន្ទរកថា​នេះ​ លោក​​លើក​ឡើង​អំពី​វិធានការ ​ដើម្បី​កសាង​សេដ្ឋកិច្ច​ឡើង​វិញ ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​យន្តការ​ទីផ្សារ​ ការ​កាត់​បន្ថយ​បន្ទុក​ពន្ធ ការ​គាំទ្រ​ដល់​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម និង​ការ​បង្កើត​ការងារ​។

គំនិត​ទាំង​នេះ ​គឺ​ជា​សសរស្ដម្ភ​នៃ​ «លីកូណូមិច» ឬ​សេដ្ឋកិច្ច​ លី​និយម​ ដែល​ជា​ពាក្យ​​បង្កើត​ឡើង​ដើម្បី​ពិពណ៌នា​អំពី​អាទិភាព​គោលនយោបាយ​របស់​លោក​ លី កាល​ពី​ចូល​កាន់​អំណាច​ដំបូង​។​ «លីកូណូមិច» ត្រូវ​បាន​គេ​ទុក​ចោល​ក្នុង​រយៈ​ពេល​ ៩ ​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​​លោក​ ស៊ី​ ដណ្ដើម​អំណាច​គោល​នយោបាយ​​សេដ្ឋកិច្ច​ពី​លោក​ លី​។

តែ​ការ​ថ្លែង​សុន្ទរកថា​នេះ និង​ការ​ចេញ​ផ្សាយ​លើ​កាសែត​ផ្លូវ​ការ​បែប​នេះ​ ​គឺ​ជា​សញ្ញា​​បង្ហាញ​ថា​ «លីកូណូមិច» នឹង​ធ្វើ​ការ​វិល​ត្រឡប់​មក​វិញ​ឆាប់ៗ​នេះ​។

ល្បះ​គួរ​ឱ្យ​កត់​សម្គាល់​មួយ​គឺ​៖ «ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​​មូលដ្ឋាន​របស់​រដ្ឋាភិបាល​គ្រប់​លំដាប់​ថ្នាក់ ហើយ​ក៏​ជា​តម្រូវ​ការ​ចាំ​បាច់​សម្រាប់​ការ​កែ​លម្អ​ឥរិយាបថ​របស់​គណបក្ស និង​ការ​កសាង​រដ្ឋាភិបាល​ស្អាត​»​។

ក្នុង​ល្បះ​នេះ​ លោក​ លី ​បាន​និយាយ​អំពី​របៀប​នៃ​ការ​ដឹកនាំ​គណបក្ស​កុម្មុយនីស្ត​ចិន​ ដែល​ជា​ការ​ឈាន​ជើង​ចូល​ទៅ​ក្នុង​អំណាច​បុព្វសិទ្ធិ​របស់​លោក ​ស៊ី ក្នុង​នាម​ជា​អគ្គលេខា​បក្ស​។

ចំណុច​គួរ​កត់​សម្គាល់​ ១ ​ទៀត​គឺ​ថា​ លោក ​លី មិន​បាន​និយាយ​អ្វី​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​កូវីដ​សូន្យ​របស់​លោក​ ស៊ី​ ទេ ទោះបី​ជា​គោលនយោបាយ​នេះ​ត្រូវ​បាន​បញ្ជាក់​ជា​ថ្មី​ ដោយ​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​ការិយា​ល័យ​នយោបាយ​ ដែល​ជា​ស្ថាប័ន​សម្រេច​ចិត្ត​កំពូល​របស់​គណបក្ស​កុម្មុយនីស្ត​។

ការ​ចៀស​វាង​នេះ ​អាច​ដោយសារ​​​ប៉ះពាល់​សេដ្ឋកិច្ច​ ដែល​បង្ក​ពី​​គោលនយោបាយ​ដ៏​តឹងរ៉ឹង​នេះ​។ ផលិតកម្ម​ឧស្សាហកម្ម​ និង​ទីផ្សារ​លក់​រាយ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ បើ​ប្រៀប​ធៀប​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ​។ ផល​ប៉ះពាល់​ទាំង​នេះ​ បាន​បន្ថែម​ពី​លើ​ផល​ប៉ះពាល់​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​លើ​វិស័យ​បច្ចេកវិទ្យា​ អចលនទ្រព្យ និង​សាលា​រៀន​គួរ​ ក្រោម​គោលនយោបាយ «វិបុលភាព​រួម​» របស់​លោក ​ស៊ី​។

ព្រឹត្តិការណ៍​ទាំង​នេះ​ ​ធ្វើ​ឱ្យ​អ្នក​វិភាគ​ជា​ច្រើន​គិត​ថា​ គណបក្ស​កុម្មុយនីស្ត​ចិន​បាន​ធ្វើ​កំណែ​ទម្រង់​ផ្ទៃ​ក្នុង​ ចាប់​តាំង​ពី​ខែ​មេសា​ នៅ​ពេល​ដែល​គេ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា ​សេដ្ឋកិច្ច​ចិន​ចាប់​ផ្ដើម​បាត់បង់​សម្ទុះ​។

ការ​ចេញ​ផ្សាយ​របស់​​ People''s Daily នូវ​សុន្ទរកថា​​របស់​លោក​ លី ​បង្ហាញ​សញ្ញា​អំពី​ការ​ផ្លាស់​ប្ដូរ​វិធី​នៃ​ការ​បង្កើត​គោល​នយោបាយ​របស់​​ចិន​ពី​អំណាច​ឯកតោភាគី​របស់​លោក​ ស៊ី​ ទៅ​ជា​​កិច្ច​សហប្រតិបត្តិការ​ដឹកនាំ​ដោយ​លោក ​លី​។

តែ​គេ​ព្យាករ​ថា ​លោក​ ស៊ី ​មិន​ចៀស​ផុត​ដោយ​ងាយៗ​ទេ​ ​ក្នុង​អ្វី​ដែល​គេ​មើល​ឃើញ​ថា​ ជា​ការ​វាយ​ប្រហារ​តវិញ​ គណៈកម្មការ​​​កំណែ​ទម្រង់​ និង​អភិវឌ្ឍន៍ជាតិ​ (NDRC) ដែល​ដឹកនាំ​ដោយ​ជំនិត​របស់​លោក ​ស៊ី​ គឺ​លោក​ ហឺ លីហ្វឹង​ ​ចាប់​ផ្ដើម​ចេញ​ផ្សាយ​ទស្សនាវដ្ដី​ថ្មី​ ១ មាន​ចំណង​ជើង​​ថា​ «ការ​សិក្សា​លើ​ការ​គិត​សេដ្ឋកិច្ច​របស់​ ស៊ី ជីនភីង»​។

ដោយ​កំណត់​​ថា ​សេដ្ឋកិច្ច​ជា​ផ្នែក​មួយ​នៃ «ការ​គិត» របស់​លោក​ ស៊ី NDRC បាន​ឱ្យ​សញ្ញា​ថា​ ពួក​គេ​គាំទ្រ​ការ​គ្រប់គ្រង​របស់​លោក​ ស៊ី ​ទៅ​លើ​សេដ្ឋកិច្ច​ជាជាង​លោក​ លី​។

ជាមួយ​គ្នា​នេះ ​ក្រុម​អ្នក​គាំទ្រ​លោក​ ស៊ី​ ​ព្យាយាម​ដាក់​សម្ពាធ​លើ និង​កាត់​បន្ថយ​ឥទ្ធិពល​របស់​សម្ព័ន្ធ​យុវជន​កុម្មុយនីស្ត​ ដែល​ជា​មូលដ្ឋាន​អំណាច​របស់​លោក​ លី និង​រៀម​ច្បង​របស់​លោក ​គឺ​អតីត​ប្រធានាធិបតី​ចិន​លោក ​ហ៊ូ ជីនតាវ។

សម្ព័ន្ធ​នេះ​បាន​ឈាន​ដល់​ចំណុច​កំពូល​របស់​ពួក​គេ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ ហ៊ូ ប៉ុន្តែ​ធ្លាក់​ចុះ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ ស៊ី​។ ខួប​ទី​៩០ របស់​ពួក​គេ​ កាល​ពី​ឆ្នាំ​ ២០១២ ​ត្រូវ​បាន​ប្រព្រឹត្ត​នៅ​សាល​ប្រជុំ​ធំ​នៃ​មហាសាល​ប្រជាជន​។ ប៉ុន្តែ​ខួប​ទី១០០ ត្រូវ​បាន​រៀប​ចំ​នៅ​សាល​តូច​ ដោយ​ចំនួន​អ្នក​ចូលរួម​ត្រូវ​​កាត់​បន្ថយ​យ៉ាង​ខ្លាំង​។

ការ​ធ្លាក់​ចុះ​សម្ព័ន្ធ​យុវជន ​​ក៏​លេច​ឡើង​ក្នុង​តួ​លេខ​ផង​ដែរ។ សមាជិកភាព​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ​បន្ទាប់​ពី​​រីក​ចម្រើន​ជា​លំដាប់​​ច្រើន​ឆ្នាំ ​រហូត​ដល់​សម័យ​លោក ហ៊ូ​។ សមាជិកភាព​របស់​ពួក​គេ​នៅ​ឆ្នាំ​ ២០១២ គឺ​ ៨៩,៩ លាន​នាក់ ច្រើន​ជាង​សមាជិក​បក្ស​កុម្មុយនីស្ត​ទៅ​ទៀត​ ដែល​កាល​នោះ​មាន​តែ​ ៨៥,៥ លាន​ប៉ុណ្ណោះ​។ តែ​នៅ​ឆ្នាំ ២០២១ សមាជិកភាព​សម្ព័ន្ធ​ធ្លាក់​មក​ត្រឹម​ ៧៣,៧១ ​​លាន​។

ក្នុង​ឆ្នាំ​ ២០១៦ រដ្ឋបាល​លោក​ ស៊ី​ បាន​ប្រកាស​ផែនការ​កំណែ​ទម្រង់​ធ្ងន់ធ្ងរ សម្រាប់​គណៈកម្មាធិការ​កណ្ដាល​នៃ​សម្ព័ន្ធ​យុវជន ដោយ​បាន​រិះគន់​អ្វី​ដែល​ខ្លួន​បាន​និយាយ​ថា ​បញ្ហា​ធំ​ចំនួន ​៤ របស់​គណៈកម្មាធិការ​រួម​ទាំង​ការ​ប្រកាន់​យក «លទ្ធិ​អភិជន​និយម​» និង​ការ​ផ្ដោត​លើ «ការ​កម្សាន្ត​» ខ្លាំង​ពេក​។

សម្រាប់​លោក​ ស៊ី​ សម្ព័ន្ធ​នេះ​​ គឺ​ជា​គូ​ប្រជែង​ឥទ្ធិពល​នយោបាយ​​​ដ៏​ធំ​ ១​។ តែ​ការ​ធ្លាក់​ចុះ​នេះ​ និង​ការ​កើន​ឡើង​របស់​លោក​ លី ​គឺ​រលក​ផ្ទុយ​​ក្នុង​បក្ស​​ ដែល​អាច​បង្ក​ឱ្យ​មាន​ព្រឹត្តិការណ៍​ប្រជែង​ទាញ​ព្រ័ត្រ​​ក្នុង​សមាជ​គណបក្ស​​នៅ​ចុង​ឆ្នាំ​នេះ​។

គេគិត​ថា លោក​ លី ស្ថិត​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នៃ​តំណែង​នាយក​រដ្ឋមន្ត្រី​។ តែ​អ្នក​វិភាគ​មួយ​ចំនួន​ថា​ លោក​នៅ​អាច​ប្រជែង​យក​តំណែង​ដ៏​មាន​ឥទ្ធិពល​ណា​មួយ​ក្នុង​សមាជ​ខាង​មុខ ខណៈ​លោក​មិន​ទាន់​ដល់​អាយុ​ចូល​និវត្តន៍​។ ការ​ប្រជែង​នេះ​អាច​ជា​បញ្ហា​ធំ​ដ៏​មួយ​សម្រាប់​លោក ​ស៊ី ដែល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បាន​កាន់​អំណាច​ដោយ​មិន​មាន​ការ​ប្រជែង​៕

វីដេអូ៖