សេដ្ឋកិច្ច​ពិភពលោក​​កំពុង​ឈាន​​ចូល​ដល់​ដំណាក់​​កាល​អាប់អួ ដោយសារ​​ទំនិញ​​ឡើង​ថ្លៃ​ កង្វះ​ស្បៀង​អាហារ និង​ការ​ខ្វះខាត​ទំនិញ​ផ្សេងៗ​ទៀត ​ព្រម​ទាំង​​ការ​​ឈ្លានពាន​លើ​អ៊ុយក្រែន​ពី​ប្រទេស​រុស្ស៊ី ដែល​នៅ​តែ​បន្ត​មាន​ បាន​គំរាម​កំហែង​ដល់​កំណើន​សេដ្ឋកិច្ច​ និង​នាំ​ឱ្យ​មាន​​វិបត្តិជា​​សកល​​។

ជំងឺ​រាត​ត្បាត​ដែល​បាន​យាយី​​អស់​រយៈពេល​ ២ ​ឆ្នាំ​កន្លង​ បាន​បន្សល់​នូវ​បញ្ហា​ប្រឈម​ជា​បន្ត​​​បន្ទាប់ រួម​ទាំង​បញ្ហា​ស្ទះ​​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ ការ​បិទ​ខ្ទប់​នៅ​ប្រទេស​ចិន​ និង​វិបត្តិ​ថាមពល ក្រោយ​ប្រទេស​នានា​ផ្តាច់​ខ្លួន​ចេញ​ពី​ការ​ផ្គត់ផ្គង់​​ប្រេង និង​ឧស្ម័ន​របស់​រុស្ស៊ី​​។​ វិបត្តិ​ទាំង​នេះ បណ្ដាល​ឱ្យ​អ្នក​សេដ្ឋកិច្ច​​មួយ​ចំនួន​ចាប់​ផ្តើម​បារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច​សកល ​ខណៈ​ប្រទេស​​ដទៃ​ស្វះស្វែង​រក​វិធី​ដើម្បី​ដោះស្រាយ​វិបត្តិ​ទាំង​នេះ​​។​

រដ្ឋលេខាធិការ​រតនាគារ​ជាតិ លោកស្រី​ Janet L. Yellen បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ​កាល​ពី​ថ្ងៃ​ពុធ​ថា ការ​កើន​ឡើង​​​នៃ​តម្លៃ​អាហារ និង​ថាមពល កំពុង​បង្កើន​សម្ពាធ​ដល់​​ការ​ចំណាយ និង​ទិន្នផល​សេដ្ឋកិច្ច​ និង​បង្កើត​នូវ​អ្វី ដែល​លោកស្រី​ហៅ​​ថា​ «ឥទ្ធិពល​ជាប់​គាំង​សេដ្ឋកិច្ច​» នៅ​ជុំវិញ​ពិភព​លោក។

លោកស្រី Yellen បាន​មាន​ប្រសាសន៍​ថា​៖ «នេះ​ គឺ​ជា​បរិយាកាស ដែល​ពោរពេញ​ទៅ​ដោយ​ហានិភ័យ​ ដោយ​​ទាក់ទង​ទាំង​អតិផរណា និង​ការ​ធ្លាក់​ចុះ​ ដែល​អាច​នឹង​កើត​មាន​ផង​ដែរ​»។

ក្រោយ​លោក​ខាង​លិច​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​​ និង​បណ្ដាល​ឱ្យ​មាន​វិបត្តិ​ថាមពល​ទូទាំង​ពិភព​លោក អ្នក​បង្កើត​គោល​នយោបាយ​កំពុង​ធ្វើ​ឱ្យ​មាន​តុល្យភាព​​​រវាង​ដំណោះស្រាយ​​ដ៏​ទន់ភ្លន់​ ធ្វើ​យ៉ាងណា​​ឱ្យ​រុស្ស៊ី​ឯកោ​ ​គាំទ្រ​អ៊ុយក្រែន​​ ​និង​រក្សា​សេដ្ឋកិច្ច​ផ្ទាល់​ខ្លួន​របស់​ពួក​​គេ​មិន​ឱ្យ​ប៉ះពាល់​​។​

ខណៈ​ធនាគារ​កណ្តាល​​នៅ​ជុំវិញ​ពិភព​លោក កំពុង​ចាប់​ផ្តើម​​ដំឡើង​​អត្រាការ​​ប្រាក់ ដើម្បី​ជួយ​ទប់ទល់​នឹង​អតិផរណា​​យ៉ាង​ឆាប់​រហ័ស​ ការ​ផ្លាស់ប្តូរ​នេះ​​ នឹង​រារាំង​កំណើន​សេដ្ឋកិច្ច ដោយការ​បង្កើន​ថ្លៃ​ដើម​កម្ចី និង​អាច​នាំ​ទៅ​រក​ភាព​អត់​ការងារ​កាន់​តែ​ខ្ពស់​។

លោកស្រី Christine Lagarde ដែល​ជា​ប្រធាន​ធនាគារ​កណ្តាល​អឺរ៉ុប ​​កាល​ពី​សប្តាហ៍​មុន បាន​បង្ហាញ​ពី​ការ​កើន​ឡើង​​អត្រាការ​ប្រាក់​ ដែល​អាច​កើត​មាន​នៅ​ក្នុង​ខែ​កក្កដា ដែល​នឹង​ក្លាយជា​ការ​ផ្លាស់ប្តូរ​លើក​ដំបូង​របស់​ធនាគារ​កណ្ដាល​អឺរ៉ុប​ក្នុង​រយៈពេល​ជាង​ ១ ​ទសវត្សរ៍​កន្លង​មក​។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​​ព្យាករ​ក្នុង​ខែ​មេសា​ថា កំណើន​សេដ្ឋកិច្ច​ពិភព​លោក​នឹង​​ថយ​ចុះ​មក​ត្រឹម ​៣,៦​%​ នៅ​ឆ្នាំ​នេះ​ ពោល​ធ្លាក់ចុះ​​ពី ​៤,៤% ជា​ការ​ព្យាករ​​ មុន​ពេល​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន និង​ការ​បិទខ្ទប់​ប្រទេស​​ចិន។

គណៈកម្មការ​អឺរ៉ុប​បាន​​ចេញ​ផ្សាយ​ការ​ព្យាករ​​សេដ្ឋកិច្ច ដែល​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ដល់​ ២,៧ % ​នៅ​ឆ្នាំ​នេះ​​ ធ្លាក់​ចុះ​ពី ៤% ក្នុង​របាយការណ៍ នា​រដូវ​រងា​របស់​ខ្លួន​។ ទន្ទឹម​នឹង​នេះ អតិផរណា​ក៏​​ត្រូវ​បាន​គេ​រំពឹង​ថា​ កើន​ឡើង​ជា​មធ្យម ៦,៨​% នៅ​ឆ្នាំ​នេះ។​

ការិយាល័យ​ស្ថិតិ​ជាតិ​បាន​និយាយ​​កាល​ពី​ថ្ងៃ​ពុធ​ថា ​អត្រា​អតិផរណា​ប្រចាំ​ឆ្នាំ​​របស់​ចក្រភព​អង់គ្លេស​កើន​ឡើង​ដល់​ ៩% កាល​ពី​ខែ​មុន ដែល​ជា​កម្រិត​ខ្ពស់​បំផុត ក្នុង​រយៈពេល ​៤០ ឆ្នាំ​កន្លង​មក​នេះ​។ ហើយ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត​មួយ​ចំនួន​ ក៏​កំពុង​ប្រឈម​នឹង​ការ​ឡើង​ថ្លៃ​ខ្លាំង​ជាង​មុន ​ដោយ​ប្រទេស​ប៉ូឡូញ អេស្តូនី សា.ឆែក​ ប៊ុលហ្គារី និង​លីទុយអានី សុទ្ធ​តែ​ប្រឈម​នឹង​អត្រា​អតិផរណា​លើស​ពី​ ១១ ​ភាគរយ។

ដោយ​ឡែក​ សម្ពាធ​លើ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ពិភព​លោក​ ក៏​កាន់​តែ​អាក្រក់​ទៅៗ​ក្នុង​ខែ​មេសា​ផង​ដែរ ដោយសារ​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន និង​ការ​បិទខ្ទប់ ដើម្បី​ទប់ស្កាត់​ជំងឺ​រាត​ត្បាត​នៅ​​ចិន​ បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​នានា កាន់​តែ​ពិបាក​សម្រាប់​​ប្រភព​គ្រឿង​បន្លាស់​​ និង​ផលិតផល​ទូទាំង​ពិភព​លោក​។ នេះ​បើ​យោង​តាម​សន្ទស្សន៍​ខ្សែ​ចង្វាក់​​ផ្គត់ផ្គង់ ដែល​បាន​ចេញ​ផ្សាយ កាល​ពី​ថ្ងៃ​ពុធ បាន​ឱ្យ​ដឹង​ថា ធនាគារ​កណ្តាល​នៃ​ទីក្រុង​ញូវយ៉ក​បង្ហាញ​​ថា បញ្ហា​នេះ​នឹង​កាន់​តែ​ធ្វើ​ឱ្យ​មាន​កង្វះ​ខាត​ការ​​ផ្គត់ផ្គង់​ និង​តម្លៃ​ឡើង​ថ្លៃ​កាន់​តែ​ខ្លាំង​។

លោក Eswar Prasad អតីត​​ប្រធាន​ផ្នែក​​ចិន​​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​សង្ខេប​បញ្ហា​ប្រឈម​ ដែល​ប្រទេស G7 ប្រឈម​មុខ​ដោយ​​និយាយ​ថា​៖ «អ្នក​បង្កើត​គោល​នយោ​បាយ​របស់​ខ្លួន ត្រូវ​​ជាប់​ពាក់​ព័ន្ធ​ថា ​ការ​ដាក់​សម្ពាធ​លើ​រុស្ស៊ី ដោយ​ការ​កំណត់​ការ​ទិញ​ថាម​ពល​ធ្វើ​ឱ្យ​អតិផរណា​កាន់​តែ​អាក្រក់ និង​ប៉ះ​ពាល់ដល់​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​របស់​ពួក​គេ»។​

អ្នក​វិភាគ​នៃ​ធនាគារ Deutsche Bank បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា វិបត្តិ​សេដ្ឋកិច្ច​នៅ​អឺរ៉ុប​ទំនង​មិន​ទាន់​កើត​ឡើង​ភ្លាម​ៗ​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ លោក Carl B. Weinberg ប្រធាន​សេដ្ឋ​វិទូនៅ​ក្រុមហ៊ុន​ទីផ្សារ​មូលធន High Frequency Economics បាន​ព្រមាន​នៅ​ក្នុង​របាយការណ៍​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា តម្រូវ​ការ​អ្នក​ប្រើប្រាស់ និង​ទិន្នផល​អាច​នឹង​ធ្លាក់ចុះ ដោយ​សេដ្ឋ​កិច្ច​របស់​ប្រទេស​អាល្លឺម៉ង់ ក៏​កំពុង​ឈាន​ទៅ​រក​វិបត្តិ​សេដ្ឋកិច្ច​ផង​ដែរ​។

អ្នក​វិភាគ នៅ​ក្រុមហ៊ុន​មូលធន​ Capital Economics ​ព្យាករ​ថា​ ​អាល្លឺម៉ង់ អ៊ីតាលី និង​អង់គ្លេស ទំនង​ជា​​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច ដែល​​មាន​ន័យ​​ថា តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ដោយ​ទូទៅ ក៏​នឹង​ប្រឈម​ជាមួយ​​វិបត្តិ​នេះ​ដូចគ្នា​៕

វីដេអូ៖